Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe
TopContent KW SAM SN

គជប គ្រោង​ធ្វើតេស្ដ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​អ្នកបោះឆ្នោត​លុប​មិន​ជ្រះ​នៅ​ថ្ងៃស្អែក

Admin Alynana | May 12, 2022
គជប គ្រោង​ធ្វើតេស្ដ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​អ្នកបោះឆ្នោត​លុប​មិន​ជ្រះ​នៅ​ថ្ងៃស្អែក
TopContent KW SAM SN Middle

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ.ជ.ប​) ​គ្រោង​ធ្វើតេស្ត​ទឹកខ្មៅ​លុប​មិន​ជ្រះ​នៅ​ចំពោះមុខ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​ ១៣ ខែឧសភា ស្អែក​​នេះ សម្រាប់​បម្រើ​ដល់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា​ឆ្នាំនេះ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប ពីថ្ងៃ​ទី ​១០ ខែ​​ឧសភា​ឱ្យដឹងថា គជប​ នឹង​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ការធ្វើតេស្ត​ទឹកខ្មៅ​លុប​មិន​ជ្រះ​នៅ ថ្ងៃទី​ ១៣ ខែឧសភា ឆ្នាំ​ ២០២២ ក្រោម​អធិបតីភាព លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និង​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​។

លោក​ សោម សូរីដា អ្នក​នាំពាក្យ​ គ.ជ.ប ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១១ ខែឧសភាថា មិន​ខុសពី​អាណត្តិ​មុនៗ​ទេ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​ ៥ នេះ គ.ជ.ប នៅ​បន្ត​តេស្ត និង​ការប្រើប្រាស់​ទឹកខ្មៅ​លុប​មិន​ជ្រះ​របស់​ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD របស់​ប្រទេស​ឥណ្ឌា​។

លោក​បន្តថា ក្រុមហ៊ុន​នេះ មាន​ឯកទេស​ផលិត​ទឹកខ្មៅ​លុប​-​លាង​មិន​ជ្រះ​ដែល​ត្រូវបាន​ផ្គត់ផ្គង់​ជូន​ដល់ គ.ជ.ប នៅ​រៀងរាល់​ការបោះឆ្នោត​ និង​ធានាបាន​នូវ​គុណភាព​ខ្ពស់​។ ជាមួយ​គ្នានេះ មាន​ប្រទេស​ជាង​ ៣០ នៅ​​លើ​ពិភពលោក​ដែល​បាន​ប្រើប្រាស់​ទឹកខ្មៅ​របស់​ក្រុមហ៊ុន​ឥណ្ឌា​នេះ ក្នុងនោះ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន កម្ពុជា ម៉ាឡេស៊ី​ និង​សិង្ហបុរី​។ ​រីឯ​នៅ​អាហ្វ្រិក​​ខាងត្បូង​មាន​នីហ្សេរីយ៉ា និង​អាហ្វហ្គានិស្ថាន​ជាដើម​។

លោក​ថ្លែងថា​៖ «​ពាក់ព័ន្ធ​ទៅនឹង​ទឹកខ្មៅ​លុប​មិន​ជ្រះ​នេះ គឺ​ គ.ជ.ប បាន​ពិនិត្យ​សាកល្បង​គុណភាព​ជាមុន​ពី​ក្រុមហ៊ុន ក្នុង​ ៤​ កម្រិត ទី​ ១-​ កម្រិត​សូលុយស្យុង​ប្រាក់​នីត្រាត​ ២០ ​ភាគរយ ទី​ ២-​ កម្រិត​សូលុយស្យុង​ប្រាក់​នីត្រាត ១៨​ ភាគរយ ទី​ ៣- កម្រិត​សូលុយស្យុង ប្រាក់​នីត្រាត​ ១៥ ​ភាគរយ​ និង​ទី​ ៤- ​កម្រិត​សូលុយស្យុង ប្រាក់​នីត្រាត​ ១០ ​ភាគរយ​»​។

 

បើតាម​លោក សោម សូរីដា ក្រោយពី​មន្ត្រី​ជំនាញ គ.ជ.ប ធ្វើតេស្ត​ទឹកខ្មៅ​ ៤ ​កម្រិត​នេះ​ឃើញថា ទឹកខ្មៅ​លុប​មិន​ជ្រះ​មាន​សូលីស្យុង​ប្រាក់​នីត្រាត ​២០ ​ភាគរយ មាន​គុណភាព​ល្អ ប្រហាក់ប្រហែល​ទឹកខ្មៅ​លុប​មិន​ជ្រះ ដែល​ គ.ជ.ប ធ្លាប់បាន​ប្រើ​ពីមុនមក​ដែរ​។

លោក​ សោម សូរីដា បានឱ្យដឹងថា គ.ជ.ប បាន​បញ្ជា​ទិញ​ទឹកខ្មៅ​នេះ​ពី​ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD របស់​ឥណ្ឌា​ចំនួន​ជាង​ ៥០ ​ម៉ឺន​ដប​ដោយ​ចំណាយ​ថវិកា​ប្រហែល​ ១ ​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រើ​តាម​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ដោយ​ក្នុង​ ១ ​ការិយាល័យ​ប្រើ​ ២​ ដប​ និង​ក្រៅពីនោះ​រក្សាទុក​បម្រុង​នៅ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​រាជធានី​ខេត្ត​ និង​នៅ​ គ.ជ.ប ។

លោក​ សំ សុគន្ធាមី ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នីកហ្វិក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​​ទី​ ១១ ខែឧសភា​ដែរ​ថា លោក មិនទាន់​ហ៊ាន​វាយតម្លៃថា​ទឹកខ្មៅ​នេះ មាន​គុណភាព​កម្រិតណា​នៅឡើយ​ទេ ដោយ​រង់ចាំ​ គ.ជ.ប ធ្វើតេស្ត​រួចរាល់​សិន បើទោះបី​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ឥណ្ឌា​ដែល​ធ្លាប់ប្រើ​ពីមុន​ក្ដី​។

លោក​ថ្លែងថា​៖ «​ចាំមើល​គេ​ធ្វើតេស្ត​សិន វា​លាង​ជ្រះ​អត់ បើ​លាង​ទៅ​វា​ជ្រះ វា​អត់​គុណភាព ប៉ុន្តែ​ជាទូទៅ​វា​លាង​អត់​ជ្រះ​ទេ លុះត្រាតែ​ប៉ុន្មាន​ថ្ងៃក្រោយ​បាន​លាង​ជ្រះ​»​។

លោក​ ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ខែ ឧសភា ថា គណបក្ស​លោក​គាំទ្រ​ឱ្យប្រើប្រាស់​ទឹកខ្មៅ​ណា​ដែល​លាង​មិន​ជ្រះ បន្ទាប់ពី​បោះឆ្នោត​រួច ​១ ​ថ្ងៃ​។ ប៉ុន្តែ​បើ​ប្រើ​ទឹកខ្មៅ​លាង​ឆាប់​ជ្រះ​លឿន​ពេក​គឺ​វា​ជា​គ្រោះថ្នាក់​មួយ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវការ​ក្រុមហ៊ុន​ណា​ដែល​ផលិត​ទឹក​ថ្នាំ​ខ្មៅ​ហ្នឹង​ដែល​មិនអាច​លាង​ជ្រះ​លឿន និង​ទុកចិត្តបាន​។

យើង​គាំទ្រ ហើយ​ទឹក​ថ្នាំ​ខ្មៅ​កន្លងមក​ដែល​យើង​ធ្លាប់មាន​បទពិសោធ​យក​មកពី​ឥណ្ឌា​​អាច​ទទួល​យកបាន​»​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ខែឧសភា​ផងដែរ​ថា គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ជំនឿ​ទាំងស្រុង​លើ​ស្ថាប័ន​ គ.ជ.ប ដែល​​មាន​បទពិសោធ​ក្នុងការ​នាំចូល​ទឹក​ថ្នាំ​ខ្មៅ​លុប​មិន​ជ្រះ​នេះ​ពី​ប្រទេស​ឥណ្ឌា​សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​នៅពេល​ខាងមុខ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា គុណភាព​កម្រិតណា​នោះ គ.ជ.ប គាត់​ដឹង​ច្បាស់ ព្រោះ​គាត់​មាន​បទពិសោធ​ហើយ ​អ៊ីចឹង​! នៅពេល​ដែល​យកមក​ប្រើប្រាស់​វា​មាន​ប្រសិទ្ធភាព​ហើយ អត់​មាន​បញ្ហា​អី​គួរឱ្យ​សង្ស័យ​ទេ​»​។

ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នេះដែរ តាម​របាយការណ៍​បណ្ដោះអាសន្ន​ពី​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​ (​គឃ.សប​) ​ការចែក​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​នៅតាម​ភូមិ ក្នុង​ឃុំ សង្កាត់​ទូទាំង​ប្រទេស​រយៈពេល ​២៣​ ថ្ងៃ​គិត​ត្រឹម​ថ្ងៃទី​ ៩ ខែឧសភា ឆ្នាំ​ ២០២២ សម្រេចបាន​ ៧ ៦៩៨ ០២៧ ​សន្លឹក​ស្មើនឹង ៨៣,៦២ ភាគរយ​។

តាម​ប្រតិទិន​របស់​ (​គ.ជ.ប)​ ការចែក​បណ្ណ​ព័ត៌មាន​នេះ មាន​រយៈពេល​ ៣០ ​ថ្ងៃ​ពីថ្ងៃ​ទី​ ១៧​ ខែមេសា ដល់​ថ្ងៃទី​ ១៦ ឧសភា ឆ្នាំ​ ២០២២ រីឯ​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​ដែល​នៅសល់​ត្រូវ​រក្សាទុក​នៅ គឃ.សប ដើម្បី​បន្ត​ចែក​រហូតដល់​ថ្ងៃទី​ ៣ ខែមិថុនា ឆ្នាំ​ ២០២២៕