ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ទំនាក់ទងការទូតរវាងកម្ពុជា-វៀតណាម អស់រយៈពេល ៥៥ឆ្នាំកន្លងទៅ បានបំពេញនូវលក្ខខ័ណ្ឌមិត្តដ៏ស្និទ្ធស្នាល ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា ។
ក្នុងពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនង ការទូតកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៤ មិថុនា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា រយៈពេល៥៥ឆ្នាំ ប្រទេសទាំងពីរ បានកសាងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីយ៉ាងជិតស្និទ្ធ និងបានរួមសុខរួមទុក្ខជាមួយគ្នា ក្នុងនាមជាបងប្អូន ជាយុទ្ធមិត្ត និងជាអ្នកជិតខាង ដោយសម្រេចបានជោគជ័យយ៉ាងធំធេង ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។
លោកជំទាវ បានបន្តថា ពិសេសកាលពីសម័យសង្គ្រាម ប្រទេសទាំងពីរបានកៀកស្មាគ្នា ប្រយុទ្ធតស៊ូ និងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ពីនឹមអាណានិគមនិយម ដោយជោគជ័យ និងទទួលបានឯករាជ្យភាព អធិបតេយ្យភាព សេរីភាព និងការបង្រួបបង្រួមជាតិទាំងស្រុង ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ថែមថា បច្ចុប្បន្នកម្ពុជា និងវៀតណាម បានឈានចូលទំព័រថ្មី នៃប្រវត្តិសាស្ត្រ ដោយសម្រេចបានសន្តិភាព បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យការទូត ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ។
លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា ក្នុងឱកាសខួបលើកទី ៥៥ឆ្នាំ ប្រទេសទាំងពីរ បានរួមគ្នាធ្វើសកម្មភាពច្រើនណាស់ ក្នុងនោះមានការផ្លាស់ប្តូទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ការធ្វើមិទ្ទិញ ដូចជាថ្ងៃនេះ ការបំពាក់គ្រឿងឥស្សរិយយសជូនគ្នាទៅវិញទៅមក ការសម្ដែងសិល្បៈរួម ការចាក់ផ្សាយខ្លឹមសារពីទំនាក់ទំនងមិត្តភាពកម្ពុជា វៀតណាម តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ៕