Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វិនិយោគិនម៉ាឡេស៊ី ស្វែងយល់សក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាគ្រប់វិស័យ

Admin Alynana | Jun 22, 2022
វិនិយោគិនម៉ាឡេស៊ី ស្វែងយល់សក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាគ្រប់វិស័យ
Clinic narith

ភ្នំពេញ៖ ក្រុមវិនិយោគិនចំនួន ១៦រូប មកពីប្រទេសម៉ាឡេស៊ី ក្នុងវិស័យផ្សេងៗគ្នា បានជួបពិភាក្សាការងារជាមួយវិនិយោគិននៅកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅប្រទេសកម្ពុជា បន្ទាប់ពីស្ថានភាពនៃវិបត្តិកូវីដ១៩ បានធូរស្រាលច្រើនឡើងវិញ។

លោក ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងជាប្រធាន​ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ID Capital PLC (IDC) ​មានប្រសាសន៍ប្រាប់បណ្តាញ​អ្នកសារព័ត៌មាន កាល​ពីរសៀលថ្ងៃទី២១ មិថុនា ឆ្នាំ២០២២កន្លងទៅថា ​នេះជាលើកទី១ ​ដែលភាគីទាំងពីរបានជួបគ្នា ដើម្បីស្វែងយល់ពីគ្នា មុននឹងឈាន​ដល់​ការចាប់ដៃគូគ្នាក្នុងការវិនិយោគនាពេល​អនាគត​លើ​គ្រប់វិស័យ ​ក្នុងនោះរួមមាន​ សុខាភិបាល ​បដិសណ្ឋារកិច្ច ​អចលនទ្រព្យ ម្ហូបអាហារ និងវិស័យសំខាន់ៗ​ផ្សេងៗទៀត។

លោក សេរីវឌ្ឍន៍ បានឲ្យដឹងទៀតថា នេះគឺជាចាប់ផ្តើមក្នុងការសិក្សាស្វែងយល់ រវាងវិនិយោគិន​ម៉ាឡេស៊ី និងវិនិយោគិនកម្ពុជា ​ដើម្បីឈានទៅដល់ឱកាសការវិនិយោគ។ ​បន្ទាប់ពីនេះ ​ភាគីទាំងពីរ នឹងត្រៀម​ជួបគ្នាបន្តទៀត ​ដែលនឹងវិនិយោគលើវិស័យណាមួយជាមួយគ្នា ។

នេះជាការផ្សារភ្ជាប់សមាជិកនៅកម្ពុជា និងម៉ាឡេស៊ី ដែលអាចក្លាយជាដៃគូជាមួយគ្នាដើម្បីធ្វើការ​វិនិយោគ​រួមគ្នា​លើ​គម្រោងនានា។

តាមរយៈបទបង្ហាញនានារបស់ក្រុមវិនិយោគិនកម្ពុជា ​បានបញ្ជាក់យ៉ាង​លម្អិតជូនដល់ភាគីម៉ាឡេស៊ី អំពីការស្វាគមន៍ ​និងបើកទូលាយ​ទទួលរាល់ការវិនិយោគទាំងអស់ ហើយកម្ពុជា​ក៏មានធនធាន​គ្រប់គ្រាន់​ និងមានលក្ខណៈអំណោយផល ​ទាំងភូមិសាស្រ្ត ​ស្ថេរភាពនយោបាយ និងសន្តិសុខ​សង្គម ដែលជាកត្តាចម្បង ​ធានាបាននូវសុវត្ថិភាពក្នុងការងារវិនិយោគ និងគ្មានហានិភ័យណា​មួយកើតឡើងចំពោះអ្នកវិនិយោគទុននៅកម្ពុជាទាំងពេលបច្ចុប្បន្ន ​និងទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា ​សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍​ បានបង្កើតឡើងក្នុងឆ្នាំ២០២០ ក្នុង​បេសកម្មចង់ក្លាយ​ជាកន្លែងប្រមូលផ្តុំ ​ការវិនិយោគ អ្នកវិនិយោគិន ដើម្បីចូលរួមជាមួយ​រាជរដ្ឋា​ភិបាល ក៏ដូចជាវិស័យឯកជនផ្សេងៗទៀត​ ដើម្បីវិនិយោគហើយជួយ​អភិវឌ្ឍន៍ប្រទេសជាតិ​ឲ្យ​កាន់រីកចម្រើនថែមទៀត៕