Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
clinic narit

កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣

Admin Alynana | Jun 24, 2022
កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣
Clinic narith

(ពោធិ៍សាត់)៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងមានប្រវែង ១៣៥.២៥ គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមសាងសង់ចេញពីចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) ចំណាយថវិកាប្រមាណ ២៤៦.៣៥លានដុល្លារអាមេរិក គិតមកដល់ពេលនេះ សម្រេចការសាងសង់បានចំនួន៨០%ហើយ គ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៣ខាងមុខនេះ។

នេះបើតាមការបញ្ជាក់របស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសចុះពិនិត្យត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម -ធ្លាម្អម) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវកុំលើកដីផ្ទះខ្ពស់ជាងផ្លូវ ធ្វើឱ្យទឹកហូរលើផ្លូវ នាំឱ្យផ្លូវឆាប់ខូច កុំយកផ្លូវធ្វើជាកន្លែងទីផ្សារ កន្លែងលក់ដូរ បង្កឱ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ និងមិនត្រូវដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ជាដើម។

លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមសុំឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ប្រុងប្រយ័ត្នដោយសារឃើញផ្លូវល្អ ហើយបើកបរលើសល្បឿនកំណត់ដោយមិនដឹងខ្លួន ត្រូវពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត មិនត្រូវប្រើគ្រឿងស្រវឹង ឬគ្រឿងញៀន និងមិនត្រូវប្រើទូរសព្ទនៅពេលបើកបរដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបានជម្រាបជូនផងដែរពីបច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៥នាក់ របួសពី១០ទៅ១៥ក្នុងមួយថ្ងៃ ខាតបង់ថវិកាជាតិ និងថវិកាឯកជនប្រមាណពី៤០០ ទៅ ៤២០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបន្សល់ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ធ្វើឱ្យមានការលំបាកដល់យុទ្ធនាការ កម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការស្វែងរកថវិកាទាំងប្រាក់កម្ចី ទាំងថវិកាជាតិ និងជំនួយឥតសំណងមកកសាងប្រព័ន្ធផ្លូវថ្នល់ ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធភស្តុភារកម្ម និងការដឹកជញ្ជូនមានតម្លៃថោក អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងអាចអនុញ្ញាតឱ្យរាជរដ្ឋាភិបាលទាក់ទាញវិនិយោគិនមក ដាក់ទុននៅកម្ពុជា បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋធ្វើ។

សូមជម្រាបជូនថា៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥មានប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារសហរដ្ឋអាមេរិក ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដោយក្នុងនោះ៖ មានការពង្រីកកំណាត់ផ្លូវ ជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ក្រាលជំនួស ដោយបេតុងកៅស៊ូ(AC) និងមានសួរច្បារកណ្តាល។

 

គម្រោងនេះមានការសាងសង់ផ្លូវវាងក្រុងសរុបមានចំនួន៥ខ្សែ មានប្រវែងសរុប៦២គីឡូម៉ែត្រ មាន៤គន្លង ទទឹង២៣ម៉ែត្រ និងសួរច្បារកណ្តាល មានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី ដែលស្ថិតនៅក្នុង កំណាត់ផ្លូវជាតិលេខ៥ មានចំនួនសរុប៨០កន្លែង៕