អង្គការណាតូ៖ អង្គការណាតូបានអញ្ជើញហ្វាំងឡង់ និងស៊ុយអែតកាលពីថ្ងៃពុធ ទី ២៩ ខែមិថុនាឲ្យចូលរួមក្នុងសម្ព័ន្ធយោធា ដែលវាជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៅក្នុងសន្តិសុខអ៊ឺរ៉ុបក្នុងរយៈពេលប៉ុន្មានសតវត្សរ៍ចុងក្រោយ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឲ្យប្រទេសទាំងពីរបោះបង់ចោលអព្យាក្រឹតភាពរបស់ពួកគេ។
អង្គការសម្ព័ន្ធយោធាដែលមានសមាជិកចំនួន ៣០ប្រទេសនេះបានធ្វើសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ និងក៏បានព្រមព្រៀងគ្នាក្នុងការចាត់ទុករុស្ស៊ីជាផ្លូវការថា «ជាការគំរាមកំហែងដ៏សំខាន់បំផុត និងដោយផ្ទាល់ចំពោះសន្តិសុខរបស់ណាតូ»។ នេះបើយោងតាមសេចក្តីប្រកាសរបស់កិច្ចប្រជុំកំពូល។
មេដឹកនាំណាតូនិយាយក្នុងសេចក្តីប្រកាសដូច្នេះថា «ថ្ងៃនេះ យើងបានសម្រេចអញ្ជើញ ហ្វាំងឡង់ និងស៊ុយអែតឲ្យក្លាយជាសមាជិកណាតូ»។ ការប្រកាសនេះកើតឡើងក្រោយពេលតួកគីបានយល់ព្រមទទួលប្រទេសទាំងពីរឲ្យចូលរួមជាមួយណាតូ។
ការអនុម័តនៅក្នុងសភាសម្ព័ន្ធមិត្ត ទំនងជាត្រូវការរយៈពេលរហូតដល់មួយឆ្នាំ ប៉ុន្តែនៅពេលវារួចរាល់ ហ្វាំងឡង់ និងស៊ុយអែតនឹងត្រូវបានការពារដោយមាត្រាទី ៥របស់អង្គការណាតូ ដោយស្ថិតក្រោមឆ័តការពារនុយក្លេអ៊ែររបស់អាមេរិក។
ប្រមុខអង្គការណាតូលោក Jens Stoltenberg និយាយថា «យើងនឹងធ្វើឲ្យប្រាកដថា យើងអាចការពារសម្ព័ន្ធមិត្តទាំងអស់បាន រួមមានហ្វាំងឡង់ និងស៊ុយអែត»។
ក្នុងពេលជាមួយគ្នានេះ ណាតូគ្រោងនឹងបង្កើនវត្តមានកងទ័ពរបស់ពួកគេនៅក្នុងតំបន់ន័រឌីក (Nordic) ដោយធ្វើសមយុទ្ធយោធាបន្ថែមទៀត និងការល្បាតជើងទឹកនៅសមុទ្របាល់ទិក ដើម្បីធានាដល់ប្រទេសស៊ុយអែត និងហ្វាំងឡង់។
«យើងកំពុងផ្ញើសារដ៏ខ្លាំងមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី Vladimir Putin៖ អ្នកនឹងមិនឈ្នះនោះទេ»។ នេះជាការថ្លែងរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez ក្នុងសុន្ទរកថា។
សូមរម្លឹកថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅថា NATO ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤៩ ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់សូវៀត៕
ប្រភព៖ Reuters