Alynana Media Cambodia
Icon Collap
clinic narit

តុលាការកំពូលនៅក្នុងសហរដ្ឋអាមេរិក សម្រេចលុបចោល «សិទ្ធិរំលូតកូន»

Admin Alynana | Jun 25, 2022
តុលាការកំពូលនៅក្នុងសហរដ្ឋអាមេរិក សម្រេចលុបចោល «សិទ្ធិរំលូតកូន»
Clinic narith

(វ៉ាស៊ីនតោន)៖ តុលាការកំពូលនៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសលុបចោលសាលដីកាជាប្រវត្តិសាស្ត្រឆ្នាំ១៩៧៣ រ៉ូ វី វេដ (Roe v Wade) ដែលផ្ដល់សិទ្ធិឱ្យស្ត្រីអាមេរិក «រំលូតកូន» ហើយការសម្រេចនេះត្រូវបានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចាត់ទុកថាជាថ្ងៃដ៏សោកសៅ បំផុតសម្រាប់ប្រទេសជាតិទាំងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីសម្រេចមួយចេញផ្សាយនៅថ្ងៃសុក្រនេះ តុលាការកំពូលអាមេរិកបានសម្រេចថារដ្ឋធម្មនុញ្ញអាមេរិក មិនបានផ្ដល់សិទ្ធិក្នុងការរំលូតកូននោះទេ រីឯការលុបចោលសាលដីកាជាប្រវត្តិសាស្ត្រឆ្នាំ១៩៧៣ រ៉ូ វី វេដ (Roe v Wade) ធ្វើឡើងតាមរយៈការបោះឆ្នោតនៅក្នុងចំណោមចៅក្រមតុលាការកំពូល ទាំង ៩រូប ក្នុងសំឡេងគាំទ្រ ៦ ទល់ ៣សំឡេងជំទាស់។ ការលុបចោលសាលដីកាជាប្រវត្តិសាស្ត្រនេះទៀតសោត បានន័យថាស្ត្រីអាមេរិកនឹងត្រូវបាន ហាមឃាត់ក្នុងការរំលូតកូន ក្រោយពពោះបាន ១៥សប្ដាហ៍។

ដោយឡែក ជុំវិញបញ្ហានេះដែរ លោក ចូ បៃដិន បានចាត់ទុកថាការសម្រេចរបស់តុលាការកំពូលអាមេរិក គឺជាថ្ងៃដ៏សោកសៅបំផុតសម្រាប់ ប្រទេសជាតិទាំងមូល។ លោក បៃដិន បានបន្ថែមដូច្នេះថា «ច្បាប់រដ្ឋដែលហាមឃាត់ការរំលូតកូនបានចូលជាធរមានដោយស្វ័យប្រវត្តិនៅថ្ងៃនេះ តែវា នឹងបង្កផលប៉ះពាល់ដល់សុខភាពរបស់ស្ត្រីអាមេរិករាប់លាននាក់»។

 

គួរបញ្ជាក់ថា ព័ត៌មានស្ដីពីការលុបចោលសាលដីកាជាប្រវត្តិសាស្ត្រឆ្នាំ១៩៧៣ រ៉ូ វី វេដ (Roe v Wade) ដែលផ្ដល់សិទ្ធិឱ្យស្ត្រីអាមេរិក «រំលូតកូន» ត្រូវបាន រាយការណ៍កាលពីខែឧសភា ឆ្នាំ២០២២នេះដោយកាសែត Politico ដែលអះអាងថាចៅក្រមអភិរក្សនិយមម្នាក់ គឺលោក សាមូអែល អាលីតូ Samuel Alito បានតាក់តែងសេចក្ដីសម្រេចខាងលើ ដោយអំពាវនាវឱ្យលុបចោលសិទ្ធិរំលូតកូន ពីព្រោះការរំលូត គឺជាបញ្ហាសីលធម៌ ហើយក៏គ្មានធម្មនុញ្ញអាមេរិកណាមួយ ចែងពីការការពារសិទ្ធិរំលូតកូន នោះដែរ៕