(ភ្នំពេញ)៖ ធនាគារពិភពលោក បានអនុម័តលើជំនួយមានទឹកប្រាក់ចំនួន១៦៩លានដុល្លារអាមេរិក ជាកញ្ចប់ហិរញ្ញប្បទានថ្មី ដល់គម្រោងការគ្រប់គ្រងហានិភ័យ គ្រោះធម្មជាតិអាស៊ីអាគ្នេយ៍នៅកម្ពុជា ដំណាក់កាលទី២ សម្រាប់បង្កើនភាពធន់នៃបណ្តាញផ្លូវជនបទ ទៅនឹងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ និងសម្រាប់លើកកម្ពស់ សមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការទ្រទ្រង់ដល់ការងារសុវត្ថិភាពផ្លូវ និងភាពធន់ទៅនឹងកត្តាអាកាសធាតុ។
សេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា គម្រោងនេះ ជួយដល់ការសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក និងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយអាកាសធាតុ។
គម្រោងនេះ នឹងនាំអត្ថប្រយោជន៍ដល់ប្រជាជនចំនួនប្រហែល៥.៥លាននាក់ ក្នុងនោះ ៥២ភាគរយជាស្ត្រី នៅក្នុងខេត្តចំនួនប្រាំពីរ និងដល់អ្នកដែលប្រើប្រាស់បណ្តាញផ្លូវទាំងនេះ។ មន្រ្តីរាជរដ្ឋាភិបាល ភាគច្រើនមកពីក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបានការបណ្តុះបណ្តាលតាមរយៈគម្រោងនេះ អំពីការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ, ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃតម្រូវការក្រោយមានគ្រោះធម្មជាតិ។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ជាមួយនឹងការប្តេជ្ញាចិត្តមុះមុតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៃរាជរដ្ឋាភិបាលកម្ពុជា គម្រោងនេះ នឹងជួយធ្វើយ៉ាងណាឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឲ្យនៅមានភាពរឹងមាំ និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយទន្ទឹមគ្នានោះជួយការពារផងដែរ ដល់ប្រជាជនងាយរងគ្រោះ ពីហេតុការណ៍គ្រោះធម្មជាតិ ដែលគ្មានអ្នកណាអាចដឹងមុន»។
កម្ពុជាជាប្រទេសមួយដែលងាយរងគ្រោះណាស់ ពីផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក្នុងនោះមានជាពិសេស ទឹកជំនន់ និងភាពរាំងស្ងួត ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក៏ងាយរងគ្រោះខ្លាំងណាស់ដែរ ពីហានិភ័យនៃគ្រោះធម្មជាតិបង្កដោយអាកាសធាតុ។
បណ្តាញផ្លូវជនបទមានភាពចាំបាច់ខ្លាំងណាស់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ជនបទ ហើយការខូចខាតផ្នែកនានានៅលើបណ្តាញផ្លូវអាចធ្វើឲ្យជីវភាពគ្រួសារជនបទជួបការលំបាក និងបង្កឧបសគ្គដល់លទ្ធភាពទទួលបានសេវាសាធារណៈជាមូលដ្ឋាននានា មានដូចជាទីផ្សារ, សាលារៀន និងមន្ទីរពេទ្យ។
ការខូចខាតយ៉ាងដំណំដោយសារទឹកជំនន់ក្នុងឆ្នាំ២០២០ បានគូសបញ្ជាក់ច្បាស់អំពីសេចក្តីត្រូវការរបស់កម្ពុជាឱ្យមានការវិនិយោគបន្ថែមទៀត ទៅលើការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ និងស្ថានភាពងាយរងគ្រោះរបស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗ។
គម្រោងនេះ នឹងត្រូវបានអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដើរតួសកម្មនៅក្នុងការបង្កើនភាពធន់របស់ការសាងសង់ និងរបស់ស្តង់ដាថែទាំផ្លូវ។ គម្រោងនេះ នឹងបន្តធ្វើពីដំណាក់កាលទី១ នៃគម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិអាស៊ីអាគ្នេយ៍ នៅកម្ពុជា ដោយផ្តោតសំខាន់លើការពង្រីកបណ្តាញតភ្ជាប់ផ្លូវជនបទដែលធន់នឹងកត្តាអាកាសធាតុ និងលើការពង្រឹកការរៀបចំផែនការ ហិរញ្ញវត្ថុរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ទ្រទ្រង់ភាពធន់នឹងគ្រោះធម្មជាតិ។
ការធានាឲ្យបាននូវភាពធន់របស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាអាទិភាពមួយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍជនបទកម្ពុជា និងផែនការសកម្មភាពឆ្នាំ២០១៩-២០២៣ ដែលបានកំណត់ថា ការបង្កើនគុណភាព និងភាពធន់របស់បណ្តាញផ្លូវជនបទ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីអាទិភាពទាំងបួនរបស់ខ្លួន។
កញ្ចប់ហិរញ្ញប្បទានថ្មី នឹងពង្រឹងសមត្ថភាពរបស់ក្រសួងក្នុងការត្រៀមលក្ខណៈ, ការឆ្លើយតប និងក្នុងការស្តារស្ថានភាពក្រោយមានគ្រោះធម្មជាតិ និងក្នុងការទ្រទ្រង់ដល់ការរៀបចំផែនការទុកជាមុន និងដល់ការគ្រប់គ្រងហានិភ័យទឹកជំនន់នៅក្នុងតំបន់ទន្លេសាប ដែលរងការខូចខាតខ្លាំងពីទឹកជំនន់ក្នុងឆ្នាំ២០២០។ ជំនួយហិញ្ញប្បទានថ្មីនេះ ក៏នឹងជួយពង្រឹងថែមទៀតដែរនូវសមត្ថភាពផ្នែករៀបចំចាត់ចែង និងបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងការអនុវត្តគម្រោងនេះ។
ថវិកានេះ គឺជាឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិនៃធនាគារពិភពលោក ហើយក៏មានជំនួយទឹកប្រាក់ចំនួន ៤៥០០០០ដុល្លារអាមេរិកទៀត ពីកម្មវិធីរួមគ្នារវាងប្រទេសជប៉ុននិងធនាគារពិភពលោក សម្រាប់បញ្ជ្រាបការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ (Japan-Bank Program for Mainstreaming DRM in Developing Countries) ដែលកម្មវិធីនេះ ទទួលថវិកាពីរដ្ឋាភិបាលជប៉ុន និងគ្រប់គ្រងដោយមូលនិធិសាកលសម្រាប់កាត់បន្ថយ និងស្តារឡើងវិញពីគ្រោះធម្មជាតិ។ កម្ពុជានឹងរួមចំណែកថវិកាបដិភាគចំនួន ២លានដុល្លារអាមេរិក ទៅក្នុងកញ្ចប់ហិរញ្ញប្បទានថ្មីនេះ៕