(ភ្នំពេញ)៖ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាព លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេច។
ក្នុងសារលិខិតនេះ លោកអគ្គរាជទូតជប៉ុន បានលើកឡើងថា៖
«សម្តេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
ខ្ញុំមានសេចក្ដីក្រៀមក្រំជាទីបំផុតដោយបានទទួលដំណឹងថា ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ត្រូវជាបងប្រុសបង្កើត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលអនិច្ចកម្ម នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២២។
ឯកឧត្តម ហ៊ុន ណោង បានលះបង់កម្លាំងកាយចិ បញ្ញា និងស្មារតី រយះពេលដ៏វែងក្នុង ការអភិវឌ្ឍប្រទេសកម្ពុជា វីរភាពរបស់ឯកឧត្តមនឹងត្រូវបានចងចាំជានិច្ច។ ស្ថិតក្នុងវេលាដ៏សែន ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដោយសេចក្ដីអាណោះអាល័យជាទីបំផុតជាមួយ សម្តេច តេជោនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ។ ខ្ញុំសូមបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ហ៊ុន ណេង បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ពីខ្ញុំ»។
សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ សពរបស់ លោកត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោកនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕