Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ អំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសណ្តាប់ធ្នាប់ សន្តិភាព និងជាពិសេសសន្តិសុខស្បៀង

Admin Alynana | May 23, 2022
សម្តេចតេជោ អំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសណ្តាប់ធ្នាប់ សន្តិភាព និងជាពិសេសសន្តិសុខស្បៀង
Clinic narith

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះ តាមរយៈសារវីដេអូថតទុកក្នុងកម្មវិធីបើក សន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) ក្រោមមូលបទ “របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងលើកឡើងពីភាពចាំបាច់នៃការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព ដែលជា​របៀបវារៈរួមសកលដ៏សំខាន់ ដែលបច្ចុប្បន្នដំណើរការនៃការឈានសម្រេច​បាន​គោលដៅ​នេះ កំពុងត្រូវបាន​បន្ទច់បង្អាក់​ដោយសារបញ្ហាប្រឈមជាច្រើន ជាពិសេស វិបត្តិនៃជំងឺកូវីដ-១៩។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ​ក្នុងបរិបទនៃជំងឺកូវីដ-១៩ មាន​ភាព​ប្រសើរ តែមិនទាន់ឆ្លងផុតទាំងស្រុងនៅឡើយទេ ហើយអាទិភាពចម្បង​នៃរបៀបវារៈរួមនៅ​ក្នុង​តំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះលើ​សមរភូមិ​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជាអាវុធយុទ្ធសាស្ត្រគន្លឹះ។

ក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះវប្បធម៌ នៃការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពស៊ាំសហគមន៍ពេញលេញ​នៅទូទាំងសកលលោក ​និងបានលើកទឹកចិត្តឱ្យមានការបើកទូលាយ និងពង្រឹងការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច តាមរយៈការជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្មដោយអនុត្តឱ្យ​បានពេញលេញ​នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលបានចូលជាធរមាន និង ការតភ្ជាប់ប្រជាជន និងប្រជាជន ជាពិសេសនៅក្នុងវិស័យ ទេសចរណ៍ ដើម្បីរួមគ្នាស្តារ និងលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់ឡើងវិញ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបង្ហាញពីក្តីព្រួយបារម្ភពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែល​វិបត្តិនេះ​មិនត្រឹមតែបន្ទច់បង្អាក់ដល់ការងើបឡើងវិញ នៃស្ថានភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាជះឥទ្ធិពលដល់សង្គម -សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែងផងដែរ។

សម្តេចតេជោ បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសណ្តាប់ធ្នាប់ សន្តិភាព និងជាពិសេសសន្តិសុខស្បៀង ក្នុងប្រទេស និងតំបន់ ដោយរក្សាឱ្យបាននូវ​លំហូរនៃទំនិញ​សំខាន់​ចាំបាច់ ដើម្បីកុំឱ្យប្រជាជនរបស់យើងជួបទុក្ខលំបាកថែមទៀត ​និង គ្មាននរណាម្នាក់ត្រូវបាន​បំភ្លេចចោល ។

ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្រ្តីជឿជាក់ថា សន្និបាតប្រចាំឆ្នាំលើកទី ៧៨ នេះ នឹងមានការពិភាក្សាផុលផុស និងឈានទៅដល់ការបង្កើតនូវយន្តការ និងគំនិតផ្តួចផ្តើមថ្មី នៃកិច្ចសហប្រតិបត្តិការតបន់អាស៊ី និងប៉ាស៊ីហ្វិក សំដៅជំរុញការស្តារ និងលើកកម្ពស់កំណើន​ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ២០៣០ តាមការរំពឹងទុក ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួម ទាំងក្នុងនាម​ជាប្រទេសមួយក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២។

សូមបញ្ជាក់ផងដែរថា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ក៏បាន​ដឹកនាំគណៈ ប្រតិភូរាជរដ្ឋានភិបាលកម្ពុជា រួមមានថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិ​អេស្កាប់ មន្ត្រីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ព្រមទាំងឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ ចូលរួមដោយផ្ទាល់នៅក្នុងសន្និបាតនេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ នឹងធ្វើសេចក្តីថ្លែងការណ៍ចំពោះ អង្គសន្និបាត នារសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ អំពីឆន្ទៈរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដើម្បីស្តារឡើងវិញនូវស្ថានភាព សង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី នឹងជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសទៅលើវិស័យមីនដែលជាគោលដៅទី១៨ “កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម” នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពី “ការធានាឱ្យបានភាពធុននៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការតភ្ជាប់” ។ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក អំពីវិធានការជំរុញសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ៕
9571f2540d2a96fbc5e46e9523ca10d653a11fbf4a421c9e40e2344291cac4e1f3374789b1c6db34fa52135cc6dd880245684f669285a3177c5122eb96f53e2c4c7aee01cfd63139da5b05a1e295db32