Alynana Media Cambodia
Icon Collap
clinic narit

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា

Admin Alynana | Jun 22, 2022
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា
Clinic narith

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានទទួលការអនុញ្ញាតពី សម្តេចប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា នៅក្នុងការកសាងបាននូវសុខុដុមរមនាខាងសាសនា ដោយមិនមានការរើសអើងខាងសាសនា ធ្វើអោយបងប្អូនខ្មែរឥស្លាម រស់នៅបានយ៉ាងសុខសាន្ត ជាមួយសាសនាដទៃទៀត ដែលជាទីគំរូដ៏ល្អសម្រាប់ពិភពលោកផងដែរ។

ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវការអបអរសាទរជូនដល់ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជា ឱ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានឆ្លៀតពេលវេលាមកចូលជួបសម្តែងការគួរសមជាមួយសម្តេចនាពេលនេះ។

សម្តេចបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអគ្គលេខាធិការ នាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ ឯកឧត្តម ចំពោះសុខទុក្ខរបស់បងប្អូនសាសនិកឥស្លាមនៅកម្ពុជា និងបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការរ៉ាប៊ីតា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនសាសនិកឥស្លាមនៅកម្ពុជា តាមរយៈការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងសេរីភាពនៃជំនឿ ព្រមទាំងការរស់នៅប្រកបដោយសុខដុមរមនា ជាមួយសហគមន៍ភាគតិចដទៃៗទៀត ដោយមិនមានការរើសអើងឡើយ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានលើកកម្ពស់ជីវភាព និងសិទ្ធិសេរីភាពរបស់សាសនិកឥស្លាម ជាអាទិ៍ ការជម្រុញឱ្យមានកន្លែងថ្វាយបង្គំសម្រាប់បងប្អូនឥស្លាម នៅតាមស្ថាប័នឯកជន និងស្ថាប័នសាធារណនានា ព្រមទាំងផ្តល់សិទ្ធិឱ្យសិស្សនិស្សិតឥស្លាម អាចជ្រើសរើសយកសម្លៀកបំពាក់ឯកសណ្ឋានបែបឥស្លាមទៀតផង។

 

សម្តេចអគ្គមហាពញាចក្រី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភានីតិកាលទី៦នេះ មានសមាជិករដ្ឋសភាចំនួន៨រូប ជាខ្មែរឥស្លាម ចំណែកនៅក្នុងព្រឹទ្ធសភាវិញ មានសមាជិកចំនួន២រូប ជាខ្មែរឥស្លាមផងដែរ ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងភាពជាតំណាងឱ្យបងប្អូនសាសនិកឥស្លាម ក៏ដូចជាពលរដ្ឋខ្មែរទាំងមូល៕
FB_IMG_1655873463610FB_IMG_1655873455800FB_IMG_1655873457731FB_IMG_1655873460317FB_IMG_1655873465920FB_IMG_1655873468362FB_IMG_1655873471193FB_IMG_1655873473557FB_IMG_1655873476404FB_IMG_1655873478600