(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២នេះ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទដេប៉ូខ្សាច់ចំនួន ៧ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចក្រអង្រែក្រោម និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
លោក ស៊ុយ សេរិទ្ធ បានបញ្ជាក់ថា ការចុះបិទដេប៉ូខ្សាច់ទាំងនេះ ធ្វើឡើងទៅតាមបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឲ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកឲ្យប្រជាពលរដ្ឋធ្វើដំណើរ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ និងប្រព័ន្ធលូ ជាដើម។
លោក ស៊ុយ សេរិទ្ធ ក៏បានបញ្ជាក់ផងដែរថា អាជីវកម្មទាំងនេះ គឺត្រូវបិទទាំងស្រុងតែម្តង ពោលគឺមិនទុកឲ្យដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយរាល់រចនាសម្ព័ន្ធដែលខូចខាត ដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ ២ ផ្លូវ ៦០ ម៉ែត្រ និងផ្លូវ ៣០ ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែ កើបដីខ្សាច់ចេញពីថ្នល់ និងធ្វើការជួសជុលឡើងវិញទាំងលូ និងផ្លូវ។
លោកបានបញ្ជាក់បន្ថែមថា ទីតាំងដេប៉ូខ្សាច់ខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ និងបានណែនាំឲ្យពួកគេមានម៉ាស៊ីនលាងកង់រថយន្ត និងដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្ចាស់អាជីវកម្ម នៅតែរអនុវត្តមិនបានល្អ ទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។
ចំណែកលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យដឹងដែរថា នៅព្រឹកថ្ងៃទី ៨ ខែសីហានេះអាជ្ញាធរថ្នាក់រាជធានី ថ្នាក់ខណ្ឌ និងសង្កាត់ បានចុះផ្អាកអាជីវកម្មដេប៉ូខ្សាច់ ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលទីតាំងដេប៉ូខ្សាច់ខាងលើបង្ក ការខូចខាតផ្លូវ ជ្រុះខ្សាច់ ព្រមទាំងបង្កឲ្យខូចខាតលូបង្ហូរទឹកទៀតផង។
លោក ជា សុខៃ បានបន្តថា ព្រោះតែម្ចាស់ដេប៉ូខ្សាច់ ប្រើប្រាស់រថយន្តខ្នាតធំមកដឹកជញ្ជូនខ្សាច់ បង្កឲ្យខូចខាតផ្លូវជាតិលេខ ២សឹងគ្រប់កន្លែង។ បើទោះម្ចាស់ដេប៉ូ បានធ្វើការជួសជុលផ្លូវឡើងវិញក៏ដោយ តែដោយសារការជួសជុលមិនបានល្អបង្កឲ្យខូចខាតទៅវិញ មិនបានប៉ុន្មានថ្ងៃផង។ លោក ចៅសង្កាត់បានបញ្ជាក់ថា ទីតាំងដេប៉ូខ្សាច់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងទឹកដីខណ្ឌមានជ័យនេះ គឺសង្កាត់ចាក់អង្រែលើមាន ៤ទីតាំង និងសង្កាត់ចាក់អង្រែក្រោមមាន ៣ទីតាំង។
កាលពីសប្តាហ៍មុននេះដែរ កម្មុជាថ្មីបានចុះផ្សាយព័ត៌មាន ស្តីពី ការខូចខាតផ្លូវជាតិលេខ ២ មុខអតីតរោងចក្រកាត់ដេរ (តាកហ្វាត) ដែលមានទីតាំងស្ថិតនៅខាងជើង សាលាសង្កាត់ចាក់អង្រែលើ ដែលបង្កឲ្យលំបាកក្នុងកាធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕