យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន China Eastern បានធ្លាក់ដាំក្បាលចុះភ្លាមៗ នៅតំបន់ភ្នំ Guangxi កាលពីថ្ងៃទី ២១ ខែមីនា។
កាសែត Wall Street Journal បានដកស្រង់ការវាយតម្លៃបឋមរបស់មន្ត្រីអាមេរិក ដែលបានវិភាគប្រអប់ខ្មៅទាំងពីរនៅមន្ទីរពិសោធន៍រដ្ឋាភិបាលក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។ ពួកគេលើកឡើងថា មានមនុស្ស ចូលទៅក្នុងកន្លែងសុវត្ថិភាពបំផុតរបស់យន្តហោះ។
ប្រភពបានប្រាប់កាសែតអាមេរិកថា “យន្តហោះបានធ្វើតាមបញ្ជារបស់មនុស្ស នៅក្នុងកាប៊ីនយន្តហោះ”។ បុគ្គលិកកំពុងត្រូវបានគេស៊ើបអង្កេតជាបន្ត បន្ទាប់ពីការស៊ើបអង្កេតមួយ មិនបានរកឃើញបញ្ហាខុសបច្ចេកទេសណាមួយនោះទេ ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះ។
គួររម្លឹកថា ខណៈពេលធ្វើដំណើរពីទីក្រុង គុនមីង ទៅក្វាងចូវ, យន្តហោះ Boeing 737-800 បានធ្លាក់ ដោយសម្លាប់អ្នកដំណើរចំនួន១២៣នាក់ និងសមាជិកអាកាសយានិក៩នាក់ នៅក្នុងគ្រោះមហន្តរាយអាកាសចរណ៍ដ៏សាហាវបំផុតរបស់ចិនដីគោកនារយៈពេល២៨ឆ្នាំមកនេះ។
ហេតុការណ៍នេះ ក៏បានជំរុញឲ្យក្រុមហ៊ុន China Eastern ផ្អាកការហោះហើរយន្តហោះ Boeing 737-800 របស់ខ្លួនទាំងអស់ផងដែរ៕