Alynana Media Cambodia
Icon Collap
clinic narit

លោក​ កែប ជុតិមា ​ជាប់ឆ្នោត​ជំនួស​តំណែង​លោក​ ហ៊ុន ណេង

Admin Alynana | May 12, 2022
លោក​ កែប ជុតិមា ​ជាប់ឆ្នោត​ជំនួស​តំណែង​លោក​ ហ៊ុន ណេង
Clinic narith

ភ្នំពេញៈ ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​ ៧ នីតិកាល​ទី​ ៦ បាន​សម្រេច​អនុម័ត​លើ​សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់ និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ចំនួន​ ២ និង​បាន​បោះឆ្នោត​គាំទ្រ លោក កែប ជុតិមា ជា​ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ សាធារណៈ​នៃ​រដ្ឋសភា ជំនួស​លោក​ ហ៊ុន ណេង ដែល​បានទទួល​មរណភាព​។ នេះ​បើតាម​សេចក្ដី​ប្រកាស​របស់​រដ្ឋ​សភា​។

សម័យប្រជុំ​រដ្ឋសភា លើក​ទី ​៧ នីតិកាល​ទី​ ៦ នៅ​ថ្ងៃទី​ ១១ ​ឧសភា ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដោយមាន​វត្តមាន​សមាជិក​សមាជិកា​រដ្ឋសភា ចំនួន​ ១០៦ ​រូប​។ លោក ហេង សំរិន បាន​អាន​នូវ​សេចក្តីប្រកាស​របស់​រដ្ឋ​សភា​ដែល​បានទទួល​ស្គាល់​សុពលភាព​នៃ​អាណត្តិ​របស់ លោក ស្លេះ ពុនយ៉ាមីន ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​ជំនួស​លោក ហ៊ុន ណេង​។

ជាមួយ​គ្នានេះ​អង្គសភា​បាន​បោះឆ្នោត​ជ្រើសតាំង លោក កែប ជុតិមា ជា​សមាជិក​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ​ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា និង លោក ខឹម ច័ន្ទគិរី ជា​សមាជិក​គណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគ​រូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា​ដោយ​ទទួលបាន​សំឡេង​គាំទ្រ​ចំនួន ១០៦ លើ​ ១០៦ ​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​។

បន្ទាប់មក​លោក កែប ជុតិមា ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា​។ ចំណែក​លោក ពេជ្រ គឹមស្រ៊ាង ត្រូវបាន​ជាប់ឆ្នោត ជា​អនុប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណ៍យ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា​។

ជាមួយ​គ្នានេះ រដ្ឋសភា​ក៏បាន​បោះឆ្នោត អនុម័ត​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​មាត្រា​ ១៤០ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់​គង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផងដែរ​។

 

លោក ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី និង​សហការី​ជា​តំណាង​រាជរដ្ឋាភិបាល​ជា​អ្នក​ចូលទៅ​ការពារ​សេចក្តី​ព្រាងច្បាប់​នេះ​។

សមាជិក​រដ្ឋសភា​ដែល​ឡើង​មានមតិ ក្នុង​កិច្ចពិភាក្សា​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ​មាន​ចំនួន ៣ រូប​គឺ លោក ហ៊ុន ម៉ានី លោក ឈាង វុន និង លោក សួស យ៉ារ៉ា​។ នៅ​ទីបំផុត អង្គសភា​បានអនុម័ត​យល់ព្រម​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំងមូល ដោយមាន​សំឡេងគាំទ្រ ១០៦ លើ​ ១០៦​ សំឡេង​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​។

លោក ស ខេង បាន​ថ្លែងថា សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​ ១៤០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើង​ដើម្បី​ឆ្លើយតប​បរិបទ​ជាក់ស្តែង​នៃ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច សង្គម និង​ស្រប​ពេលដែល​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ត្រូវបាន​ពង្រឹង​ និង​ពង្រីក​កាន់តែ​ស៊ីជម្រៅ ពិសេស​ការផ្ទេរ​សិទ្ធិអំណាច មុខងារ និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដូច​បានកំណត់​ក្នុង​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (២០២១-២០៣០)​។

ចំណែក​សេចក្តី​ព្រាងច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយយោង​ទៅលើ​និន្នាការ​សកលលោក​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​ឧត្តមានុវត្តន៍​ជា​អន្តរជាតិ នៃ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ទៅក្នុង​តំបន់ និង​សកលោក​ក៏ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​អនុម័ត​ជា​ឯកច្ឆន្ទ​ផងដែរ​។ តាមរយៈ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​កំណត់​នូវ​គោលការណ៍​ជា​មូលដ្ឋាន ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​ម្ហូបអាហារ​មាន​សុវត្ថិភាព និង​ស្របតាម​ស្តង់ដា​កំណត់ សំដៅ​ធានា​កម្រិត​ការពារ​អាយុជីវិត និង​សុខភាព​ប្រជាពលរដ្ឋ ធានា​ប្រសិទ្ធភាព​នៃ​ការការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​៕
For Web LNN-96