Alynana Media Cambodia
Icon Collap
clinic narit

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រដ្ឋមន្រ្តីការបរទេស​អាស៊ាន ​​អញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខា (TAC)

Admin Alynana | Jul 30, 2022
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រដ្ឋមន្រ្តីការបរទេស​អាស៊ាន ​​អញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខា (TAC)
Clinic narith

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាចាប់ផ្ដើមធ្វើជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន បានទទួលដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន រយៈពេល៨ថ្ងៃ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

ជាក់ស្តែងថ្ងៃនេះឯកឧត្តម ស៊ឹម វីរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ានក្រសួងការងារបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំកិច្ចប្រជុំគណៈកម្មការឧត្តមមន្រ្តីការបរទេសអាស៊ាន ដើម្បីពិភាក្សា និងបញ្ជូនរបៀបវរៈចូលទៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ​និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ រួមមាន​កិច្ចប្រជុំ​គណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ, ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន​ជាមួយ​តំណាង​គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស, រដ្ឋមន្រ្តីការបរទេសអាស៊ាន​លើក​ទី៥៥, សន្និសីទ​ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ​ជាមួយដៃគូសន្ទនារបស់អាស៊ាន, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២៣, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ច​ប្រជុំ​កំពូលអាស៊ី-បូព៌ា លើកទី១២, កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩។

ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ​រដ្ឋមន្រ្តីការបរទេស និង​អគ្គលេខាធិការ​អាស៊ាន ​នឹង​អញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍​ការចូល​ជា​សមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយ​ព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់ ខណៈរដ្ឋមន្រ្តីការបរទេស ​និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួម​ក្នុងកម្មវិធីប្រគល់​ពានរង្វាន់អាស៊ានឆ្នាំ២០២១ផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ នឹងមានកិច្ចប្រជុំត្រីភាគីចំនួន​បីដាច់​ដោយ​ឡែកពីគ្នា រវាងកម្ពុជា ​និងលេខាធិការដ្ឋានអាស៊ាន ​ជាមួយនឹងប្រទេសដៃគូសន្ទនារបស់​អាស៊ាន​ចំនួនបី រួមមាន៖ ប្រទេសន័រវេស ប្រទេសតួកគី និងប្រទេសស្វីស។

ក្រៅពីប្រទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ​និងប្រទេសទាំងប្រាំមួយ ដែលចូលជាសមាជិក​នៃ​សន្ធិសញ្ញាមិត្តភាព ​និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ខាងលើ ប្រទេស​ចំនួនបួនផ្សេងទៀត ​នឹងត្រូវបានអញ្ជើញជាភ្ញៀវនៃប្រធានអាស៊ានឆ្នាំ២០២២ រួមមាន៖ ប្រទេស​ប៉ាពួញូវហ្គីណេ ម៉ារ៉ុក ទីម័រខាងកើត និងអាស៊ែបៃហ្សង់។

យ៉ាងណាក្តី ក្នុងអំឡុងពេលនៃកិច្ចប្រជុំ AMM លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ​និងសហប្រតិបត្តិអន្តរជាតិ រំពឹងថា ​នឹងមានជំនួបទ្វេភាគីមួយចំនួន​ជាមួយ​នឹង​សមភាគី​បរទេស​ផងដែរ៕