Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងពាណិជ្ជកម្ម បានរៀបចំផែនការ​យុទ្ធសាស្ត្រ​ជ្រើសរើស​ផលិត​ផលកសិកម្មមានសក្តានុពលរបស់កម្ពុជា

Admin Alynana | Jul 08, 2022
ក្រសួងពាណិជ្ជកម្ម បានរៀបចំផែនការ​យុទ្ធសាស្ត្រ​ជ្រើសរើស​ផលិត​ផលកសិកម្មមានសក្តានុពលរបស់កម្ពុជា
Clinic narith

(ភ្នំពេញ) ក្រសួងពាណិជ្ជកម្ម បានពិភាក្សា និងអនុម័តឯកសារផែនការ​យុទ្ធសាស្ត្រ​ជ្រើសរើស​ផលិត​ផលកសិកម្មមានសក្តានុពលរបស់កម្ពុជា សម្រាប់នាំចេញនៅ​ក្រោមការអនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។

ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំ​ក្រុម​ការងារអន្តរក្រសួង​ប្រជុំ​ពិភាក្សា​ និងអនុម័តឯកសារផែនការយុទ្ធសាស្ត្រទាញយក​អត្ថ​ប្រយោជន៍​ជា​អតិបរមាពីការអនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងជូន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចជាលើកចុងក្រោយ។

កិច្ចប្រជុំនេះ ​ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ​ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១៥​ និងមន្រ្តីជំនាញជាច្រើនរូប សរុបចំនួន ៥៧នាក់។

គោលបំណងសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង គឺដើម្បីជ្រើសរើសទំនិញ​នាំចេញ​សក្ដានុពល​របស់កម្ពុជា​ ដោយប្រើប្រាស់ទីផ្សារ​ដែលមានស្រាប់ ដើម្បីទាញយកប្រយោជន៍​ជា​អតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។

ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ក្រុមការងារបានផ្ដោត​ទៅលើការសិក្សាលើមុខទំនិញ​អាទិភាព​ចំនួន ១០ មុខមុនគេ រួមមាន៖ ១-ស្រូវអង្ករ ២-ដំឡូងមី ៣-ចេក ៤-មៀនប៉ៃលិន ៥-ស្វាយ ៦-ស្វាយចន្ទី ៧-សាច់ ៨-កៅស៊ូធម្មជាតិ ៩-ម្នាស់ និង១០-ម្រេច ព្រមទាំងការទាក់ទាញអ្នកវិនិយោគ​ធ្វើជាមូលដ្ឋានដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ទ្វេភាគីផ្សេងទៀត។

ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានចាប់ផ្ដើមរៀបចំនៅត្រីមាសទី៤ នៃឆ្នាំ២០២០ និងបាន​សម្រេច​សេចក្តីព្រាងបឋមនៅឆ្នាំ២០២១ ដោយ​បានឆ្លងកាត់កិច្ចប្រជុំផ្ទៃក្នុង ​និងកិច្ចប្រជុំប្រមូលធាតុចូល​ពី​អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៧ លើក, កិច្ចប្រជុំជាមួយវិស័យឯកជនកាលពីថ្ងៃទី០៥ ខែ វិច្ឆិកា ​ឆ្នាំ២០២១ និងកិច្ចប្រជុំអន្តរក្រសួងក្រោមអធិបតីភាព ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ តាមប្រព័ន្ធវីដេអូ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយផ្តល់​ធាតុ​ចូល​ឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមការងារលេខាធិការដ្ឋានអាច​បញ្ចប់​ឯកសាររៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក្នុងពេលឆាប់ៗនេះ ​ព្រោះថា​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និង​កិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ (RCEP) បានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២​ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) ក៏​នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕