វ៉ាស៊ីនតោន ឌីស៊ី៖ កាលពីថ្ងៃច័ន្ទទី ១ ខែសីហា នេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកបានសម្លាប់ មេដឹកនាំ ក្រុម អាល់កៃដា មានឈ្មោះថា អៃម៉ាន អាល ហ្សាវ៉ាហ៊ិរី ដែលជាកំពូលភេរវជនមួយរូប និងត្រូវបានគេសង្ស័យថា ជាមេគំនិតម្នាក់ដែរក្នុងការវាយប្រហារ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០០១។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បាននិយាយថា ហ្សាវ៉ាហ៊ិរី ត្រូវបានសម្លាប់ នៅវ៉េរ៉ង់ដា នៃផ្ទះមួយខ្នង ក្នុងក្រុង កាប៊ុល ដោយទ័ពដ្រូន ខណៈពេលដែលមិនមានទ័ពអាមេរិកណាម្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះទេ។ មន្ត្រីដដែលនោះបានបន្តទៀតថា “វត្តមានរបស់ ហ្សាវ៉ាហ៊ិរី នៅក្រុងកាប៊ុល គឺជាការបំពានជាក់ស្តែង មួយ លើកិច្ចព្រមព្រៀង រវាង តាលីបង់ និង អាមេរិក នៅ ដូហា ក្នុងឆ្នាំ ២០២០ ដែលពេលនោះ អាមេរិក ព្រមដកខ្លួនចេញពីអាហ្វហ្គានីស្ថាន”។
ហ្សាវ៉ាហ៊ិរី ជាអតីតគ្រូពេទ្យយោធាជនជាតិអេហ្ស៊ីបម្នាក់ ដែលបានធំឡើងក្នុងគ្រួសារដ៏កក់ក្តៅមួយនៅ ខៃរ៉ូ (Cairo) មុនពេលដែលគាត់ក្លាយជា ភេរវជន អស់រយៈពេលជាង ២០ ឆ្នាំមកនេះ គិតចាប់តាំងពីព្រឹត្តិការណ៍ វាយប្រហារ ១១កញ្ញានៅសហរដ្ឋអាមេរិក ដែលពេលនោះ មនុស្សជាង ៣,០០០នាក់ បានបាត់បង់ជីវិត។ ហ្សាវ៉ាហ៊ិរី បានឡើងគ្រប់គ្រងក្រុមអាល់កៃដា បន្ទាប់ពី អូសាម៉ា ប៊ិនឡាដិន ត្រូវបានធ្វើឃាតដោយទ័ពអាមេរិកនៅ ប៉ាគីស្ថាន កាលពីឆ្នាំ ២០១១។
ដកស្រង់ពីប្រភព៖ Channel news asia