(ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះថា បន្ទាប់ពីប្រទេសកម្ពុជាបានកាត់បន្ថយ ក៏ដូចជាលប់ចោលនូវរាល់វិធានការ និងរបាំងនានាដែលមិនចាំបាច់ សម្រាប់កិច្ចសម្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាស ស្របទៅតាមគន្លងប្រក្រតីភាពថ្មី និងស្ថានភាពជាក់ស្តែង ធ្វើឲ្យមានការកើនឡើងជាលំដាប់ នៃចំនួនចរាចរណ៍អ្នកដំណើរ និងចំនួនចរាចរណ៍យន្តហោះ (ចំនួនជើងហោះហើរ) នេះជាសញ្ញាមួយដែលបង្ហាញថា កម្ពុជាកំពុងត្រលប់ទៅរកគន្លងកំណើន ឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺជាបណ្តើរៗហើយ។
លោកបញ្ជាក់ថា បើពិនិត្យឃើញថា ចរាចរណ៍អ្នកដំណើរ (ចំនួនអ្នកដំណើរតាមផ្លូវអាកាស) សរុបនៅគិតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២២ (ពីខែមករា ដល់ខែ កក្កដាឆ្នាំ២០២២) នេះមានចំនួន ៩០៨,០៥៩ នាក់ កើនឡើងជិត៥០០ភាគរយ បើធៀបនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ២០២១ តែនៅធ្លាក់ចុះ៧៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកក្កដា ឆ្នាំ២០១៩ (ខែកក្កដា ឆ្នាំ២០២២ ខែធៀបនឹងកក្កដា ឆ្នាំ២០១៩)។
ចំពោះចរាចរណ៍យន្តហោះ(ចំនួនការចុះចត និងការហោះឡើង) មានចំនួនសរុប១២,៥៥០ជើង គិតមកដល់បំណាច់ខែកក្កដាឆ្នាំ២០២២ (ពីខែមករា ដល់ខែកក្កដាឆ្នាំ២០២២) មានការកើនឡើងជាង១១០ភាគរយ បើធៀបនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ២០២១ ប៉ុន្តែនៅធ្លាក់ចុះ៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកក្កដា ឆ្នាំ២០១៩ មុនពេលមានវិបត្តិកូវីដ-១៩ (ខែកក្កដា ឆ្នាំ២០២២ ធៀបនឹងខែកក្កដា ឆ្នាំ២០១៩)។
ចំពោះការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៣៤,៥៤៧តោន គិតមកដល់បំណាច់ ខែកក្កដា ឆ្នាំ២០២២ (ខែមករា ដល់ខែកក្កដា ឆ្នាំ២០២២)នេះ តែមានការថយចុះ៤.៤៣ភាគរយ ធៀបនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ២០២១។
មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ថា កំណាត់ផ្លូវហោះហើរដែលនាំមុខជាងគេនោះគឺ កំណាត់ផ្លូវហោះហើររវាង ភ្នំពេញ បាងកក ភ្នំពេញ និងភ្នំពេញ សិង្ហបុរី ភ្នំពេញ។ ដោយក្រុមហ៊ុនអាកាសចរណ៍ជាង៥០% ធៀបទៅនឹងឆ្នាំ២០១៩ ដែលបានធ្វើការធ្វើការហោះហើរតភ្ជាប់ឡើងវិញ៖ នៅឆ្នាំ២០១៩ មានចំនួន ៥១ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសចិនចំនួន១៦ ហើយនៅឆ្នាំ២០២២ (គិតត្រឹមខែកក្កដា ឆ្នាំ២០២២) មានចំនួន២៦ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសចិន ចំនួន៦ក្រុមហ៊ុន។
លោកបញ្ជាក់ទៀតថា ការស្ទុះងើបឡើងវិញនៃចរាចរណ៍តាមផ្លូវអាកាស ក្នុងប្រទេសកម្ពុជានឹងអាចកើតមានឡើងស្មើនឹងចំនួនចរាចរណ៍ឆ្នាំ២០១៩ នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ស្របទៅតាមនិន្នាការនៃការស្ទុះងើបឡើងវិញរបស់ពិភពលោក ប្រសិនបើគ្មានអ្វីប្រែប្រួលទេ។
របាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ទេសចរអន្តរជាតិចូលមកកម្ពុជា មានចំនួនសរុប៥០៦,៧៦២នាក់ កើនឡើង ៣៩៤.១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៨៤.៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។
ភ្ញៀវទេសចរចូលកម្ពុជា តាមផ្លូវអាកាសមានចំនួន៤៤០,៦៣៧នាក់ កើនឡើង ៤២០.៣% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងថយចុះ -៨៩.៨% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។ ប្រភពទីផ្សារ មានមកពីប្រទេសចិន សហរដ្ឋអាមេរិក ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី កូរ៉េ ថៃ បារាំង សិង្ហបុរី និងឥណ្ឌា។ ចំណែកផ្លូវគោកមានចំនួន២៦១,៥១៥នាក់ កើនឡើង ៣៥៤.៤% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងថយចុះ -៧០.៨% ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩ និង ផ្លូវទឹកមានចំនួន៤,៦១០នាក់៕