ប៊ែរឡាំង៖ រដ្ឋាភិបាលអាល្លឺម៉ង់បានបង្កើនកម្រិតសង្គ្រោះបន្ទាន់ សម្រាប់ ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ដំណាក់កាល “ប្រកាសអាសន្ន” ទីពីរ នៃផែនការកម្រិត ៣ របស់ខ្លួន ខណៈដែលលំហូរមក ពីប្រទេស រុស្ស៊ី ធ្លាក់ចុះយ៉ាងខ្លាំង។
រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសដំណាក់កាលនេះ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ហើយបាននិយាយថា ប្រសិនបើការផ្គត់ផ្គង់របស់ រុស្ស៊ី នៅមានកម្រិតទាបនោះ អាល្លឺម៉ង់ប្រហែលជាមិនអាចរក្សា ទុកឧស្ម័ន បានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់កំដៅខ្លួនក្នុង រដូវរងារបានទេ។ ឥឡូវនេះរដ្ឋាភិបាលកំពុងជំរុញប្រជាជន និងក្រុមហ៊ុន ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីកាត់បន្ថយការ ប្រើប្រាស់ ឧស្ម័ន។ លំហូរឧស្ម័នពីប្រទេសរុស្ស៊ីតាមបំពង់ Nord Stream 1 បានធ្លាក់ចុះប្រហែល ៦០ ភាគរយចាប់តាំងពីក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom បានប្រកាសពីការធ្លាក់ចុះ នៃការផ្គត់ផ្គង់កាលពី សប្តាហ៍មុន។
រដ្ឋមន្ត្រីសហព័ន្ធអាល្លឺម៉ង់ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងសកម្មភាព អាកាសធាតុលោក Robert Habeck បានស្វែងរកការយល់ដឹងពី សាធារណជនអំពីវិធានការរបស់រដ្ឋាភិបាល។ លោកបានប្រាប់អ្នកសារព័ត៌មានថា ការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន គឺជាការវាយប្រហារសេដ្ឋកិច្ចលើប្រទេសអាល្លឺម៉ង់ ដោយប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។
ទោះបីជាយ៉ាងណា អាល្លឺម៉ង់បានរក្សាដំណាក់កាលដំបូង នៃផែនការ គ្រាអាសន្នរបស់ខ្លួនចាប់តាំងពីខែមីនា ដោយនិយាយថា ការរំពឹងទុក សម្រាប់ការផ្គត់ផ្គង់ឧស្ម័នគឺមិនច្បាស់លាស់។ ដំណាក់កាលទី១ ពាក់ព័ន្ធនឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៃការផ្គត់ផ្គង់៕
ប្រភព៖ NHK