Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងស្តាប់របាយការណ៍ស្ដីពីការអភិវឌ្ឍថ្មីៗនៅក្នុងអាស៊ាន និងរបាយការណ៍សង្ខេប

Admin Alynana | Jun 22, 2022
រដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងស្តាប់របាយការណ៍ស្ដីពីការអភិវឌ្ឍថ្មីៗនៅក្នុងអាស៊ាន និងរបាយការណ៍សង្ខេប
Clinic narith

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ បានចាប់ផ្ដើមហើយ នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងស្តាប់របាយការណ៍ស្ដីពីការអភិវឌ្ឍថ្មីៗនៅក្នុងអាស៊ាន និងរបាយការណ៍សង្ខេប នៃលទ្ធផលរបស់កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន ក៏ដូចជាអនុម័តលើគំនិតផ្តួចផ្តើមថ្មីៗ និងសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន រួមមាន៖

ទី១ ឯកសារទស្សនទាន ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្ដាប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន។

ទី២ ឯកសារទស្សនទាន ស្តីពីការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្រ្តីរក្សាសន្តិភាពអាស៊ាន។

ទី៣ ឯកសារទស្សនទាន ស្តីពីការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន។

ទី៤ លក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈមណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខព័ត៌មានវិទ្យាក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

ទី៥ ចក្ខុវិស័យភ្នំពេញ ស្តីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្ដារឡើងវិញ ក្រោយកូវីដ-១៩។

៦ សេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយសុខដុមនីយកម្ម។

នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងកត់សម្គាល់លើឯកសារពិភាក្សាចំនួន២ រួមមាន៖ ទី១ ឯកសារពិភាក្សា ស្តីពីការលើកកម្ពស់ការចែករំលែកព័ត៌មាន រវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ និងទី២ ឯកសារពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធា ដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍។

កិច្ចប្រជុំ ក៏នឹងពិនិត្យសម្រេចលើសំណើរបស់ឥណ្ឌា សុំរៀបចំលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌ និងសម្រេចលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន ជាមួយប្រទេសបូក មួយចំនួននៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងមានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុនជារូបវន្ត និងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ក្នុងទម្រង់ប្រព័ន្ធវីដេអូផងដែរ។

ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ កម្ពុជាមានការប្ដេជ្ញាចិត្តជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ តាមមូលបទ “សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម”។

ឆ្លៀតក្នុងឱកាស នៃកិច្ចប្រជុំនេះ ប្រធានប្រតិភូ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
photo_2022-06-22_08-41-50IMG20220622083701-1536x1152IMG20220622082925-1536x1152