Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីក្រសួងការងារ ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនជាជំហានថ្មីមួយទៀត

Admin Alynana | Jul 11, 2022
រដ្ឋមន្ត្រីក្រសួងការងារ ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនជាជំហានថ្មីមួយទៀត
Clinic narith

(ភ្នំពេញ)៖ ជាទូទៅប្រជាជនកម្ពុជា ក្រៅពីមិនហ៊ានចំណាយថវិកាលើការថែទាំសុខភាព ក៏មិនមានទម្លាប់រៀបចំផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនឯង នៅពេលដែល ពួកគាត់ឈានចូលដល់វ័យចាស់ជរានោះដែរ ដោយភាគច្រើនត្រូវពឹងផ្អែកលើការឧបត្ថម្ភរបស់កូនចៅ។ ទម្លាប់នេះជាកត្តាជំរុញឱ្យប្រជាជនកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា ហើយបញ្ហានេះត្រូវបានគិតគូរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវច្បាប់ស្តីពីរបបសន្តិសុខសង្គម ។ 

នៅក្នុងច្បាប់នេះកំណត់ការគ្រប់គ្រងរបបសន្តិសុសង្គមនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ មកដល់ពេលនេះកម្ពុជា បានអនុវត្តរបបសន្តិសុខសង្គមចំនួន៣រួមមាន៖ ទី១.ផ្នែកហានិភ័យការងារអនុវត្តនៅឆ្នាំ២០០៨ ទី២.ផ្នែកថែទាំសុខភាពអនុវត្តនៅឆ្នាំ២០១៦ និងទី៣.ផ្នែកប្រាក់សោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ហើយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺជាជំហានថ្មីមួយទៀត ដែលជា ”ជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា” និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសបង្ការហានិភ័យខ្ពស់នៃការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រៀបចំធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ ដោយមានវត្តមានចូលរួមពីដល់ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក៏ជាកិច្ចប្រជុំលើកទី១ នៃយុទ្ធនាការ ៩០ថ្ងៃ ក្នុងការផ្សព្វផ្សាយពីកាតព្វកិច្ច និងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍ថា យុទ្ធនាការ ៩០ថ្ងៃ របស់បេឡាជាតិសន្តិសុខសង្គម ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត នៃវិស័យឯកជនទាំងអស់ឱ្យបានដឹងពីកាតព្វកិច្ច និងអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាល បានគិតគូរវែងឆ្ងាយដល់ស្ថិរភាពនៃប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិតនៃវិស័យឯកជន។ ការផ្សព្វផ្សាយនេះធ្វើឡើងដើម្បីធានាថា ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់យល់ដឹងពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ធ្វើយ៉ាងណាអាចផ្សព្វផ្សាយបន្តទៅកាន់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជន នៅក្នុងមូលដ្ឋានរបស់ខ្លួន ពីកាតព្វកិច្ចរួមគ្នាចូលរួមអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមឱ្យបានពេញលេញ ប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច។

ក្នុងស្ថានភាពដែលប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ការធានាផ្នែកសន្តិសុខសង្គម មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់នូវការគាំពារចំពោះប្រជាជនកម្ពុជា ដោយផ្អែកលើទស្សនទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម តាមរយៈគោលការណ៍នៃការចែករំលែក ប្រាក់ចំណូល តាមខ្សែទទឹង និងខ្សែបណ្តោយ គឺមានន័យថា អ្នកមានប្រាក់ចំណូលខ្ពស់ ជួយដល់អ្នកមានប្រាក់ចំណូលទាប អ្នកមានសុខភាពល្អ ជួយដល់អ្នកមានជំងឺ ជនពិការ ឬអ្នកដែលទទួលរងនូវគ្រោះថ្នាក់ផ្សេងៗ ជនមានវ័យក្មេងជួយដល់ជនចាស់ជរា ដែលការនេះធ្វើឱ្យមនុស្សក្នុងសង្គមទាំងមូល ទទួលបាននូវភាពកក់ក្តៅក្នុងជីវភាពរស់នៅ ធានារក្សាបានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា បេឡាជាតិសន្តិសុខសង្គម នឹងនៅតែខិតខំអនុវត្តតួនាទី ពង្រឹង និងពង្រីកវិសាលភាពរបស់ខ្លួន ផ្ដល់សេវាសាធារណៈ ដល់សមាជិក អនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងធានាសន្ដិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម ដល់សមាជិក ប.ស.ស. ទាំងវិស័យសាធារណៈ និងឯកជន ក៏ដូចជាក្រុមគោលដៅផ្សេងៗជាបន្តបន្ទាប់ទៀត៕
photo_2022-07-11_13-27-25photo_2022-07-11_13-27-12photo_2022-07-11_13-27-09photo_2022-07-11_13-40-19photo_2022-07-11_13-41-02photo_2022-07-11_13-40-57photo_2022-07-11_13-41-09photo_2022-07-11_13-41-12photo_2022-07-11_13-41-05photo_2022-07-11_13-27-04photo_2022-07-11_13-40-31