Alynana Media Cambodia
Icon Collap
clinic narit

អាយឆាកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះការថ្កោលទោសលើការប្រហារជីវិតសកម្មជនប្រឆាំង៤រូប ដោយរបបយោធាមីយ៉ាន់ម៉ា

Admin Alynana | Jul 30, 2022
អាយឆាកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះការថ្កោលទោសលើការប្រហារជីវិតសកម្មជនប្រឆាំង៤រូប ដោយរបបយោធាមីយ៉ាន់ម៉ា
Clinic narith

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(អាយឆា) ឆ្នាំ២០២២ បានគាំទ្រចំពោះសេចក្តីថ្លែងការណ៍ថ្កោលទោសដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន ពាក់ព័ន្ធនឹងការប្រហារជីវិតលើសកម្មជនចំនួន ៤រូប ដោយរបបយោធាមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ។

ពាក់ព័ន្ធនឹងការប្រហារជីវិតលើសកម្មជនចំនួន ៤រូប ដោយរបបយោធាមីយ៉ាន់ម៉ានេះ ក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់អាយឆា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ អាចនឹងលើកយកមកពិភាក្សា ប្រសិនបើមានការលើកឡើង។ ប៉ុន្តែជាយន្តការរបស់ អាយឆា កាលណាធ្វើការទៅលើរឿងណាមួយ អាស្រ័យលើមានការឯកភាពជាឯកឆ័នពីតំណាងអាយឆាគ្រប់ប្រទេសទាំងអស់ជាមុនសិន ខណៈតំណាងប្រទេសមីយ៉ាន់ម៉ាក៏មានវត្តមានក្នុងកិច្ចប្រជុំនេះផងដែរ។

នេះបើយោងតាមការឱ្យដឹងពី លោកស្រី អ៊ុច និពន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងបណ្តឹង នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាជំនួយការលេខាធិការដ្ឋានអាយឆា តំណាងកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

សូមបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(អាយឆា) ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពិសេសលើកទី១ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមវត្តមាន លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(អាយឆា)។

​កិច្ចប្រជុំនេះនឹងពិនិត្យពិភាក្សា​ពីរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់អាយឆា, សេចក្ដីថ្លែងការណ៍របស់ប្រធានអាយឆាទៅកាន់រដ្ឋមន្រ្តីការបរទេសអាស៊ាន និងកម្មវិធី /សកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣។ ក្រៅពីនេះកិច្ចប្រជុំនេះក៏បានពិភាក្សាទៅលើវឌ្ឍនភាពនៃឯកសារទស្សនទានស្ដីពី​ កម្មវិធីអាទិភាពរបស់អាយឆាឆ្នាំ២០១៩-២០២២ ដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ សិទ្ធិសុខភាព ទឹកស្អាត សិទ្ធិជនជាតិដើមភាគតិច សិទ្ធិជនមានពិការភាព ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ការជួញដូរមនុស្ស និងអំពើហិង្សាប្រឆាំងនារីភេទ​ និងកុមារ ជាដើម។

ក្រោយពីការពិនិត្យ និងកែសម្រួលនៅក្នុងកិច្ចក្រុមជំនួយការនេះ ឯកសារទាំងអស់ខាងលើ នឹងត្រូវដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់អាយឆា ដើម្បីពិនិត្យ​ និងអនុម័ត៕