Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹង​សាងសង់​ស្ថានីយ​អង់តែន​ ១០០ បន្ថែម​ទៀត

Admin Alynana | Jul 15, 2022
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹង​សាងសង់​ស្ថានីយ​អង់តែន​ ១០០ បន្ថែម​ទៀត
Clinic narith

(កម្ពុជា)៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​សាងសង់​ស្ថានីយ​អង់តែន​ចំនួន ១០០ បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​គុណភាព​សេវា នៅ​តាម​គោលដៅ​ទេសចរណ៍​អាទិភាព និង​តំបន់​ទេសចរណ៍​ដាច់ស្រយាល ដែល​កំពុង​ប្រឈម​បញ្ហា​សេវា និង​អ៊ីនធឺណិត​ប្រើប្រាស់។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចុះ​ថ្ងៃទី ១៤ ខែ​កក្កដា បាន​ឱ្យដឹង​ថា គម្រោង​សាងសង់​ស្ថានីយ​អង់តែន ចំនួន ១០០ នេះ ដោយ​ប្រើប្រាស់​ថវិកា​របស់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល ព្រមទាំង​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ ក្រសួង​បរិស្ថាន ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និ​ងប្រតិបត្តិករ​ទូរសព្ទ​ចល័ត ដើម្បី​ពង្រឹង​គុណភាព​សេវា​ដល់​គោលដៅ​ទេសចរណ៍​អាទិភាព និង​តំបន់​ទេសចរណ៍​ដាច់ស្រយាល។

សេចក្តីប្រកាសថា៖ «ការ​សាងសង់​ស្ថានីយ​អង់តែន​បន្ថែម​នេះ​គឺ​ស្រប​នឹង​យន្តការ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​មាន​ក្រុម​ការងារ​ពង្រឹង​គុណភាព​សេវា​នៅ​តាម​តំបន់​ចំនួន ៥ នៅ​ទូទាំង​ប្រទេស និង​ក្រុម​ការងារ​ចំនួន ៨ សម្រាប់​ចុះ​ពង្រឹង​គុណភាព​សេវា​នៅ​តាម​បុរី​ក្នុង​រាជធានី​ភ្នំពេញ កំពុង​អនុវត្ត​ការងារ​យ៉ាងសកម្ម ក្នុង​ការ​វាស់ស្ទង់​គុណភាព​សេវា​នៅ​តាម​ភូមិសាស្ត្រ​ទូទាំង​ប្រទេស​ដើម្បី​ជំរុញ​កាតព្វកិច្ច​របស់​ប្រតិបត្តិករ​ក្នុង​ការ​សាងសង់​ស្ថានីយ​អង់តែន​បន្ថែម សំដៅ​ធ្វើឱ្យ​សេវា​ទូរគមនាគមន៍​មាន​គុណភាព​និង​ការ​គ្របដណ្ដប់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង»

ក្រសួង​ប្រៃសណីយ៍​បន្តថា ការ​សាងសង់​អង់តែន​នេះ​ធ្វើ​ឡើង យោងតាម​ប្រសាសន៍​ណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍ ផែនការ ស្ដារ​និង​លើក​ស្ទួយវិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺកូវីដ ១៩ កាល​ពី​ថ្ងៃទី ១៤ ខែ​កក្កដា ឆ្នាំ ២០២២។

ក្នុង​ពិធីនោះ​លោក ហ៊ុន សែន ថ្លែងថា រាល់​កម្មវិធី​នានា លោក​តែងតែ​ប្រើ​ទូរស័ព្ទដៃ ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ផ្កាយរណប ជំនួស​ឱ្យ​ការ​ប្រើប្រាស់ Wifi ដោយសារ​តែ​សេវា​អ៊ីនធឺណិត Wifi យឺត​ពេក មិនអាច​ប្រើប្រាស់​បាន ខណៈ​លោក​ស្នើ​ឱ្យ​ក្រុមហ៊ុន​នានា​ពង្រឹង​សេវា​អ៊ីនធឺណិត​ឡើងវិញ។

 

លោកថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «សូម​ក្រុមហ៊ុន​នានា និង​វិស័យ​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​សេវា​ទូរសព្ទ​អ៊ិនធឺណិត សេវា​ត្រូវតែ​ពង្រឹង តាម​តំបន់​ទេសចរណ៍ ក្នុង​ក្រុង និង​តាម​ជនបទ ព្រោះគេ​ត្រូវ​ទាក់ទង​ធ្វើ​ការងារ គេ​ដើរលេង​ផង​ធ្វើការផង»៕