Alynana Media Cambodia
Icon Collap
clinic narit

កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​​ប្រមូល​ផ្ដុំ​នាវា​ចម្បាំង​នៅ​ប្រទេស​ជប៉ុន​ ដើម្បី​តាម​ប្រមាញ់​នាវា​មុជ​ទឹក​របស់​ចិន​

Admin Alynana | May 12, 2022
កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​​ប្រមូល​ផ្ដុំ​នាវា​ចម្បាំង​នៅ​ប្រទេស​ជប៉ុន​ ដើម្បី​តាម​ប្រមាញ់​នាវា​មុជ​ទឹក​របស់​ចិន​
Clinic narith

 

នៅ​មាត់​សមុទ្រ​នៃ​រដ្ឋធានី​របស់​ប្រទេស​ជប៉ុន ៖ ​ថ្មីៗ​នេះ​ កង​ទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​បាន​ទម្លាក់​តម្រុយ​​​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

កាល​ពី​ខែ​មីនា​ នាវា​ចម្បាំង​នៃ​កងទ័ព​ជើងទឹក​អាមេរិក និង​កង​កម្លាំង​ស្វ័យ​ការពារ​ដែន​សមុទ្រ​បាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ Torpedo (​គ្រាប់​ពន្លិច​​នាវា​មុជ​ទឹក) នៅ​ក្នុង​ឈូង​សមុទ្រ​តូក្យូ​ជា​លើក​ដំបូង​។ នៅ​លើ​អាកាស​ឧទ្ធម្ភាគចក្រ​ MH-60R បាន​ធ្វើ​ការ​ហាត់​សម​បាញ់​គ្រាប់​ Torpedo នៅ​ក្នុង​ដែន​​ទឹក​ជប៉ុន​តាម​ក្បួន​វាយ​ប្រហារ​លើ​នាវា​មុជ​ទឹក​។ ការ​សមយុទ្ធ​បែប​នេះ​មុនៗ​ គឺ​ធ្វើ​ឡើង​នៅ​ដែន​ទឹក​នៃ​រដ្ឋ​កាលីហ័្វរនីញ៉ា​របស់​សហរដ្ឋអាមេរិក​ ហើយ​មិន​ដែល​កើត​ឡើង​​នៅ​ដែន​ទឹក​ជប៉ុន​ទេ។

ការ​សមយុទ្ធ​នេះ​ ក៏​បាន​ធ្វើ​ឡើង​​ខណៈ​ពេល​ដែល​កង​ទ័ព​ជើង​ទឹក​អាមេរិក​ស្ងាត់ៗ​កំពុង​ធ្វើ​ការ​ផ្លាស់ប្ដូរ​សមាសធាតុ​នាវា​ចម្បាំង​របស់​ខ្លួន​ដែល​ដាក់​ពង្រាយ​នៅ​ប្រទេស​ជប៉ុន ​ដោយ​នាំ​យក​នាវា​ថ្មីៗ​ទំនើបៗ​ និង​មាន​សមត្ថភាព​កាន់​តែ​​ច្រើន ​ឱ្យ​ខិត​មក​ជិត​ច្រក​សមុទ្រ​តៃវ៉ាន់។ នេះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្ដូរ​អាទិភាព​នៃ​បេសកកម្ម​សកល​របស់​ពួក​គេ​។

ចាប់​តាំង​ពី​កណ្ដាល​ឆ្នាំ​មុន​មក​ នាវា​​ចម្បាំង​ប្រភេទ​ Arleigh Burke ​ចំនួន ៥​ គ្រឿង ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មូលដ្ឋាន​ជើង​ទឹក​យូកូស៊ូកា​ ដែល​ជា​មូលដ្ឋាន​កងទ័ព​​ជើង​ទឹក​ធំ​បំផុត​របស់​អាមេរិក​នៅ​ទឹកដី​បរទេស​។ នាវា​ទាំង ៥ នេះ​ ជំនួស​នាវា​ចាស់ៗ​ដូចជា​ USS John S. McCain និង​ USS Curtis Wilbur ដែល​ដាក់​ពង្រាយ​​ជា​ប្រចាំ​នៅ​ជប៉ុន​អស់​រយៈពេល​ ២៥ ឆ្នាំ​ចុង​ក្រោយ​នេះ​។

ខណៈ​ពេល​ដែល​នាវា​ចាស់​ទាំង​​នេះ​ គឺ​មាន​សមត្ថភាព​ផ្ដោត​លើ​ការ​បាញ់​ទម្លាក់​មីស៊ីល​អន្តរទ្វីប​ (ICBM) ជា​ពិសេស​បាញ់​មកពី​​កូរ៉េ​ខាង​ជើង​ នាវា​ថ្មីៗ​ដែល​ទៅ​ជំនួស​ពួក​គេ​ គឺ​មាន​សមត្ថភាព​ពហុ​មុខងារ​។ ពួក​គេ​អាច​ចូលរួម​​ក្នុង​ការ​ការពារ​ដែន​អាកាស​ពី​យន្តហោះ​ចម្បាំង​ តាម​ដាន​ និង​ពន្លិច​​នាវា​មុជ​ទឹក​ និង​ការពារ​ខ្លួន​ឯង​ពី​មីស៊ីល​ប្រឆាំង​នាវា​ ខណៈ​ពេល​ដែល​នៅ​រក្សា​សមត្ថភាព​បាញ់​ទម្លាក់​មីស៊ីល ICBM។

 

នាវា​ចម្បាំង​ថ្មី​ចំនួន​ ៤ គ្រឿង គឺ​​ជា​ជំនាន់​ Flight IIA ដែល​មាន​បំពាក់​កន្លែង​ស្តុក និង​ចុះ​ចត​ឧទ្ធម្ភាគចក្រ​ MH-60R ដែល​ជា​​ប្រភេទ​ឧទ្ធម្ភាគចក្រ​ចូលរួម​ការ​សមយុទ្ធ​ខាង​លើ​នេះ​។ ឧទ្ធម្ភាគចក្រ​ប្រភេទ​នេះ​អាច​បំពាក់​ដោយ​ ប្រព័ន្ធ​រ៉ាដា ប៉ោល​តាមដាន​នាវា​មុជ​ទឹក​ គ្រាប់ Torpedo មីស៊ីល​ប្រឆាំង​នាវា ធ្វើ​ឱ្យ​វា​មាន​សមត្ថភាព​ស្វែងរក​តាមដាន​ និង​បាញ់​ប្រហារ​នាវា​ស្ទើរ​តែ​គ្រប់​ប្រភេទ​។ គេ​ចាត់​ទុក​វា​ថា ​ជា​អាវុធ​ចម្បង​របស់​កងទ័ព​​​​ជើង​ទឹក​អាមេរិក​ក្នុង​សង្គ្រាម​ប្រឆាំង​​នាវា​មុជ​ទឹក​ ហើយ​ត្រូវ​បាន​​គេ​រំពឹង​​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រតិបត្តិការ​ប្រឆាំង​ប្រទេស​ចិន និង​រុស្ស៊ី។

នៅ​ក្នុង​សមយុទ្ធ​ឈូង​សមុទ្រ​​​តូក្យូ​ឧទ្ធម្ភាគចក្រ​ MH-60R បាន​ចេញ​ពី​មូលដ្ឋាន​ដី​គោក​​ក្នុង​ជប៉ុន​ ប៉ុន្តែ​ការ​មាន​មូលដ្ឋាន​នៅ​លើ​នាវា​​ចម្បាំង​ប្រភេទ​នេះ​នឹង​ផ្ដល់​សមត្ថភាព​ហោះ​កាន់​តែ​ឆ្ងាយ​។

ក្នុង​ចំណោម​នាវា​ថ្មី​នៅ​យូកូស៊ូកា​នាវា​ USS Howard USS Dewey USS Ralph Johnson និង​ USS Rafael Peralta គឺ​ជា​នាវា​ជំនាន់​ Flight IIA។ នាវា​ទាំង​នេះ​មាន​កន្លែង​ស្តុក​ និង​ចុះចត​ឧទ្ធម្ភាគចក្រ​ចំនួន​ ២​ រួម​មាន​កន្លែង​ឃ្លាំង​ឧបករណ៍​ រោង​ជាង ​ឃ្លាំង​អាវុធ​ និង​កន្លែង​ស្នាក់នៅ​បន្ថែម​សម្រាប់​ក្រុម​ឧទ្ធម្ភាគចក្រ​។

នាវា​ USS Higgins គឺ​នាវា​ថ្មី​​តែ​មួយ​គត់​ដែល​មិន​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​បាន​ ប៉ុន្តែ​មាន​ប្រដាប់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ Baseline 9 Aegis ដែល​អាច​មាន​សមត្ថភាព​បាញ់​ទម្លាក់​មីស៊ីល​អន្តរ​ទ្វីប​កាន់​តែ​លឿន។

សរុប​មក​អាមេរិក​បាន​បញ្ជូន​នាវា​ចម្បាំង​ចំនួន​ ១៣ គ្រឿង ​ទៅ​កាន់​មូលដ្ឋាន​យូកូស៊ូកា ដែល​រួមមាន​នាវា​ដឹក​យន្តហោះ​ USS Ronald Reagan​។ ចេញ​ពី​យូកូស៊ូកា​ នាវា​ទាំង​នេះ​ត្រូវ​ការ​ពេល​ត្រឹមតែ​ ១ ​ថ្ងៃ​កន្លះ​ប៉ុណ្ណោះ​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ច្រក​សមុទ្រ​តៃវ៉ាន់។ នេះ​គឺ​ឆាប់​ជាង​ការ​ធ្វើ​ដំណើរ​ពី​កោះ​ហ្គាំ (១,៩ ថ្ងៃ) ហាវ៉ៃ (៥,៩ ថ្ងៃ) និង​មូលដ្ឋាន​ឆ្នេរ​ខាង​លិច​សហរដ្ឋអាមេរិក (ជាង​ ១ ​សប្ដាហ៍)។

ក្នុង​ប្រវត្តិសាស្ត្រ​ទំនាក់ទំនង​ជប៉ុន-អាមេរិក​ ការ​បង្កើន​វត្តមាន​នៃ​កងទ័ព​ជើង​ទឹក​អាមេរិក​ គឺ​តែងតែ​ប្រឈម​នឹង​ការ​កើន​ឡើង​ភាព​តានតឹង​។ ជា​ឧទាហរណ៍​នៅ​ពេល​ដែល​នាវា​ដឹក​យន្តហោះ​ USS George Washington បាន​ធ្វើ​ដំណើរ​ទៅ​ដល់​យូកូស៊ូកា​ក្នុង​នាម​ជា​នាវា​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ដំបូង​ដែល​បាន​ដាក់​ពង្រាយ​ទៅ​ទីនោះ​ នាវា​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុម​បាតុករ​ជប៉ុន​ជា​ច្រើន​នាក់​។

ប៉ុន្តែ​ដោយសារ​ភាព​តានតឹង​ថ្មី​នេះ​ជា​មួយ​ប្រទេស​ក្នុង​តំបន់​បាន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​មតិ​សាធារណជន​ជប៉ុន​។ ការ​ស្ទង់​មតិ​ដោយ​កាសែត Nikkei Asia បាន​បង្ហាញ​ថា ​អ្នក​ឆ្លើយ​សំណួរ​ជាង​ ៧៤ ភាគរយ ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ចូលរួម​របស់​ជប៉ុន​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​កោះ​តៃវ៉ាន់​ ខណៈ​ពេល​ដែល​ត្រឹម​តែ​ ១៣ ភាគរយ​ប៉ុណ្ណោះ​បាន​បង្ហាញ​ការ​ប្រឆាំង​៕
0x0000_1kb3hq_0