(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ វត្តមានរបស់សម្តេចតេជោ នៅអាងត្រពាំងថ្មថ្ងៃនេះ គឺជាវត្តមានលើកទី២ហើយ ខណៈលើកទី១ សម្តេចតេជោ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអាងនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់ កាលពីខែមីនា ឆ្នាំ២០០៦។
ការលែងកូនត្រី និងត្រីមេពូជនាថ្ងៃនេះ ដើម្បីអបអរសាទរទិវាមច្ឆជាតិ១កក្កដា និងដើម្បីធ្វើឱ្យអាងទឹកត្រពាំងថ្ម សម្បូរទៅដោយពូជមច្ឆជាតិចម្រុះ និងលូតលាស់រីកសាយដល់តំបន់ផ្សេងៗទៀត អាចចរាចរចូលដល់ដែននេសាទដទៃទៀត ដែលអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនត្រី និងត្រីមេពូជប្រមាណ ១លានក្បាលដែលនឹងត្រូវលែងនេះរួមមាន៖ ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា និងត្រីកន្ធរ។ល។ រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបជាដើម។ ក្រៅតែពីលែងកូនត្រី និងត្រីមេពូជហើយ កម្មវិធីនេះក៏គ្រោងលែងកូនបង្កងទឹកសាបជាថ្មី ប្រមាណ ២០ម៉ឺនក្បាលបន្ថែមទៀតផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធទិវាមច្ឆជាតិ ចាប់តាំងពីឆ្នាំ២០០៣ ដោយមានការលែងមេពូជត្រី កូនត្រី និងវារីសត្វ ពូជក្នុងស្រុកប្រមាណ៥លានកូនក្នុង១ឆ្នាំ ចូលទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិឱ្យកើនឡើង សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែដោយសារហានិភ័យបណ្តាលមកពីវិបត្តិជាសាកលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំ «ទិវាមច្ឆជាតិ» ចាប់ពីឆ្នាំ២០២០ មកទល់ពេលនេះ។ ទោះជាមានបញ្ហាដូចនេះក្តី ការលែងកូនត្រីទៅក្នុងដែនសហគមន៍មានលក្ខណៈទ្រង់ទ្រាយតូច គឺអាចប្រព្រឹត្តទៅធម្មតា។
សូមបញ្ជាក់ថា អាងទឹកត្រពាំងថ្ម កន្លែងដែលសម្តេចតេជោ អញ្ជើញលែងកូនត្រី និងត្រីមេពូជនេះ ជាប្រព័ន្ធធារាសាស្ត្រដ៏ធំមួយ និងជារមណីយដ្ឋានទេសចរណ៍ដ៏ស្រស់ត្រកាល ដែលស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ អាងទឹកដ៏ធំនេះ ត្រូវព័ទ្ធដោយទំនប់ពីកើតទៅលិចមានប្រវែង ១០គីឡូម៉ែត្រ និងពីជើងទៅត្បូងមានប្រវែង ៧គីឡូម៉ែត្រ។
នៅរដូវវស្សាអាងទឹកត្រពាំងថ្មអាចរក្សាទឹកបានប្រមាណ ១៨០លានម៉ែត្រគូប។ នៅរដូវប្រាំងអាងទឹកនេះអាចរក្សាទឹកបាន ១២០លានម៉ែត្រគូប ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាទំហំ ២៥,០០០ហិកតា និងស្រែប្រាំងទំហំ ១២,០០០ហិកតា។
អាងត្រពាំងថ្មនេះ កាលដើមឡើយជាផ្ទៃដីស្រែធម្មតារបស់ប្រជាពលរដ្ឋ។ លុះក្នុងរបបខ្មែរក្រហម មេដឹកនាំខ្មែរក្រហមបានចាប់បង្ខំប្រជាពលរដ្ឋឱ្យជីកដីលើកជាទំនប់ ដើម្បីទប់យកទឹកបម្រើការធ្វើស្រែនៅតំបន់នេះ។ ការសាងសង់មិនទាន់បានរួចរាល់ទាំងស្រុងនោះឡើយ ហើយអាកខានទៅវិញ នៅពេលរបបដ៏ឃោរឃៅនេះ ត្រូវបានកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែ មករា ឆ្នាំ១៩៧៩។ ក្នុងពេលសាងសង់អាងត្រពាំងថ្មនោះ មេដឹកនាំខ្មែរក្រហម បានបង្ខំប្រជាពលរដ្ឋឱ្យធ្វើការយ៉ាងទារុណបំផុត ធ្វើការដោយហួសកម្លាំង និងបរិភោគអាហារមិនគ្រប់គ្រាន់នោះឡើយ។
ការធ្វើការដោយទារុណ និងបរិភោគអាហារមិនបានគ្រប់គ្រាន់នោះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមិនតិចនោះឡើយបានស្លាប់បាត់បង់ជីវិតនៅក្នុងការដ្ឋានជីកដីលើកទំនប់អាងត្រពាំងថ្មនេះ ពោលប្រជាពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ បានចោលឆ្អឹងក្នុងការដ្ឋានទំនប់ត្រពាំងថ្ម។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំទៅ ភូមិសាស្ត្រនៃស្រុកភ្នំស្រុកនេះ នៅតែជាកន្លែងមានអំណោយផលខ្ពស់សម្រាប់ការធ្វើស្រែ តែបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនោះ គឺការខ្វះទឹកសម្រាប់ស្រោចស្រព។ ដោយមើលឃើញពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រោមជំនួយថវិកាពីរដ្ឋាភិបាលជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចធ្វើការស្តារ ជួសជុល និងកែលំអរអាងត្រពាំងថ្មនេះ ដើម្បីទាញយកទឹកបម្រើដល់ការស្រោចស្រព និងការប្រើប្រាស់។
ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោករដ្ឋមន្ត្រី លឹម គានហោ បានចាប់ផ្តើមដំណើរការស្តារ កែលំអរ និងជួសជុលអាងនេះ នៅឆ្នាំ២០០៤ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅខែមីនា ឆ្នាំ២០០៦។
របាយការណ៍ការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅឆ្នាំ២០០៤ ក្រោមគម្រោងថវិការបស់រដ្ឋាភិបាលជប៉ុន ក្រសួងបានជួសជុលទំនប់ភ្លឺអាង និងសំណង់។ នៅឆ្នាំ២០១០ ដល់ ២០១២ គម្រោងមូលនិធិទ្រទ្រង់ថវិកា (Budget Support) ជួសជុលស្តារប្រឡាយមេចំនួន ៤ខ្សែ MC1,MC2 and MC3 និងប្រឡាយកុមារ ប្រវែងសរុប ៧១គីឡូម៉ែត្រ ប្រឡាយរងចំនួន ១២ខ្សែ ប្រវែងសរុប ៨៧គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បៈការតូចធំ ៨០កន្លែង។
នៅឆ្នាំ២០១៤ ដល់ ២០១៦ គម្រោងថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជួសជុលទំនប់ភ្លឺអាងប្រវែង ២១គីឡូម៉ែត្រ និងរៀបថ្មធំជើងទេរទំនប់ប្រវែង ១០គីឡូម៉ែត្រ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។ នៅឆ្នាំ២០២០ ដល់ ២០២១ គម្រោងថវិការបស់រដ្ឋាភិបាលសង្រោះបន្ទាន់ទឹកជំនន់ឆ្នាំ២០២០ ជួសជុលទំនប់ភ្លឺអាងប្រវែង ១០គីឡូម៉ែត្រ និងជួសជុលភ្លឺប្រឡាយមេប្រវែង ១៥គីឡូម៉ែត្រ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។
នៅឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ជីកប្រឡាយជើងក្អែបនៅប្រព័ន្ធអាងត្រពាំងថ្ម ចំនួន ២១៦ខ្សែ និងសាងសង់ សំណង់សិល្បះការលើប្រឡាយជើងក្អែប ចំនួន ៣៣កន្លែង អនុវត្តដោយមន្ទីរធនធានទឹក និងឧតុនិយម។
របាយការណ៍បានបញ្ជាក់ថា ប្រព័ន្ធអាងត្រពាំងថ្ម និងប្រព័ន្ធពាក់ព័ន្ធត្រូវបានកែលម្អរជួសជុលឡើងវិញប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយប្រើប្រាស់ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងថវិការដ្ឋាភិបាល អស់ថវិកាសរុប ៤៥លានដុល្លារអាមេរិក ដើម្បីធានាបានសម្រាប់ការស្រោចស្រពលើផ្ទៃដីចំនួន ៣៥,០០០ហិកតា និងធានាការរំដោះគ្រោះទឹកជំនន់របស់ស្រុកភ្នំស្រុក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជាផែនការបន្ត ក្រសួងធនធានទឹក និងឧតុនិយម បានលើកផែនការធ្វើទំនើបកម្មវិស្វកម្ម ឲ្យទៅជាបេតុងដោយប្រើប្រាស់ថវិកាកម្ចីពីធនាគារវិនិយោគរបស់សហគមន៍ អ៉ឺរ៉ុប និងEIB៕