ក្រុមហ៊ុនលក់រាយដ៏ធំជាងគេបំផុតលើពិភពលោកឈ្មោះ Walmart ដែលកំពុងប្រតិបត្តិការយ៉ាងសកម្មនៅប្រទេសចំនួន២៤ បានបង្ហាញពីគម្រោងក្នុងការបញ្ជាទិញផលិតផលចំនួន៤មុខពីប្រទេសកម្ពុជា ។ គម្រោងនៅក្នុងការបញ្ជាទិញនេះ ត្រូវបានលោកស្រី អានប៊ីញ ផាន នាយកផ្នែកកិច្ចការរដ្ឋាភិបាលជាសកលនៃក្រុមហ៊ុន Walmart ឱ្យដឹងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។
នៅក្នុងជួបខាងលើនេះ លោកស្រី អានប៊ីញ ផាន បានបញ្ជាក់ដែរថា គម្រោងក្នុងការបញ្ជាទិញផលិតផលពីកម្ពុជា គឺដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងអាចជួយដល់ការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជាថែមទៀត។
លោកស្រីបានបង្ហើបថា ចំពោះផលិតផលដែលក្រុមហ៊ុន Walmart ចង់បញ្ជាទិញពីកម្ពុជា នាពេលអនាគតនោះ រួមមានដូចជា ផ្លែឈើ ផលិតផលចំណីអាហារ គ្រឿងអេឡិចត្រូនិច និងសង្ហារិមផ្សេងៗជាដើម។ ហើយដើម្បីអាច ឱ្យក្រុមហ៊ុនបញ្ជាទិញបាន គឺនៅពេលផលិតផលទាំងនេះត្រូវតាមស្តង់ដារអន្តរជាតិ។
គួរបញ្ជាក់ដែរថា Walmart គឺជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦២ ។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅរដ្ឋអាកានសាស់ សហរដ្ឋអាមេរិក និងមានបុគ្គលិកបម្រើការងារប្រមាណ ២.៣លាននាក់។
ជាមួយគ្នានេះ Walmart ក៏ជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងផលិតផលកម្សាន្តតាមរដូវកាល។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនលក់រាយដ៏ធំជាងគេលើលោកនេះ មានទ្រព្យសម្បត្តិសរុបប្រមាណជាង ៤២៩ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានហាងលក់រាយសរុបប្រមាណ ១០,៥៩៣ កន្លែង ៕