ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ទូទំាងប្រទេស បានចេញលិខិតដោយប្រគល់ភារកិច្ចជូនអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ដែលជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ទទួលខុសត្រូវ បន្តយកចិត្តទុកដាក់ខ្ពស់ និងចាត់ចែងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមស្រុក/ក្រុង/ខណ្ឌ ឃុំ/សង្កាត់ និងភូមិ ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ដោយធ្វើការកៀរគរប្រជាពលរដ្ឋតាមភូមិ ឃុំនីមួយៗ និងចាត់ចែងពង្រាយក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំង កូវីដ-១៩ នៅតាមភូមិ ឃុំ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។
លោកស្រី ឱ វណ្ណឌីន ក៏បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តពិនិត្យតាមដានជំរុញ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាជនដែលបានចាក់ និងមិនបានចាក់វ៉ាក់សាំងដូសទី៣ (ជាប្រភេទណា កម្មករ កសិករ ឬក្រុមណា) នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជាក់លាក់ រួចផ្ញើមក គ.វ.ក-១៩ យ៉ាងយូរត្រឹមថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០២២។
ជាមួយគ្នានេះ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំចាត់ចែងធ្វើផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយផ្អែកលើចំនួនដែលបានធ្វើបច្ចុប្បន្នភាពជាក់ស្ដែងរួច ដើម្បីចាត់ចែងការចុះចាក់ផ្ទាល់ដល់ទីតាំងកំណត់ជាក់លាក់ ដោយពង្រាយក្រុម គ្រូពេទ្យដល់ភូមិ ឃុំ រួមទាំង ជំរុញការផ្តល់សេវាចាក់វ៉ាក់សាំងនេះទាំងថ្ងៃសៅរ៍, ថ្ងៃអាទិត្យ និងថ្ងៃបុណ្យនានា។
រដ្ឋបាលរាជធានី-ខេត្ត បន្តការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមគោលដៅ សំខាន់ៗមានដូចជារោងចក្រ-សហគ្រាស សាលារៀន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ផ្សារ កម្មករសំណង់ អ្នក បម្រើតាមភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកម្សាន្តសប្បាយ កន្លែងស្នាក់នៅ និងកន្លែងធ្វើការប្រមូលផ្តុំ ។ល។) ដោយជំរុញឱ្យមានកិច្ចសហការពីម្ចាស់ទីតាំងទាំងនេះ។
ក្រៅពីនេះ ត្រូវបន្តអប់រំប្រជាជននៅតាមមូលដ្ឋានឱ្យយល់ដឹងពីសារៈសំខាន់នៃការមកទទួលយកការចាក់វ៉ាក់សាំងដូសជំរុញ ទី៣ ទី៤ និងទី៥ ដើម្បីជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យមានកំណើនឡើង បន្តរក្សាភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍បានរឹងមាំ ធានានិរន្តរភាពនៃការបើកដំណើរការសេដ្ឋកិច្ច និងសង្គមជាតិក្នុងការ រស់នៅធម្មតាតាមបែបប្រក្រតីភាពថ្មី។
សូមបញ្ជាក់ថា តាមរយៈសារជាសំឡេងនៅថ្ងៃម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញកង្វល់ និងអំពាវនាវប្រជាពលរដ្ឋ សូមទៅចាក់ដូសទី៣ ដែលប្រជាពលរដ្ឋមិនទាន់បានទទួលនៅឡើយដែលនោះ ជាចំណុចប្រហោងសម្រាប់ការវាយលុកនៃកូវីដ១៩។
សម្តេចតេជោ ក៏បានណែនាំដល់ក្រុមគ្រូពេទ្យ ក្រោមការគ្រប់គ្រង និងបញ្ជាពីសំណាក់បណ្ដាអង្គភាពតាមការចាត់ចែងរបស់គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស អាជ្ញាធរគ្រប់រាជធានីខេត្ត រៀបចំបង្កលក្ខណៈងាយស្រួល និងបង្កើតក្រុមចាក់វ៉ាក់សាំងទៅដល់តាមភូមិរបស់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ ដែលពួកគាត់មិនមានលទ្ធភាពធ្វើដំណើរទៅកាន់ទីកន្លែងចាក់វ៉ាក់សាំងដែលយើងរៀបចំជូន។
សម្ដេច ក៏បានណែនាំដល់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេសត្រូវសិក្សាមើលថា តំបន់ណាដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី ៣ច្រើនជាងគេ ដើម្បីងាយស្រួលពង្រីកទីតាំងការចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋ។ សម្រាប់ថ្នាក់ខេត្តរាជធានីត្រូវសិក្សាថា អ្នកមិនទាន់ចាក់ដូសទី៣ ស្ថិតនៅប្រភេទណា ជាកម្មករ ជាកសិករ ជាតំបន់ណាពិតប្រាកដ ដើម្បីងាយពង្រីកក្រុុមគ្រូពេទ្យទៅកាន់ទីនោះ៕