ភ្នំពេញ៖ គិតមកដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅមិនទាន់ទទួលបានការស្នើសុំចូលរួមជាភ្ញៀវពិសេស ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះនៅឡើយទេ។ នេះបើតាមការឲ្យដឹងពីលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប។
លោក សោម សូរីដា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃអង្គារនេះថា គ.ជ.ប មិនទាន់ទទួលបានការស្នើសុំចូលរួមជាភ្ញៀវពិសេស សម្រាប់សង្កេតមើលការបោះឆ្នោតនៅឡើយទេ បើគិតត្រឹមថ្ងៃនេះ។ លោកថា ការចូលរួមសង្កេតមើល ការបោះឆ្នោតក្នុងឋាន:ជាភ្ញៀវពិសេស ពិតជាមានសារៈសំខាន់ដូចជាសាក្សីផ្សេងទៀតដែរ។
អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្តថា «ជាការវាយតម្លៃ គឺការចូលរួមសង្កេតមើលការបោះឆ្នោត ក្នុងឋានៈជាភ្ញៀវពិសេសនេះ ពិតជាមានសារៈសំខាន់ពីព្រោះការចូលរួមនេះ ដូចជាចូលរួមធ្វើជាសាក្សីដែលមានតម្លៃ ស្មើនឹងអ្នកសង្កេតការណ៍បោះឆ្នោតជាទូទៅដែរ គ្រាន់តែភ្ញៀវពិសេសមិនចេញសេចក្ដីថ្លែងការណ៍ អំពីលទ្ធផលនៃដំណើរការនៃការបោះឆ្នោតនោះទេ»។
កាលពីថ្ងៃទី ១៩ ខែឧសភាកន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន។ ក្នុងនោះ ក៏មានសេចក្តីសម្រេច ស្តីពី ការអនុញ្ញាតជូនភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ដើម្បីបានចូលរួមពិនិត្យមើលការបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។ ខ្លឹមសារក្នុងសេចក្ដីសម្រេចនោះ ភ្ញៀវពិសេស គឺជាប្រតិភូនៃស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២កន្លងទៅនេះដែរ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោកស្រី ខាមិន ម៉ូរេណូ (Ms Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំនៅកម្ពុជា និងគណៈប្រតិភូអមដំណើរ ដែលជាមន្ត្រីការទូតជាន់ខ្ពស់នៃស្ថានទូតបារាំង ស្ថានទូតសាធារណរដ្ឋឆែក ស្ថានទូតស៊ុយអែត និងស្ថានទូតហុងគ្រី ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា ដែលត្រូវប្រព្រឹត្តទៅក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ខាងមុខ។
នៅក្នុងជំនួបនោះ ភាគីសហភាពអឺរ៉ុប បានស្នើសុំឲ្យភាគី គ.ជ.ប អនុញ្ញាតឲ្យមន្រ្តីនៃសហភាពអឺរ៉ុប ចូលរួមសង្កេតមើល ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២២ខាងមុខនេះ។ ប៉ុន្តែមិនមែនក្នុងន័យ ចុះបញ្ជីជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោតផ្លូវការទេ។ ប្រតិភូសហភាពអឺរុប សុំអនុញ្ញាតពី គ.ជ.ប ដើម្បីបានចូលពិនិត្យមើលការបោះឆ្នោតជាទូទៅ ដោយគ្មានការធ្វើរបាយការណ៍វាយតម្លៃអំពីបរិយាកាស នៃដំណើរការរៀបចំការបោះឆ្នោតឡើយ។
ជាការឆ្លើយតបទៅនឹងចំណុចនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានលើកឡើងថា កិច្ចការនេះ គ.ជ.ប ធ្លាប់បានអនុវត្តរួចហើយ គឺ គ.ជ.ប ចេញលិខិតជូនជាភ្ញៀវពិសេស មិនមែនជាអ្នកសង្កេតការណ៍នោះទេ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង៕