ក្រុងគៀវៈ ក្រុមអ្នកពន្លត់អគ្គីភ័យ និងទាហានបានស្វែងរកកាលពីថ្ងៃអង្គារ ដើម្បីរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែកនៃផ្សារទំនើបមួយនៅកណ្តាលប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ 18 នាក់នៅក្នុងការវាយប្រហារមួយដែលត្រូវបានថ្កោលទោសដោយអង្គការសហប្រជាជាតិ និងលោកខាងលិច។
លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា មីស៊ីលរុស្ស៊ីបានវាយប្រហារផ្សារទំនើបមួយកន្លែង នៅកណ្ដាលប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ខណៈទីក្រុង Moscow បានប្រយុទ្ធដើម្បីគ្រប់គ្រងទីក្រុងដ៏សំខាន់មួយនៅភាគខាងកើត ហើយមេដឹកនាំលោកខាងលិចបានសន្យាថានឹងគាំទ្រទីក្រុង Kyiv ក្នុងសង្គ្រាមនេះឲ្យតែអ៊ុយក្រែនត្រូវការ។ លោក Zelenskyy បានសរសេរនៅលើបណ្ដាញសង្គម Telegram ថា មនុស្សជាង ១,០០០នាក់បាននៅខាងក្នុង នៅពេលមីស៊ីលរុស្ស៊ីចំនួន ២គ្រាប់បានវាយប្រហារទៅលើផ្សារទំនើបក្នុងទីក្រុង Kremenchuk ភាគអាគ្នេយ៍នៃរដ្ឋធានី Kyiv។ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៨នាក់បានស្លាប់ និង ២៥ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈប្រហែល ៣៦ នាក់កំពុងបាត់ខ្លួន។
រុស្ស៊ីពុំបានធ្វើអត្ថាធិប្បាយលើការវាយប្រហារ ដែលត្រូវបានថ្កោលទោសដោយអង្គការសហប្រជាជាតិ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែននោះទេ។ ប៉ុន្តែឯកអគ្គរដ្ឋទូតរងរបស់ខ្លួនប្រចាំអង្គការសហប្រជាជាតិលោក Dmitry Polyanskiy បានចោទប្រកាន់អ៊ុយក្រែនថា បានប្រើឧបទ្ទវហេតុនេះដើម្បីទទួលបានការអាណិតអាសូរ មុនកិច្ចប្រជុំកំពូលសម្ព័ន្ធមិត្តយោធាណាតូនៅថ្ងៃទី២៨ ដល់ ៣០ ខែមិថុនានេះ៕
ប្រភពៈ Reuters