Alynana Media Cambodia
Icon Collap
clinic narit

នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល និង​អេ​ស្ប៉ា​ញមានករណី​ស្លាប់​ដំបូង​ដោយសារ​ជំងឺ​អុត​ស្វា​នៅ​ខាងក្រៅ​ទ្វីប​អាហ្វ្រិក​

Admin Alynana | Jul 30, 2022
នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល និង​អេ​ស្ប៉ា​ញមានករណី​ស្លាប់​ដំបូង​ដោយសារ​ជំងឺ​អុត​ស្វា​នៅ​ខាងក្រៅ​ទ្វីប​អាហ្វ្រិក​
Clinic narith

​ប្រេស៊ីល៖ ប្រទេស​ប្រេ​ស៊ី​ល និង​អេស្ប៉ាញ​បាន​រាយការណ៍​ពី​ករណី​ស្លាប់ ​ដោយ​ជំងឺ​អុត​ស្វា​ជា​លើក​ដំបូង​។ បុរសអាយុ 41​ឆ្នាំ​ម្នាក់​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ បាន​ក្លាយ​ជា​អ្នក​ស្លាប់​ដំបូង​គេ​ដោយសារ​វីរុស​នេះនៅ​ខាងក្រៅ​ទ្វីប​អាហ្វ្រិក​។

កាលពី​សប្តាហ៍​មុនអង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ការ​ផ្ទុះ​ឡើង​ជំងឺ​អុត​ស្វា​ថា ​ជា​ភាព​អាសន្ន​សុខភាព​សកល​។ ប៉ុន្តែ​ជា​ធម្មតា​ករណី​ឆ្លង​មាន​ស្ថានភាព​ស្រាល ហើយ​ហានិភ័យ​ចំពោះ​ប្រជាជន​ទូទៅ​មាន​កម្រិត​ទាប​។ រហូតមកដល់​ពេលនេះ​ប្រទេស​ប្រេ​ស៊ី​ល​ បាន​រាយការណ៍​ករណី​ដែល​បាន​បញ្ជាក់​ចំនួន 1,066​ករណី និង​ករណី​សង្ស័យ​ចំនួន 513​ករណី។ ទិន្នន័យ​ពី​ក្រសួង​សុខាភិបាល​​ប្រេ​ស៊ី​ល​បង្ហាញ​ថា ជាង 98% នៃ​ករណី​ដែល​បាន​បញ្ជាក់​គឺ​កើតឡើង​ចំពោះ​បុរស​រួមភេទ​ជាមួយ​បុរស​។ ក្រោយមក​ក្រសួងសុខាភិបាល​​អេ​ស្ប៉ា​ញ​ បាន​បញ្ជាក់​ពី​ករណី​ស្លាប់​ដំបូង​នៅ​អឺរ៉ុប​ដោយ​សារ​វីរុស​នេះ​។ នៅ​ក្នុង​របាយការណ៍​ក្រសួង​បាន​និយាយ​ថា ក្នុង​ចំណោម​អ្នកជំងឺ​អុត​ស្វា 3,750​នាក់​ដែល​ព័ត៌មាន​ទទួល​បាន​មាន 120​នាក់ ឬ 3.2% ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ម្នាក់​បាន​ស្លាប់​។ យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ជំងឺ​អុត​ស្វា​ចំនួន 21.148ករណី​នៅ​ទូទាំង​ពិភពលោក​។

វីរុស​ជំងឺ​អុតស្វា​គឺជា​សមាជិក​នៃ​ក្រុម​វីរុស​ដូចគ្នា​ទៅ​នឹង​ជំងឺ​អុតស្វាយ ​ឬ​អុតធំ​ដែរ ទោះបីជា​វា​មិន​ធ្ងន់ធ្ងរ​ក៏ដោយ ហើយ​អ្នក​ជំនាញ​និយាយ​ថា ឱកាស​នៃ​ការ​ឆ្លង​មាន​កម្រិត​ទាប​។ កាលពី​សប្ដាហ៍​មុន អគ្គនាយក​អង្គការ​សុខភាព​ពិភព​លោក លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​ថា ការប្រកាស​ការ​ផ្ទុះ​ឡើង​នៃ​ភាព​អាសន្ន​សុខភាព​សកល​នឹង​ជួយ​ព​ន្លឿ​ន​ការផលិត​វ៉ាក់សាំង និង​ការអនុវត្ត​វិធានការ​ដើម្បី​កំណត់​ការ​រាលដាល​វីរុស​។

លោក​វេជ្ជបណ្ឌិត Tedros និយាយ​ថា ហានិភ័យ​នៃ​ជំងឺ​អុត​ស្វា​មាន​កម្រិត​មធ្យម​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​មាន​កម្រិត​ខ្ពស់​នៅ​អឺរ៉ុប​។ នេះ​គឺជា​ការ​ផ្ទុះឡើង​ដែល​អាច​បញ្ឈប់​បាន​ដោយ​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​។ អង្គការ​សុខភាព​ពិភពលោក​កំពុង​ចេញ​ការណែនាំ​ដែល​សង្ឃឹម​ថា ​នឹង​ជំរុញ​ឱ្យ​ប្រទេស​នានា​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ការ​ចម្លង​វីរុស និង​ការពារ​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​បំផុត​៕