Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe
TopContent KW SAM SN

ថវិកា $១៥០ ​លាន​ ​រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ ដើម្បី​ស្តារ និង​ជំរុញ​កំណើន​​វិស័យ​ទេសចរណ៍

Admin Alynana | May 18, 2022
ថវិកា $១៥០ ​លាន​ ​រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ ដើម្បី​ស្តារ និង​ជំរុញ​កំណើន​​វិស័យ​ទេសចរណ៍
TopContent KW SAM SN Middle

ភ្នំពេញៈ គម្រោង​សហហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ ដែលមាន​ទំហំ​ទឹកប្រាក់ ១៥០ ​លាន​ដុល្លារ តាមរយៈ​ធនាគារ SME និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយចំនួន​ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យអនុវត្ត​ពីថ្ងៃ​ទី​ ១៧ ខែឧសភា តទៅ​។

ថវិកា​នៅក្នុង​គម្រោង​នេះ គឺជា​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល ៧៥ ​លាន​ដុល្លារ តាមរយៈ​ធនាគារ SME និង​ថវិកា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងៗ​ចំនួន ៧៥ ​លាន​ដុល្លារ​។ លក្ខណពិសេស​របស់​គម្រោង​នេះ​រួមមាន អត្រា​ការប្រាក់​អតិបរមា ៦,៥ ​ភាគរយ​ក្នុង​​ ១ ​ឆ្នាំ​, ការសង​ត្រឡប់​ឥណទាន​សម្រាប់​រយៈពេល​អនុគ្រោះ ១២ ​ខែ​, រយៈពេល​ឥណទាន​កំណត់​រហូត​ទៅដល់​ ៧​ ឆ្នាំ​, ទំហំ​ទឹកប្រាក់​កម្ចី​បាន​ដល់ ៤០ ​ម៉ឺន​ដុល្លារ​, ការផ្តល់​នឹង​ផ្តោតលើ​អាជីវកម្ម​ផ្សេងៗ​ទាក់ទង​វិស័យ​ទេសចរណ៍​, ហើយ​ការផ្តល់​អាចជា​លុយ​រៀល ឬ​ដុល្លារ​អាមេរិក​។ អាជីវកម្ម​គោលដៅ មាន ៤ គឺ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ការផ្គត់ផ្គង់​ផលិតផល និង​សេវាកម្ម​ដទៃទៀត ដែល​គាំទ្រ​វិស័យ​ទេសចរណ៍​។

គម្រោង​សហ​ហិរញ្ញប្បទាន​នេះ​មាន​គោលបំណង​ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​ឱ្យមាន​សម្ទុះ​ឡើងវិញ ក៏ដូចជា​ការដោះស្រាយ​បញ្ហា​ប្រឈម​នៃ​កង្វះ​ហិរញ្ញប្បទាន​របស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​។ គម្រោង​នេះ​ក៏​នឹង​ជួយ​ក្នុង​ការរក្សា​លំនឹង កែលម្អ និង​ពង្រីក​សក្តានុពល​អាជីវកម្ម ដោយ​នឹង​គាំទ្រ​ការធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ឡើងវិញ​, ការធ្វើ​ទំនើបកម្ម និង​ពង្រីក​ខ្លួន​បន្ថែម ក៏ដូចជា​ការធ្វើ​ពិពិធកម្ម​នៃ​សេវា​ទេសចរណ៍​ ដើម្បី​ត្រៀម​ទទួល​ទេសចរ​ជាតិ និង​អន្តរជាតិ​នៅពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ បាន​ធូរស្រាល​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យដឹងថា គម្រោង​សហហិរញ្ញប្បទាន​នេះ គឺជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​ដល់​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​ ២០២១-២០២៣ ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់ឱ្យ​អនុវត្ត​កាលពី​ខែធ្នូ ឆ្នាំ ​២០២១​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ការផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​នៅក្នុង​វិស័យ​ទេសចរណ៍ គឺជា​វិធានការ​ចាំបាច់​ណាស់ ដើម្បី​ជួយ​ឱ្យ​សហគ្រាស​ទាំងនេះ​អាច​ស្តារ ងើប និង​ពង្រឹង​ភាពប្រកួតប្រជែង​របស់ខ្លួន​ឡើងវិញ ព្រមទាំង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកែច្នៃ​វិស័យ​ទេសចរណ៍​ឱ្យមាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​ជាង​មុន និង​ជាពិសេស​ប្រែក្លាយ​កម្ពុជា​ទៅជា​​ទិសដៅ​ទេសចរណ៍​ចម្បង​មួយ​ក្នុង​តំបន់ និង​សកលលោក​»​។

 

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន បាន​ថ្លែងថា ចំនួន​អាជីវកម្ម​ទេសចរណ៍​ដែល​បើក​ឡើងវិញ​នៅមាន​សម្ទុះ​យឺត ដោយ​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ ​២០២២ មាន​ទីតាំង​អាជីវកម្ម​ទេសចរណ៍ ១ ៤២៨ ​ទីតាំង​កំពុង​បន្ត​បិទ ឬ​ព្យួរ​នៅឡើយ ខណៈ​អ្នក​បម្រើការ​ផ្ទាល់​ក្នុង​វិស័យនេះ​ជាង ២ ​ម៉ឺន​នាក់​នៅ​បន្ត​រង​ផលប៉ះពាល់​។

លោក​បន្តថា អាជីវកម្ម​ទេសចរណ៍​ជិត ៩៧ ​ភាគរយ​មាន​បញ្ហា​រំហូរ​សាច់ប្រាក់ និង​កង្វះខាត​ហិរញ្ញប្បទាន​សម្រាប់​ជួសជុល និង​ដំណើរការ​អាជីវកម្ម​ឡើងវិញ ខណៈ​អាជីវកម្ម​បាន​បើក​ឡើងវិញ​នាពេល​បច្ចុប្បន្ន ជា​អាជីវកម្ម​កម្រិត​ខ្ពស់ ដែល​ទទួល​ហិរញ្ញប្បទាន​ពី​អាជីវកម្ម​មេ​នៅ​បរទេស​។

លោក​បញ្ជាក់ថា​៖ «​ក្រសួង​ទេសចរណ៍​ជឿថា ការដាក់​ឱ្យ​អនុវត្ត​កម្មវិធី​សហហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ទំហំ​ទឹកប្រាក់ ១៥០​ លាន​ដុល្លារ​នេះ​មិន​ត្រឹមតែ​អាច​ចូលរួម​ស្តារឡើងវិញ​នូវ​អាជីវកម្ម​ទេសចរណ៍​ខ្នាតតូច និង​មធ្យម ដែល​កំពុងមាន​កង្វះខាត​ផ្នែក​ហិរញ្ញប្បទាន​ក្នុងការ​ជួសជុល​ទីតាំង និង​ពង្រឹងគុណភាព​សេវាកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាចជួយ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​ថ្មី​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យមាន​ប្រសិទ្ធភាព​ផងដែរ​»​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បានឱ្យដឹងថា នេះ​ជា​ដំណឹង​រីករាយ​សម្រាប់​វិស័យ​ទេសចរណ៍ ដោយ​នឹង​អាចជួយ​បាន​ច្រើន​ទៅលើ​ការកែទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​របស់​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍​ដូចជា រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ទេសចរណ៍​ជាដើម​។

លោក​បាន​បន្ថែមថា បច្ចុប្បន្ន​វិស័យ​ឯកជន​កំពុង​ត្រូវការ​ជំនួយ​ហិរញ្ញប្បទាន ដើម្បី​បន្ត​និរន្តរភាព ខណៈ​វិស័យនេះ​បានចាប់ផ្តើម​ប្រសើរឡើង​បន្តិច​ម្តងៗ​ពី​វិបត្តិ​ដែល​បណ្តាលមកពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​បញ្ជាក់ថា​៖ «​អត្រា​ការប្រាក់​កាន់តែ​ទាប​ចន្លោះ​ពី ៣-៤ ​ភាគរយ គឺជា​អ្វីដែល​វិស័យ​ឯកជន​ចង់បាន​បំផុត ព្រោះ​ជាការ​ជួយ​បន្ថែម​ដល់​វិស័យ​ទេសចរណ៍​ឱ្យ​ឆាប់​មាន​ភាពប្រក្រតី​ឡើងវិញ​។ យើង​ក៏​សង្ឃឹមថា វិស័យ​ពន្ធដារ​នឹង​ជួយ​បន្ធូរបន្ថយ​កាន់តែច្រើន​ទៀតផង​ដែរ​»​។

ម្ចាស់​សណ្ឋាគារ​មេរ៍សិន វត្តគរ នៅ​ខេត្តបាត់ដំបង បាន​ឱ្យ​ដឹងថា គម្រោង​សហហិរញ្ញប្បទាន​ស្តារ​ដែលមាន​អត្រា​ការប្រាក់​ទាប​នេះ​នឹង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​វា​អាច​ចូលរួមបាន​មួយចំណែក​ក្នុង​ការស្តារ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ឡើងវិញ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ត្រឡប់មកវិញ​។

 

លោក​បាន​បន្តថា ដោយសារ​វិបត្តិ​កូវីដ​ ១៩ សណ្ឋាគារ​មួយចំនួនធំ​បាន​បិទទ្វារ ដូចនេះ​ផ្នែក​សណ្ឋាគារ​ត្រូវការ​ថវិកា​មួយចំនួន​ ដើម្បី​រៀបចំ និង​ជួសជុល​ឡើងវិញ ដែល​ទាមទារ​ឱ្យមាន​ការជួយ​ពី​ភាគី​ពាក់ព័ន្ធ​៕