កម្ពុជា៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើសុំឱ្យបារាំងជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀត នៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ដើម្បីឱ្យបរិស្ថានទឹកល្អប្រសើរ មុននឹងហូរចូលទៅដងទន្លេសាប។
ការស្នើសុំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសដែលលោកបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បាននាងប្រសាសន៍លើកឡើងថា អង្គការ JICA របស់ជប៉ុន បានជួយកម្ពុជាជាច្រើន ពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយទឹកកខ្វក់ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ។ ដោយឡែកនៅខាងជើងភាគខាងលិចរាជធានីភ្នំពេញ មិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ដូច្នេះលោកស្នើសុំបារាំងជួយរាជធានីភ្នំពេញក្នុងការកសាងស្ថានីយ៍ទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានប្រើប្រាស់។ ទោះបីជួយជា កម្ចី ឬក៏ជាជំនួយឥតសំណងក្តី។
បន្ថែមពីលើនេះ លោក ឃួង ស្រេង បានស្នើឱ្យភាគីបារាំងជួយដោះស្រាយទៅលើបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញផងដែរ ដោយសារតែរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ចំពោះស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយការពារសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់បែបយ៉ាង ហើយបើស្ថានទូតត្រូវការឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយ រដ្ឋបាលរាជធានីភ្នំពេញនឹងជួយសម្រួលគ្រប់ការងារដែលស្ថានទូតបារាំងត្រូវការ។
លោក ឃួង ស្រេង បានលើកឡើងពីស្ថានភាពរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយលោកបញ្ជាក់ថា ប្រទេសកម្ពុជា បានឆ្លងកាត់របបប៉ុលពត ហើយក្រោយឆ្នាំ១៩៧៩ ប្រទេសជាតិស្ថិតនៅចំណុចសូន្យ តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសដ៏កំសត់មួយនេះ មានការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់សព្វថ្ងៃ។
លោក ហ្សាក់ ប៉ឺឡេ ក្នុងឱកាសនោះ បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសំណង់ អាគារខ្ពស់ៗ ជាមួយផ្លូវខ្វាត់ខ្វែង ខុសពីឆ្នាំ១៩៩៥ ដាច់ស្រឡះ។
លោកបន្តថា ប្រទេសកម្ពុជា គឺពិតជាមានការមមាញឹកខ្លាំង ចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដោយសារតែជិតដល់ថ្ងៃបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះ។ ចំណែកប្រទេសបារាំងក៏ត្រូវបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះដែរ។ ដូច្នេះ លោក ស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ប្រជាពលរដ្ឋរបស់បារាំងនៅភ្នំពេញ ដែលត្រូវបោះឆ្នោត។
លោក ហ្សាក់ ប៉ឺឡេ បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិរក្សនូវបេតិកភណ្ឌចាស់ៗ ដែលនៅសេសសល់ ព្រោះវាជាការទាក់ទាញភ្ញៀវជាតិអន្តរជាតិ ឱ្យមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ។ បន្ថែមពីនេះលោក បានលើកឡើងពីគម្រោងសិក្សាកសាងរទេះភ្លើងល្បឿន នៅភ្នំពេញផងដែរ ក្រោយពីសិក្សារួច រយៈពេល១០ ឆ្នាំ៕