Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា-ម៉ុងហ្គោលី គ្រោង​នឹងធ្វើ​ការ​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​និង​វិនិយោគ​

Admin Alynana | Jul 04, 2022
កម្ពុជា-ម៉ុងហ្គោលី គ្រោង​នឹងធ្វើ​ការ​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​និង​វិនិយោគ​
Clinic narith

ភ្នំពេញ៖ កម្ពុជា-ម៉ុងហ្គោលី គ្រោង​នឹងធ្វើ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ដើម្បី​មានលទ្ធភាព​ក្នុងការ​លើកកម្ពស់​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​ទាំង២ ជាពិសេស​គឺ​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​​ម៉ុង​ហ្គោ​លី​សិក្សា​អំពី​សក្តានុពល​លើ​វ​ស័​យ​កសិកម្ម​កម្ពុជា និង​ទំនិញ​សំខាន់ៗ​ដទៃទៀត​ដែល​អាចជា​តម្រូវការ​ទីផ្សារ​របស់ខ្លួន​។

​ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក JAMSRAN BYAMBASUREN ឯកអគ្គរដ្ឋទូត​ម៉ុង​ហ្គោ​លី​ប្រចាំ​កម្ពុជា​ទើប​តែងតាំង​ថ្មី ដែលមាន​និវាសន្និដ្ឋាន​នៅ​ទីក្រុង​វាងចន្ទន៍ ប្រទេស​ឡាវ និង​សហការី នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​២៩ ខែមិថុនា​កន្លងមកនេះ​។​

​លោក រាជ រ៉ា​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ក្នុងការ​ធ្វើឱ្យ​ប្រសើរ​ទ្បើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​តាមរយៈ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ និង​ការដាក់​ប្រកាស​ឱ្យប្រើ​ច្បាប់​សំខាន់ៗ រួមមាន ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម​និង​បញ្ជីពាណិជ្ជកម្ម ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ច្បាប់​ស្តីពី​ការប្រកួតប្រជែង ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ច្បាប់​ស្តីពី​ភាពជា​ដៃគូរវាង​រដ្ឋ​និង​ឯកជន ច្បាប់​ស្តីពី​វិនិយោគ និង​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ ជាដើម​។

​លោក​បាន​ថ្លែងថា​៖«​តួនាទី​ដ៏​សំខាន់​របស់​កម្ពុជា​ក្នុងការ​ចូលរួមចំណែក​ក្នុង​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ តាមរយៈ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន និង​កម្ពុជា​-​កូរ៉េ​»​។

​លោក​បានកត់សម្គាល់​នូវ​ឱកាស​និង​សក្តានុពល​ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង២​ឱ្យ​កាន់តែ​រីកចម្រើន​ជាង​នេះ តាមរយៈ​ការពិនិត្យ​​លទ្ធភាព​រៀបចំ​ឱ្យមាន​នូវ​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិ​ការសេដ្ឋកិច្ច ឬ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជំរុញ​ពាណិជ្ជកម្ម ជាដើម។​

 

​លោក JAMSRAN បាន​មានប្រសាសន៍ថា លោក​កត់​សម្គាល់​អំពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​សម្រួល​ពាណិជ្ជកម្ម ទាក់ទាញ​វិនិយោគ និង​អភិវឌ្ឍ​វិស័យ​សំខាន់ៗ​ជា​ខឿន​សេដ្ឋកិច្ចជាតិ​។ ប្រទេស​ម៉ុង​ហ្គោ​លី​បាន​និងកំពុងធ្វើការ​ស្វែងយល់​ពី​បរិបទ​នៃ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង២នាពេល​កន្លងមក​។

​លោក រាជ រ៉ា​បាន​គាំទ្រ​ចំពោះ​សំណើ​ក្នុង​ការរៀបចំនូវ​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច ឬ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដើម្បី​មានលទ្ធភាព​ក្នុងការ​លើកកម្ពស់​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​ទាំង២ ហើយ​បាន​គូសបញ្ជាក់​ផងដែរ អំពី​សក្តានុពល​លើ​វិ​ស័​យ​កសិកម្ម​កម្ពុជា និង​ទំនិញ​សំខាន់ៗ​ដទៃទៀត​ដែល​អាចជា​តម្រូវ​ទីផ្សារ​របស់​ម៉ុង​ហ្គោ​លី​។

​លោក​ក៏បាន​ស្នើឱ្យ​មានការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច ឬ​ជំនួប​រវាង​ថ្នាក់ដឹកនាំ​រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួងការបរទេស​ម៉ុង​ហ្គោ​លី ដើម្បី​បន្ត​ពិភាក្សា​លើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឱ្យបាន​កាន់តែ​ស៊ីជម្រៅ​។​

​កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០២០ លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​-​ម៉ុង​ហ្គោ​លី បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ដែលមាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដើម្បី​ពិនិត្យ​លើ​ទស្សនទាន​នៃ​ការសិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។​

​លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ឆ្លាស់​វេន​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កន្លងមក​ថា ការសិក្សា​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ដែលជា​វិធានការ​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា ដើម្បី​ធ្វើ​ពិ​ពិធ​កម្ម​ទីផ្សារ​នៅក្នុង​តំបន់ និង​ពិ​ភព​លោក​។​

​លោក​ថ្លែងថា​៖ «​ក្រសួងពាណិជ្ជកម្ម​យើង​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រីក​ទីផ្សារ​ថ្មី​បន្ថែមទៀត​។​យើង​ជា​ប្រទេស​មាន​សក្តានុពល​ផ្នែក​កសិកម្ម ដែលមាន​លទ្ធភាព​ច្រើន​ក្នុងការ​ពង្រីក​កសិកម្ម​យើង​ទៅ​ជាក​សិ​-​ឧស្សាហកម្ម យើង​គិតថា​យើង​មានលទ្ធភាព​នាំចេញ​ផលិតផល​​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក ក្នុងនោះ​ក៏មាន​ម៉ុង​ហ្គោ​លី ផងដែរ​»៕