Alynana Media Cambodia
Icon Collap
clinic narit

សម្ដេច ហ៊ុន សែន ណែនាំឱ្យអ្នកវិនិយោគថៃ ពិចារណា​ធ្វើការ​វិនិយោគលើការផលិតក្រដាសនៅកម្ពុជា

Admin Alynana | Aug 16, 2022
សម្ដេច ហ៊ុន សែន ណែនាំឱ្យអ្នកវិនិយោគថៃ ពិចារណា​ធ្វើការ​វិនិយោគលើការផលិតក្រដាសនៅកម្ពុជា
Clinic narith

ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៦សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​បាន​អនុញ្ញាតឱ្យលោក ករសាក់ ឆៃរ៉ាមីសាក់ (Korsak chairasmisak) ប្រធានគណៈកម្មការ​ប្រតិបត្តិ​ក្រុមហ៊ុន​ស៊ីភីអល (CPALL) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា លោក ករសាក់​បានសាទរ ដែលសម្តេចតេជោបានដឹកនាំកម្ពុជាទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។

ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះលោកករសាក់ដែល​បាន​សម្ដែងការ​សាទរចំពោះការអភិវឌ្ឍនៅកម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនចំពោះលោកករសាក់ផងដែរ ដែលបានផ្ដល់អាហារូបករណ៍ជូនដល់កុមារកម្ពុជាបានទៅសិក្សាល្បែងយុទ្ធសាស្ត្រនៅប្រទេសថៃ ហើយក៏បានណែនាំឲ្យលោកករសាក់បន្តពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា។

ពាក់ព័ន្ធនឹងអាហារូបករណ៍​ល្បែង​យុទ្ធសាស្ត្រនេះ ​សម្ដេច​ក៏បាន​ណែនាំ​ឲ្យពិភាក្សាជាមួយ​ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុន។

ពាក់ព័ន្ធនឹងទិសដៅវិនិយោគ សម្ដេចតេជោ​ក៏បានណែនាំឱ្យ លោក ករសាក់ ឆៃរ៉ាមីសាក់ ពិនិត្យពិចារណា​ធ្វើការ​វិនិយោគលើការផលិតក្រដាសនៅកម្ពុជា ព្រោះថាក្រដាសជាសម្ភារៈដែលត្រូវការចាំបាច់ហើយកំពុងតែមាន​តម្រូវការកើនឡើងជាលំដាប់ និង បានស្នើសុំឱ្យលោកករសាក់ពិនិត្យពិចារណា​លើការ​ពិនិត្យ​បង្កើត​រោងចក្រផលិតជី​ សរីរាង្គ​ព្រោះ​ជាជីមួយ​នេះ​អាច​ប្រើប្រាស់ លើដំណាំដែល​មិន​ប៉ះពាល់​ដល់សុខភាព៕