(ភ្នំពេញ) ៖ កម្ពុជា បាននាំចេញកៅស៊ូ ទៅក្រៅប្រទេស ទទួលបានចំណូលសរុប ប្រមាណ ២៥៥លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ។
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា កម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ១៦១ ៥៦២តោនក្នុងរយៈពេល៧ខែនៃឆ្នាំ ២០២២ ធ្លាក់ចុះបន្តិចបន្តួច ០.៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
របាយការណ៍ បាននិយាយថា ព្រះរាជាណាចក្រកម្ពុជា ទទួលបានប្រាក់ចំណូលចំនួន ២៥៤.៨ លានដុល្លារអាម៉េរិកពីការនាំចេញទំនិញក្នុងអំឡុងខែមករាដល់ខែកក្កដាឆ្នាំនេះ ធ្លាក់ចុះ ៦ ភាគរយពី ២៧១ លានដុល្លារក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ឯកឧត្តម ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បាននិយាយនៅក្នុងរបាយការណ៍ថា ជ័រកៅស៊ូមួយតោនមានតម្លៃជាមធ្យម ១ ៥៧៧ ដុល្លារក្នុងអំឡុងពេលប្រាំពីរខែនៃឆ្នាំ ២០២២ បានថយចុះ ៩៥ ដុល្លារ ក្នុងមួយតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ កម្ពុជានាំចេញជ័យកៅស៊ូភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។
ការវិនិយោគពីវិស័យឯកជន បង្កើតរោងចក្រផលិតកង់រថយន្ត ក្នុងក្រុងបាវិត និងក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះ នឹងជួយជំរុញ និងធានាទីផ្សារដល់ជ័រកៅស៊ូក្នុងស្រុក។
របាយការណ៍ បានបន្តថា មកដល់ពេលនេះ កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៤ ០៤៤ ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រកៅស៊ូ ៣១០.១៩៣ ហិកតា ឬ ៧៧ ភាគរយ៕