
ស្ទឹងត្រែងៈ តំបន់ទន្លេមេគង្គក្នុងប្រទេសកម្ពុជា នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ទាក់ទងនឹងការរស់រានមានជីវិតដ៏អាថ៌កំបាំងរបស់ប្រភេទសត្វកម្រនិងជិតផុតពូជមួយចំនួន រួមទាំងជីវចម្រុះជាច្រើនទៀត។ នេះបើតាមមន្ត្រីជំនាញផ្នែកវិស័យទេសចរណ៍ និង ធនធានជលផល។
ការលើកឡើងរបស់ក្រុមមន្ត្រីជំនាញទាំងនោះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រ នៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និង រដ្ឋបាលជលផលកម្ពុជា អះអាងថា ត្រីបបែលយក្សទឹកសាប ដែលប្រជានេសាទនៅភូមិ-ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចាប់បានកាលពីពេលថ្មីៗកន្លងទៅនេះ គឺ វាជាត្រីបបែលទឹកសាបដ៏ធំបំផុតរបស់ពិភពលោក ដែលបានបំបែកកំណត់ត្រាចាស់របស់ត្រីរាជដែលចាប់បានក្នុងទន្លេមេគង្គនៃប្រទេសថៃ កាលពីឆ្នាំ ២០០៥ ដែលមានទម្ងន់ ២៩៣ គីឡូក្រាម។
លោក អ៊ិន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា វត្តមានរបស់ត្រីបបែលយក្សទឹកសាបដ៏ធំបំផុតក្នុងលោក ១ ក្បាលនោះ គឺជាផលិតផលទេសចរណ៍ដ៏សំខាន់មួយទៀត សម្រាប់អ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ដែលចង់ស្វែងយល់ពីភាពអាថ៌កំបាំងនៃការរស់រានមានជីវិតរបស់ប្រភេទសត្វកម្រ និងជិតផុតពូជក្នុងទន្លេមេគង្គនៅប្រទេសកម្ពុជា ខណៈប្រទេសដែលមានទន្លេមេគង្គហូរឆ្លងកាត់ ដូចជា ចិន មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម មិនត្រូវបានគេជួបប្រទះវត្តមានរបស់វាដ៏ធំសម្បើម ដូចជានៅប្រទេសកម្ពុជានោះទេ។
លោកថា៖ «ទន្លេមេគង្គនៅកម្ពុជា គឺជាទីជម្រកដ៏សុខសាន្ត សម្រាប់សត្វមានជីវិតគ្រប់ប្រភេទរស់នៅ ជាពិសេស ប្រភេទសត្វកម្រ និងជិតផុតពូជក្នុងពិភពលោក ដូចជា សត្វផ្សោតអ៊ីរ៉ាវ៉ាឌី និងត្រីបបែលយក្សដ៏ធំបំផុតក្នុងពិភពលោកនេះជាដើម។ អ៊ីចឹងទេ ទៅថ្ងៃអនាគត ទន្លេមេគង្គនៅកម្ពុជាយើង នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ សម្រាប់អ្នកសិក្សាស្រាវជ្រាវ អំពីការរស់រានមានជីវិត របស់ប្រភេទសត្វកម្រនិងជិតផុតពូជលើពិភពលោកទាំងនេះ»។
បើតាមលោកប៉ោសឿន នៅពេលនេះ ក្រុមការងាររបស់លោកកំពុងរៀបចំចងក្រងឯកសារអំពីតំបន់ ដែលមានសត្វបបែលយក្សរស់នៅ ដើម្បីផ្សព្វផ្សាយដល់សាធារណជនបានដឹង និងស្វែងយល់ពីតំបន់ដ៏មានសក្ដានុពលទាំងនេះ បើទោះជាគេនៅមិនទាន់ដឹងច្បាស់អំពីជីវសាស្ត្ររបស់សត្វបបែលយក្សទឹកសាបនេះក៏ដោយ។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ប្រជាសហគមន៍អេកូទេសចរណ៍ក្នុងតំបន់អន្លង់ផ្សោតទាំងអស់ ចូលរួមគាំទ្រនិងផ្សព្វផ្សាយអំពីតំបន់ ដែលមានសត្វបបែលយក្សនេះរស់នៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមកទស្សនាសត្វផ្សោតនៅខេត្តស្ទឹងត្រែង ដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍បន្ថែមទៀតពីក្រុមទេសចរ។
ចំណែកលោក ផេង បឿន ប្រធានសហគមន៍នេសាទ កោះព្រះ ដែលមានបម្រើសេវាកម្មទូកទេសចរណ៍ សម្រាប់អ្នកដែលចង់ទស្សនាសត្វផ្សោតនៅតំបន់អន្លង់កាំងកូនសត្វ អន្លង់កោះសន្ទក់ និងអន្លង់ត្បូងខ្លា នៃស្រុកសៀមបូក ខេត្តស្ទឹងត្រែង ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពួកគាត់ បានធ្វើការផ្សព្វផ្សាយអំពីករណីនេះ តាំងពីមានអ្នកនេសាទម្នាក់បាន បង្កៃសន្ទូចជាប់ត្រីបបែលយក្ស ដែលមានទម្ងន់ ១៨០ គីឡូក្រាម នាអំឡុងខែឧសភា កន្លងទៅម្ល៉េះ។
លោកថ្លែងថា៖ «ជាទូទៅ ក្រៅពីជាប់សន្ទូចអ្នកនេសាទ យើងកម្រឃើញត្រីបបែលយក្ស ផុសចេញលើផ្ទៃទឹក បណ្ដែតខ្លួនឱ្យយើងឃើញដូចជាសត្វផ្សោតទេ។ ប៉ុន្តែពួកវាពិតជាមានជីវិតរស់នៅច្រើនជាងការរកឃើញរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គទៅទៀត»។
បើតាមលោក ផេង បឿន កន្លងមកក្រុមប្រជានេសាទនៅក្នុងសហគមន៍របស់លោក បានជួបប្រទះហ្វូងរបស់វា ដែលមានទម្ងន់ប្រមាណចន្លោះពី ៣០-៤០ គីឡូក្រាម ជាង១០ក្បាល នៅចំណុចកាំងកូនសត្វ។ ប៉ុន្តែមិនធ្លាប់ជួបប្រទះពួកវាដែលមានទម្ងន់ ៣០០ គីឡូក្រាមដូចកាលពីពេលថ្មីៗនេះឡើយ។
លោកប្រាប់ថា តាមដែលប្រជានេសាទនៅក្នុងសហគមន៍របស់លោក បានជួបប្រទះហើយនិយាយតគ្នាមកនោះ ត្រីបបែលយក្សនេះមាន២ប្រភេទ គឺ ត្រីបបែលពណ៌ខ្មៅ ដែលអ្នកភូមិរបស់លោកហៅថា «ត្រីបបែលក្របី» និងត្រីបបែលពណ៌ក្រហម ដែលអ្នកភូមិរបស់លោកហៅថា «ត្រីបបែលគោ»។
ទោះយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រ នៅមិនទាន់ធ្វើការបកស្រាយថា ត្រីបបែលយក្សទឹកសាបមានប៉ុន្មានប្រភេទនៅឡើយទេ ក្រៅពីមានសម្បុរខ្មៅ និងចូលចិត្តរស់នៅក្នុងអន្លង់ទឹកជ្រៅ ដែលមានបរិស្ថានស្អាត។ នេះបើតាមលោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង។
លោកនិយាយថា៖ «ផ្អែកតាមជីវសាស្ត្ររបស់ត្រីបបែលទឹកសាប គឺពួកវាមិនផុសនៅលើផ្ទៃទឹក ដូចជាសត្វផ្សោត ដែលអាចឱ្យអ្នកទេសចរទូទៅទស្សនាវាដូចជាទស្សនាសត្វផ្សោតឡើយ។ ដូច្នេះតំបន់ដែលមានពួកវារស់នៅនេះ មិនមែនជាគោលដៅទេសចរណ៍សម្រាប់មនុស្សទូទៅនោះទេ ប៉ុន្តែ វាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រ ដែលផ្ដោតសំខាន់ទៅលើធនធានជលផលទឹកសាប»។
លោក សម វិចិត្រ បន្តថា ត្រីបបែលយក្យទឹកសាបទន្លេមេគង្គ មិនមែនមាននៅតែក្នុងតំបន់កោះព្រះ ស្រុកសៀមបូកនោះទេ វាមាននៅក្នុងតំបន់រ៉ាមសា នៃស្រុកសៀមប៉ាងផងដែរ។ ប៉ុន្តែមកទល់ពេលនេះ ក្រុមអ្នកសិក្សាស្រាវជ្រាវ នៅមិនទាន់ដឹងច្បាស់ពីចំនួននិងការបំផ្លាស់ទីរបស់ពួកវា ឱ្យបានច្បាស់លាស់នៅឡើយទេ។
កាលពី ២ សប្ដាហ៍មុន ក្រុមអ្នកវិទ្យាសាស្ត្រនៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានធ្វើការដាក់ពង្រាយឧបករណ៍ផ្ដល់សញ្ញា acoustic tag ចំនួន៣៦គ្រឿង នៅតាមដងទន្លេមេគង្គលើក្នុងប្រទេសកម្ពុជា ដើម្បីតាមដានពីដំណើរ និងអាកប្បកិរិយារបស់ត្រីបបែលយក្សទន្លេមេគង្គ ដ៏ធំបំផុតរបស់ពិភពលោក។ ប៉ុន្តែមកទល់ពេលនេះ គេនៅមិនទាន់ចុះប្រមូលទិទ្នន័យពីឧបករណ៍ទាំងនោះ មកធ្វើការវិភាគ ដើម្បីសិក្សាស្វែងយល់បន្ថែមពីសកម្មភាពរស់នៅដ៏អាថ៌កំបាំងរបស់ពួកវានៅឡើយទេ៕