(ភ្នំពេញ)៖ ការនាំចេញផលិតផលកាបូប និងផលិតធ្វើដំណើរ របស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានទឹកប្រាក់សរុប ៨០២លានដុល្លារ ក្នុងឆមាសទី១ កើនឡើង ៥៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តួលេខនេះ ត្រូវបានបង្ហាញដោយ លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមព័ត៌មាន នៅក្នុងពិធីសម្ពោធជាផ្លូវការសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ថ្ងៃទី៦ ខែសីហានេះ ។
ផលិតកាបូប និងវ៉ាលីធ្វើដំណើរ ត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ។ ប៉ុន្តែប្រព័ន្ធអនុគ្រោះនេះ បានអស់សុពលភាពកាលពីចុងឆ្នាំ២០២១ ដែលបច្ចុប្បន្ន អាមេរិកកំពុងពិភាក្សា លើការបន្តសុពលភាពប្រព័ន្ធ GSP នេះ។
ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម គឺជាប្រព័ន្ធមួយដែលប្រទេសអ្នកមាន ផ្តល់ឲ្យសម្រាប់ប្រទេសមានការអភិវឌ្ឍន៍តិចតួច ក្នុងនោះយើងទទួលបានដោយសារប្រទេសយើងមានការអភិវឌ្ឍតិចតួច តែមិនមែនទីផ្សារធំៗទាំងនោះ បានផ្តល់គ្រប់មុខទំនិញនោះឡើយ។
ការនាំចេញសំលៀកបំពាក់របស់កម្ពុជាចូលទៅទីផ្សារអាមេរិក គឺមិនទទួលបានការអនុគ្រោះពាណិជ្ជកម្មនោះទេ ដោយការនាំចូលផលិតផលនេះ បានបង់ពន្ធក្នុងរង្វង់ប្រមាណ ១២ ទៅ ១៩% ដោយក្នុងនោះកម្ពុជាទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម តែកាបូប ផលិតផលធ្វើដំណើរប៉ុណ្ណោះ បច្ចុប្បន្នផលិតទាំងនោះ បានកំពុងចូលរួមចំណែកដល់ការបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជាអាមេរិក ដូច្នេះប្រព័ន្ធ GSP ក៏បានរួមចំណែកយ៉ាងច្រើនដល់ការនាំចេញទំនិញរបស់កម្ពុជាផងដែរ។
លោកឧកញ៉ា លី ឃុនថៃ មានប្រសាសន៍ថា ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានកំណើនខ្ពស់ជាងគេ នៅក្នុងចំណោមទីផ្សារសំខាន់ៗដ៏ទៃទៀត ដោយកម្ពុជារំពឹងថា អាមេរិកគឺជាទីផ្សារសក្តានុពលសម្រាប់ការនាំចេញរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត៕