ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកថា ទំនាក់ទំនងកម្ពុជា អាមេរិក បានឈានដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា តាមរយៈអាមេរិកបានសាងសង់ស្ថានទូតដ៏ធំ និងរឹងមាំ និងទំហំពាណិជ្ជដ៏សម្បើមរបស់អាមេរិកនៅប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទីតាំងស្ថានទូតអាមេរិក គឺជាទីតាំងល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ។ បើមិនមែនអាមេរិក សម្តេចមិនផ្តល់ឱ្យទីតាំងនៅទីនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនជ្រើសរើសចិន ប្រឆាំងអាមេរិក ឬជ្រើសអាមេរិក ប្រឆាំងចិននោះឡើយ។ សម្តេចតេជោថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក មានទំហំធំបំផុត ក្នុងនោះការនាំចេញមកអាមេរិក មានរហូតដល់ជាង ៩ពាន់លានដុល្លារអាមេរិក ហើយបច្ចុប្បន្នមានក្រុមហ៊ុនអាមេរិកជាច្រើនកំពុងតែវិនិយោគនៅក្នុងប្រទេសកម្ពុជា និងកំពុងធ្វើការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទន្ទឹមនឹងការរីកចម្រើនទំនាក់ទំនងរវាងកម្ពុជា អាមេរិក ក៏មានចំណុចល្អក់កករខ្លះផងដែរ ក្នុងនោះមានការចោទប្រកាន់កម្ពុជារឿងមូលដ្ឋានទ័ពចិននៅសមុទ្ររាម។ ត្រង់ចំណុចនេះ សម្តេចប្រកាសថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតអោយមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជាឡើយ ហើយក៏គ្មានប្រយោជន៍ ឬហេតុផលណាមួយ ដែលកម្ពុជាត្រូវធ្វើដូច្នោះដែរ៕