(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សឃុំស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។
ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងប្រធានគណបក្សខេត្តស្វាយរៀង ព្រមទាំងក្រុមការងារគណបក្សចុះជួយឃុំសង្កាត់ក្នុងខេត្តស្វាយរៀង គណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការគណបក្សឃុំសង្កាត់ព្រមទាំងសមាជិកសមាជិកា យុវជនជាង៥.០០០នាក់។
សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ។
ក្នុងពិធីនេះផងដែរ លោកស្រីបណ្ឌិត បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២០ ប្រព្រឹត្តបានយ៉ាងរលូន នៅក្នុងខេត្តស្វាយរៀង។
លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសំគាល់លើសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត ក្នុងមណ្ឌលបោះឆ្នោតនៅឃុំ សង្កាត់ ដោយយកភ្ជាប់ជាមួយខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្ត សញ្ញាណ (ឯ.អ) ឱ្យបានគ្រប់ៗគ្នាកុំបីខាន។
សូមបញ្ជាក់ថា នៅខេត្តស្វាយរៀងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ មានចំនួន៩ គណបក្ស រួមមាន៖
*ទី១៖ គណបក្សប្រជាជនកម្ពុជា
*ទី២៖ គណបក្សភ្លើងទៀន
*ទី៣៖ គណបក្សហ៊្វុនស៊ិនប៉ិច
*ទី៤៖ គណបក្សខ្មែររួបរួមជាតិ
*ទី៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
*ទី៦៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
*ទី៧៖ គណបក្សយុវជនកម្ពុជា
*ទី៨៖ គណបក្សកម្ពុជានិយម
*ទី៩៖ គណបក្សសញ្ជាតិកម្ពុជា។
ក្នុងនោះគណបក្សដែលបានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ មានបេក្ខជនឈរឈ្មោះច្រើនជាងគេក្នុងឃុំសង្កាត់ទាំង៨០ ឃុំ/សង្កាត់គឺ គណបក្សប្រជាជនកម្ពុជាបានឈរឈ្មោះបេក្ខជន ៨០ឃុំសង្កាត់, គណបក្សភ្លើងទៀនមានបេក្ខជនឈឈ្មោះ ៧៩ឃុំ/សង្កាត់៕