Alynana Media Cambodia
Icon Collap
clinic narit

អាស៊ាន-អាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងឱ្យក្លាយជាទំនាក់ទំនងពិសេស ដែលមិនអាចខ្វះគ្នាបាន

Admin Alynana | May 14, 2022
អាស៊ាន-អាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងឱ្យក្លាយជាទំនាក់ទំនងពិសេស ដែលមិនអាចខ្វះគ្នាបាន
Clinic narith

(វ៉ាស៊ីនតោន, អាមេរិក)៖ ដូចអ្វីដែលបានគ្រោងទុកនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មេដឹកនាំកំពូលអាស៊ាន និងអាមេរិក ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន និងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានបើកកិច្ចប្រជុំកំពូលពិសេស ដើម្បីជជែកលើពីការពង្រឹងទំនាក់ទំនង និងដាក់ចេញនូវកិច្ចសហប្រតិបត្តិការនានាពង្រឹងនូវទំនាក់ទំនងអាស៊ាន-អាមេរិក ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។

កិច្ចប្រជុំកំពូលពិសេសត្រូវបានប្រារព្វធ្វើឡើងនៅទីស្តីការក្រសួងការបរទេសអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយបានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។

មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងកសាងទំនាក់ទំនងយូរអង្វែងរវាងអាមេរិក និងអាស៊ាន ដែលជាទំនាក់ទំនងមិនអាចខ្វះបានឱ្យកាន់តែទូលំទូលាយថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពង្រឹង និងកសាងតំបន់ និងសហគមន៍អន្តរជាតិទូលំទូលាយ ដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងដើម្បីធានាថា ទំនាក់ទំនងនេះ នៅតែអាចសម្រេចតាមគោលការណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ នឹងចូលរួមសហការយ៉ាងសមស្របក្នុងវេទិកាអន្តរជាតិ និងតំបន់ ដែលមានប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកជាសមាជិក។

ស្របពេលនៃការប្រារព្ធខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកនៅឆ្នាំ២០២២នេះ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានប្ដេជ្ញារួមគ្នាពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបង្កើតភាពជាយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក និងបង្កើតសករាជថ្មីមួយ នៅក្នុងទំនាក់ទំនងអាស៊ាន និងសហរដ្ឋអាមេរិក។

ជាមួយគ្នានេះមេដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ក៏បានប្តេជ្ញារួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជាសះស្បើយរួមគ្នា រួមទាំងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញ ពីវិបត្តិជំងឺរាតត្បាតនៅតំបន់អាស៊ាន ការពង្រឹងសមត្ថភាពសុខភាពក្នុងតំបន់ និងថ្នាក់ជាតិ រួមទាំងតាមរយៈគំនិតផ្ដួចផ្ដើមសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក និងប្ដេជ្ញាផ្ដល់ហិរញ្ញប្បទានសកលកាន់តែខ្លាំង និងប្រកបដោយនិរន្តភាព សម្រាប់ការបង្ការជំងឺរាតត្បាត ការត្រៀមលក្ខណៈ និងការឆ្លើយតបការលើកទឹកចិត្តដល់វិនិយោគ ក្នុងឧស្សាហកម្មឱសថ និងការបណ្ដាក់ទុនរួមគ្នា ព្រមទាំងការវិនិយោគ ក្នុងការពង្រឹងប្រព័ន្ធសុខភាព ឱ្យបានរឹងមាំថែមទៀត តាមរយៈការគ្របដណ្ដប់សុខភាពសកល (Universal Health Converage) ជាពិសេសថែមទាំងសុខភាពបឋម និងកម្លាំងការងារសុខាភិបាល ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិសុខសុខភាព។

ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ មេដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក បានប្តេជ្ញារួមគ្នាធ្វើការ ដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលនឹងជំរុញការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់និរន្តរភាព ហើយធន់នឹងអាកាសធាតុ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងនិរន្តភាព។ លើកកម្ពស់កិច្ចសហការតាមសមុទ្រ មេដឹកនាំទាំងអស់ បានយល់ព្រមជំរុញកិច្ចសហការដែនសមុទ្រតាមរយៈយន្តការដឹកនាំដោយអាស៊ាន។ ដោយមានគម្រោងបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធ រួមទាំងភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រ ដើម្បីសហការគ្នាកែលម្អការយល់ដឹង អំពីផ្នែក លំហសមុទ្រ និងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការត្រួតពិនិត្យ តាមរយៈការចែករំលែកព័ត៌មាន ឧត្ដម្មានុវត្ត និងជំនាញដែលនឹងបំពេញបន្ថែម និងមិនត្រួតយន្តការដែលមានស្រាប់។

ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក បានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារស្តារ និងគ្រប់គ្រងបរិស្ថានសមុទ្រប្រកបដោយនិរន្តរភាព។ លើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មេដឹកនាំអាស៊ាន-អាមេរិក បានសន្យារួមគ្នាក្នុងការវិនិយោគលើការអភិវឌ្ឍមូលធនមនុស្ស ការផ្តល់សិទ្ធអំណាចដល់យុវជន និងក្រុមងាយរងគ្រោះ និងការពង្រឹងទំនាក់ ទំនង រវាងប្រជាជននិងប្រជាជន រួមទាំងការគាំទ្រផ្នែកភាសាអង់គ្លេស ជំនាញឌីជីថល ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងការបណ្តុះបណ្តាលគណិតវិទ្យា (DTEM) ក្នុងតំបន់។

លើការគាំទ្រការអភិវឌ្ឍ អនុតំបន់ មេដឹកនាំទាំងអស់ បានបន្តគាំទ្រមជ្ឍភាពអាស៊ាន និងឯកភាពអាស៊ាន ក្នុងការ លើកកម្ពស់ការអភិវឌ្ឍអនុតំបន់របស់អាស៊ាន។ ពិសេសការប្ដេជ្ញាបន្ថែមទៀត ក្នុងការលើកកម្ពស់ស្ថិរភាពសន្តិភាព និងវិបុលភាព និងការអភិវឌ្ឍប្រកបដោយចិរភាព នៅក្នុងអនុតំបន់មេគង្គ តាមរយៈគំនិតផ្តួចផ្តើមក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក។

ការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់នវានុវត្តន៍ មេដឹកនាំអាស៊ាន-អាមេរិក បានជំរុញឲ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យជីវបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ កសិកម្មដែលធន់នឹងអាកាសធាតុ វិទ្យាសាស្ត្រចំណីអាហារ ឧតុនិយម មីក្រូអេឡិចត្រូនិក វិទ្យាសាស្ដ្រសមុទ្រ ថាមពលនិងលំហ។

លើការដោះស្រាយការប្រែប្រួលអាកាសធាតុ មេដឹកនាំអាស៊ាន-អាមេរិក បានធ្វើការគូសបញ្ជាក់ដូចគ្នា ក្នុងការពង្រឹង ភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពរបស់អាស៊ាន ក្នុងការពង្រឹងភាពធន់ នឹងគ្រោះមហន្តរាយ និងការសម្របខ្លួន ទៅនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងនូវកម្រិតទឹកសមុទ្រ ទឹកជំនន់ញឹកញាប់ជាងមុន គ្រោះរាំងស្ងួត និងព្រឹត្តិការណ៍ អាកាសធាតុធ្ងន់ធ្ងរដទៃទៀត ការកើនឡើងនូវហានិភ័យ នៃអសន្តិសុខ ទឹក ថាមពល និងអាហារ និងព្យុះបំផ្លិចបំផ្លាញកាន់តែច្រើនឡើងៗ។

លើការរក្សាសន្តិភាព ការកសាងទំនុកចិត្ត មេដឹកនាំអាស៊ាន-អាមេរិក បានបញ្ជាក់ជាថ្មីនូវទំនួលខុសត្រូវរបស់ភាគីទាំង អស់ ក្នុងការប្រកាន់ខ្ជាប់ នូវគោលការណ៍គោរពគ្នាទៅវិញទៅមក ចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធស្មើគ្នា នៃប្រជាជាតិទាំងអស់។

មេដឹកនាំទាំងអស់ ក៏បានរំពឹងឡើងវិញ នូវការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ឬយុទ្ធសន្តិភាព នឹងការបន្តកិច្ច សន្ទនានយោបាយ ដែលនឹងនាំទៅរកសន្តិភាពប្រកបដោយ និរន្តភាព នៅប្រទេសអ៊ុយក្រែន។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា អាស៊ានពិតជាសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការ ដែលសហរដ្ឋអាមេរិកបានធ្វើសម្រាប់តំបន់ ហើយក្នុងនាមសម្តេចផ្ទាល់សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន ចំពោះលោកប្រធានាធិបតី និងប្រជាជនអាមេរិក ដែលគាំទ្រដល់បេក្ខភាពជាប្រធានអាស៊ាន របស់កម្ពុជានៅក្នុងឆ្នាំ២០២២នេះ។

 

ជាមួយនិងសន្ទុះដែលបាននិងកំពុងវិវឌ្ឍយ៉ាងលឿន នៃការឈានឆ្ពោះទៅរកប្រយោជន៍រួមតែមួយ សម្តេចតេជោ បានអញ្ជើញប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែវិច្ឆិកា ខាងមុខ៕
fn-2022-05-14-06-45-01-0fn-2022-05-14-06-45-01-1fn-2022-05-14-06-45-02-7fn-2022-05-14-06-45-02-8fn-2022-05-14-06-45-01-2fn-2022-05-14-06-45-01-3fn-2022-05-14-06-45-02-9fn-2022-05-14-06-45-01-4fn-2022-05-14-06-45-02-6fn-2022-05-14-06-45-02-5fn-2022-05-14-06-47-31-0fn-2022-05-14-06-47-36-3