(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានសំដែងក្តីបារម្ភអំពីការធ្លាក់ចុះការបញ្ជាទិញ ពីបណ្តាប្រទេសលោកខាងលិច ដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ចម្បងរបស់កម្ពុជា បន្ទាប់ពីសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានរាយការណ៍អំពីការធ្លាក់ចុះនិងការកែប្រែនៅក្នុងកិច្ចសន្យាបញ្ជាទិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា ដែលបណ្ដាញព័ត៌មាន (LNN) ទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានលើកឡើងថា បរិយាកាសសកលដែលមិនស្ថិរភាព និងភាពទំនងកាន់តែខ្លាំងឡើង នៃការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងបណ្តាប្រទេស លោកខាងលិច ដែលមានអ្នកបញ្ជាទិញសម្លៀកបំពាក់ធំៗបំផុតមួយចំនួន របស់កម្ពុជា បានបណ្តាលឲ្យមាន «ក្តីបារម្ភធ្ងន់ធ្ងរអំពីស្ថានភាពនាំចេញសម្រាប់ឆមាសទី២»។ លោកថា សមាជិកមួយចំនួន ក្នុងចំណោម «សមាជិកជាច្រើន» ដែលបានរាយការណ៍អំពីការធ្លាក់ចុះ និងការកែប្រែនៅក្នុងការបញ្ជាទិញ បានស្នើសុំដំបូន្មានពីក្រុមការងារច្បាប់របស់សមាគម អំពីនីតិវិធីសម្រាប់ការព្យួរផលិតកម្មដោយផ្នែក។
លោក លូ បានបញ្ជាក់ថា សមាគមកំពុងធ្វើការ «សិក្សាវាស់ស្តង់ធំមួយក្នុងចំណោមសមាជិកទាំងអស់» ដើម្បីវាស់ស្តង់ស្ថានភាពឲ្យបានសុក្រឹតជុំវិញការបញ្ជាទិញ។ លោកបានចង្អុលបង្ហាញថា ឥឡូវនេះនិយោជក «កំពុងប្រឈមថ្លៃពលកម្មខ្ពស់» រួមជាមួយនឹងការបង់ភាគទានទៅរបបសន្តិសុខសង្គម ផ្នែកសោធនសម្រាប់កម្មករនិយោជិតវិស័យឯកជន ដែលគ្រោងអនុវត្តចាប់ពីថ្ងៃទី០១ ខែតុលា និងប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យដែលនឹងត្រូវកំណត់ ហើយចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំក្រោយ។
លោកបន្តថា «ការកើនឡើងការចំណាយទ្វេដងនេះ គឺវាធ្ងន់ធ្ងរគ្រប់គ្រាន់ហើយដែលត្រូវបារម្ភ ដោយមិនទាន់និយាយអំពីបញ្ហាដទៃៗទៀត ដូចជាការចំណាយខ្ពស់លើថ្លៃភស្តុភារ និងការចំណាយខ្ពស់ ជាងមុនសម្រាប់អនុលោមភាព ដែលកំពុងកើនឡើង [ជាប្រចាំឆ្នាំ] ដែលធ្វើឲ្យកើនឡើងដោយសារការទាមទាររបស់អ្នកបញ្ជាទិញ»។ លោកបានទឡ្ហីករថា ខណៈកំណើនការនាំចេញជាធម្មតា ត្រូវបានចាត់ទុកថាមានលក្ខណៈវិជ្ជមាន តួលេខនេះអាចធ្វើឲ្យមានការភាន់ច្រឡំ ហើយគិតថាជាចំណូលសុទ្ធរបស់អាជីវកម្ម បន្ទាប់ពីការចំណាយទាំងអស់ត្រូវបានកាត់។
ជាឧទាហរណ៍ មានតែ៣៩ភាគរយនៃក្រុមហ៊ុន ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ដែលទទួលបានប្រាក់ចំណេញកាលឆ្នាំមុន ៤៣ភាគរយខាត ខណៈ១៨ភាគរយរួចខ្លួន។ លោកបានថ្លែងយ៉ាងដូចនេះ ដោយយោងទៅលើការសិក្សាមួយ របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន(JETRO)។ លោកថា «នេះគឺពហុវិស័យនៅក្នុងកម្មន្តសាល។ នឹងមានភាគរយកាន់តែទាបជាងនេះទៀត ប្រសិនបើសម្លឹងមើលជាក់លាក់លើវិស័យរបស់យើង។ ហើយកម្ពុជាគឺស្ថិតនៅក្រោម៦០%នៃមធ្យមភាគតំបន់»។
លោកបានផ្តល់ជាយោបល់ថា តទៅមុខទៀត កម្ពុជាត្រូវតែចាត់វិធានការសកម្មជាមុននិងប្រុងប្រយ័ត្នចំពោះបញ្ហាដែលអាចធ្វើឲ្យមានសម្ពាធការចំណាយច្រើនជាងមុនទៅលើក្រុមហ៊ុន។ លោកបានបន្ថែមថា យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរឆ្នាំ២០២២ ២០២៧ ដែលត្រូវបានដាក់ចេញកាលពីខែមីនា ត្រូវតែ «ដើរតាមឲ្យបានលឿន ដើម្បីការពារមិនឲ្យមាន ការធ្លាក់ចុះ ដែលមានលក្ខណៈពិតណាស់»។
យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ មានចំនួន៦.៦ពាន់លានដុល្លារ កើនឡើង៤០ភាគរយ ពីចំនួន៤.៧២ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ផលិតផលធ្វើដំណើររួមមាន៖ វ៉ាលី កាបូបស្ពាយក្រោយ កាបូបយួរដៃ កាបូបលុយ និងផលិតផលស្រដៀង៕