Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមបាល់បោះរទេះនារីរបស់កម្ពុជា ឈ្នះមេដាយមាស ក្នុងការប្រកួត អាស៊ានប៉ារ៉ាហ្គេមជាលើកដំបូង

Admin Alynana | Aug 01, 2022
ក្រុមបាល់បោះរទេះនារីរបស់កម្ពុជា ឈ្នះមេដាយមាស ក្នុងការប្រកួត អាស៊ានប៉ារ៉ាហ្គេមជាលើកដំបូង
Clinic narith

ភ្នំពេញ៖ កាលពីរសៀលថ្ងៃអាទិត្យទី ៣១ ខែកក្កដា កន្លងទៅថ្មីៗនេះ ក្រុមកីឡាការនីបាល់បោះរទេះ កម្ពុជា បានដណ្តើមយកមេដាយមាស ក្រោយប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុមកីឡាការនីថៃ ដោយលទ្ធផល ៧-៥។

ការប្រកួត​ អាស៊ាន ប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ ២០២២ នេះ បាននិងកំពុងប្រព្រឹត្តទៅនៅភាគកណ្តាលនៃកោះចាហ្វា ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ៦ ខែសីហា។ ក្នុងព្រឹត្តិការណ៍កីឡា អាស៊ាន ប៉ារ៉ាហ្គេមលើកទី១១នេះ មានវិញ្ញាសាប្រកួតសរុបចំនួន ១៤ វិញ្ញសា រួមមាន យូដូ, វាយសី, វាយកូនឃ្លីលើតុ, អុក, បាញ់ធ្នូរ, អត្តពលកម្ម, បូស្យា(Boccia),  កីឡាលើកទម្ងន់, ហែលទឹក, តេននីសលើកៅអីកង់, បាល់បោះលើកៅអីកង់,  ហ្គោលបល, បាល់ទាត់, និងបាល់ទះអង្គុយ។ កីឡាទាំង១៤ប្រភេទនេះ បាននឹងកំពុងធ្វើការប្រកួតនៅ១៤ទីតាំងផ្សេងៗគ្នា នាទីក្រុង សូឡូ, ការ៉ានហ្គាន់យ៉ា, ស៊ូកូហារជូ និង សេម៉ារ៉ាង។

ក្នុងការប្រកួត អាស៊ានប៉ារ៉ាហ្គេម នេះ មានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន១១ប្រទេស រួមមាន ប៊្រុយណេ, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ និងប្រទេសឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះដែរ ចំនួនមនុស្សចូលរួមសរុប មាន ២,៣០៩ នាក់ដែលក្នុងនោះមាន កីឡាករ-កីឡាការនីចំនួន ១,៦៤៨ នាក់ និងគណៈប្រតិភូសរុប ចំនួន ៦៦១ នាក់។

គួរបញ្ជាក់ផងដែរថា សម្រាប់កម្ពុជាយើងផ្ទាល់ បានបញ្ជូនកីឡាករ-កីឡាការនី ១១៥នាក់ ដើម្បីចូលរួមប្រកួតលើ ១១ប្រភេទកីឡា​ អមដោយ ប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន ៥នាក់ ក្រោមការដឹកនាំរបស់ ឯ.ឧ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

កីឡា ប៉ារ៉ាហ្គេម គឺជាប្រភេទកីឡាដែលកែច្នៃ ដើម្បីលើកទឹកចិត្តដល់ជនដែលមានពិការភាព ដើម្បីមានឱកាសកម្សាន្ត និងបញ្ចេញសមត្ថភាពរបស់ខ្លួន។ ចំណែក អាស៊ាន ប៉ារ៉ាហ្គេម បង្កើតឡើងដើម្បីពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពជាធ្លុងមួយ ក្នុងចំណោម ប្រជាជនដែលមានពិការភាព៕