ដំណើរការ នៃការសាងសង់ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សម្រេចបានការសាងសង់ប្រមាណ ៦៤ភាគរយហើយ។ នាថ្ងៃទី២៣ មិថុនានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីបច្ចេកទេសធ្វើការត្រួតពិនិត្យពីលក្ខណៈបច្ចេកទេសសាងសង់ និងពិនិត្យមើលវឌ្ឍនភាពផងដែរ។
មន្ត្រីអនុវត្តគម្រោងបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ថា គិតមកដល់ពេលនេះការសាងសង់ផ្លូវជាតិលេខ១០ សម្រេចវឌ្ឍនភាពបានប្រមាណ៦៤ភាគរយហើយ។ ហើយថ្ងៃនេះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីបច្ចេកទេសធ្វើការត្រួតពិនិត្យពីលក្ខណៈបច្ចេកទេសសាងសង់ ដោយបានចុះពិនិត្យមើលទីតាំងដែលត្រូវសាងសង់ស្ពានដែលខ្ពស់ជាងគេនៅកម្ពុជា ដែលតភ្ជាប់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ជាមួយគ្នានេះជំនាញក៏បានពិនិត្យទីតាំងសំខាន់ៗជាច្រើន ពិសេសតំបន់បត់កោង និងឡើងចុះចំណោទជាដើម។
គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៥១៨គីឡូម៉ែត្រតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង១៧២១,៤៦ម៉ែត្រដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៨៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។
គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មីប្រវែងសរុប៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការថែរក្សាបរិស្ថាន។
គម្រោងផ្លូវជាតិលេខ១០ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ១៨៨,៣៨លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕