ហ្សកដានី៖ ក្រុមមន្ត្រី និងសារព័ត៌មានរដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់ និង ២៥១នាក់រងរបួសក្នុងហេតុការណ៍លេចធ្លាយឧស្ម័នក្លចេញពីស៊ីទែនស្តុកមួយនៅកំពង់ផែ Aqaba របស់ប្រទេសហ្សកដានី។
ក្រុមមន្ត្រីបាននិយាយថា ការធ្លាយនេះមានឡើង បន្ទាប់ពីស៊ីទែនស្តុកឧស្ម័នក្លចំណុះ ២៥តោនដែលត្រូវបាននាំចេញទៅកាន់ប្រទេសជីប៊ូទី (Djibouti) បានធ្លាក់ពេលកំពុងដឹកជញ្ជូន។ ឧស្ម័នក្លគឺជាថ្នាំសម្លាប់មេរោគ និងជាភ្នាក់ងារបន្សុទ្ធទឹកដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ប៉ុន្តែប្រសិនបើស្រូបចូល ឧស្ម័នប្រែទៅជាអាស៊ីតហាយដ្រូក្ល (hydrochloric) ដែលអាចនាំឱ្យឆេះផ្នែកខាងក្នុង និងលេចជ្រាបតាមរយៈការបញ្ចេញប្រតិកម្មទឹកនៅក្នុងសួត៕