(ភ្នំពេញ)៖ លោក អាណាតូលី បូរ៉ូវីក អគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅកម្ពុជា បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាព លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ដែលត្រូវជាបងប្រុសបង្កើតរបស់សម្តេច។
ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក អាណាតូលី បូរ៉ូវីក បានលើកឡើងថា៖
«សម្ដេចអគ្គមហាសេនាបតីតេជោ ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុត!
តាងនាមថ្នាក់ដឹកនាំ មន្ត្រីការទូត និងបុគ្គលិកនៃស្ថានទូតរុស្ស៊ីប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងនាមផ្ទាល់ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននិងក្រុមគ្រួសារ ចំពោះមរណភាព របស់ ឯកឧត្តម ហ៊ុន ណេង ជាសមាជិកអចិន្ត្រៃយ៍រដ្ឋសភា អ្នកតំណាងរាស្ត មណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
មរណភាពរបស់ ឯកឩត្តម ហ៊ុន ណេង មិនត្រឹមតែជាការបាត់បង់នូវ បងប្រុស ស្វាមី ឪពុកនិងជីតាជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ដោយសេចក្ដីអាឡោះអាល័យជាទីបំផុត នូវឥស្សរជន ជាន់ខ្ពស់មួយរូប ដែលបានចូលរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍន៍កម្ពុជា អស់រយៈពេលជាច្រើនទសវត្សកន្លងមក រហូតដល់អវសាននៃជីវិតរបស់ ឯកឧត្តម។
សូម សម្តេចអគ្គមហាសេនាបតីតេជោ និងក្រុមគ្រួសារ ទទួលនូវសេចក្តី រាប់អានដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ»។
សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។ សពរបស់ លោកត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពលោកនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕