ខេត្តរតនគិរី៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបណ្តាលឲ្យទឹកទន្លេស្រែពក និងទន្លេសេសាន បានហក់ឡើងគួរឲ្យកត់សម្គាល់។ដោយឡែកគិតត្រឹមថ្ងៃទី១១ខែសីហាម្សិលម៉ិញ ទន្លេសេសានបានស្រកចុះរកស្ថានភាពដើមវិញ និងទន្លេស្រែពកកំពុងបន្តឡើងក្នុងល្បឿនយឺត។បច្ចុប្បន្នទឹកទន្លេស្រែពកមានកម្ពស់១២.៨២ម៉ែត្រ កម្រិតប្រកាសអាសន្ន ១២.៥០ម៉ែត្រ ក្នុងនោះបានបណ្តាលឲ្យជន់លិចនៅតាមទីតាំងទំនាបបង្កផលប៉ះពាល់ដល់ពលរដ្ឋប្រមាណ១០៨គ្រួសារ ដំណាំកសិកម្ម ៧៣៥ហិកតា និងផ្លូវគមនាគមន៍ ២,៣៩០ម៉ែត្រ។ក្នុងស្ថានភាពនេះអាជ្ញាធរកំពុងគៀងគរ និងអន្តរាគមន៍ជម្លៀសពលរដ្ឋមួយចំនួនដែលប៉ះពាល់ខ្លាំង ព្រមទាំងទ្រព្យសម្បត្តិ សត្វពាហនៈឡើងមកទីទួលសុវត្ថិភាពដែលបានរៀបចំដោយអាជ្ញាធរ។
ជាមួយគ្នានេះដែរ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ឯកឧត្តមញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តបានអញ្ជើញចុះពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់បណ្តាលមកពីទឹកជំនន់ទន្លេស្រែពក ស្រុកលំផាត់។
- ទឹកជំនន់លិច ចំនួន ១ស្រុកគឺស្រុកលំផាត់មាន ៣ឃុំ ស្មើនឹង ១០ភូមិ ដែលប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ១០៨គ្រួសារ ស្មើនឹងមនុស្ស ៤១៨នាក់។
- ផ្ទះសម្បែងសរុប ចំនួន ២៩ខ្នង។
- ដំណាំកសិកម្ម ៧៣៥ហិកតា ក្នុងនោះមាន៖ សន្ទូង/ពង្គ្រោះ ចំនួន ២៤២ហិកតា និងដីចម្ការ និងដំណាំរួមផ្សំ ចំនួន ៤៩៣ហិកតា។
- ផ្លូវលំ ចំនួន ៦កន្លែង ស្មើនឹង ១.៨៦០ម៉ែត្រ ផ្លូវកៅស៊ូ ១កន្លែង ស្មើនឹង ៣០ម៉ែត្រ ផ្លូវបេតុងចំនួន ១កន្លែង ស្មើនឹង ២០០ម៉ែត្រ និងលូ ១០កន្លែង៕
បើទោះជារៀងរាល់ឆ្នាំនៅរដូវវស្សាទឹកទន្លេតែងតែឡើងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេក៏ដោយ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ ហើយវាតែងតែប៉ះពាល់ធ្ងនធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជន។ ហេតុដូចនេះ ក្នុងនាមអាជ្ញាធរត្រូវតែទទួលខុសត្រូវលើសុវត្ថិភាពពលរដ្ឋ តាមរយៈផ្សព្វផ្សាយដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន និងអន្តរាគមន៍ជម្លៀសឡើងមកទីទួលសុវត្ថិភាពដែលបានរៀបចំ ជាមួយនឹងវិធានការការពារ និងទប់ទល់គ្រោះមហន្តរាយឲ្យកាន់តែមានប្រសិទ្ធភាព។
គួររំឭកផងដែរថា កាលពីថ្ងៃទី ៩ សីហា ក្នុងការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ក៏បានធ្វើសេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកទន្លេមេគង្គ ពិសេសលើដៃទន្លេបី នៃភូមិភាគឦសាន បានលើកឡើងពីការប្រែប្រួលដែលកំពុងកើតមានដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងវិសម្ពាធដែលនឹងក្លាយទៅជាព្យុះទី ៧ ឈ្មោះ មូឡាន (MULAN) ដែលបណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ, ឡាវ, វៀតណាម និងកម្ពុជាមានភ្លៀងធ្លាក់ច្រើនក្នុងអាទន្លេមេគង្គ។
ដោយស្ថានភាពបែបនេះ អាចនឹងធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើងខ្លាំងក្នុងរយៈ៤ទៅ៥ថ្ងៃនេះ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៨,៤០ម៉ែត្រ, ខេត្ត ក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៩,០០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១២,០០ ម៉ែត្រ។
បើទោះជានៅតាមទន្លេធំៗកម្រិតទឹកដែលហក់ឡើងនៅពេលនេះនៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅឡើយទេប៉ុន្តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលតាមបណ្តាព្រែកមួយចំនួន។ ដោយទទន្ទឹមនឹងនេះ ទឹកទន្លេនៅតំបន់ភាគឦសានរួមមាន ទន្លេសេកុង, ទន្លេសេសាន និងទន្លេស្រែពក កំពុងហក់ឡើងដែលអាចប្រឈមនឹងទឹកជំនន់។ ហេតុដូចនេះ សូមសាធារណជនមេត្តាតាមដាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់។
ដោយ៖សូរីយ៉ា
ប្រភពព័ត៌មាន និងរូបភាព៖ ក្រសួងធនធានទឹក និងឧត្តុនិយម, រដ្ឋបាលខេត្តរតនគិរី