នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម រួមដំណេីរដោយប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ សហការជាមួយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ និងអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ដោយមានការចូលរួមពីរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចុះពិនិត្យជាក់ស្តែងការជីកប្រឡាយកាត់ក្បាលទំនប់នៃប្រព័ន្ធធារាសាស្ត្រទំនប់កំពង់រាំង ស្ថិតនៅព្រំប្រទល់រវាង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកឆ្លូង ខេត្តក្រចេះ ដែលបានសាងសង់ឡេីងក្នុងសម័យ ប៉ុល ពត និងធ្វេីការជួសជុលស្តារឡេីងវិញដោយក្រសួងធនធានទឹក និងឧតុនិយមនៅឆ្នាំ ២០១១ សម្រាប់ការស្រោចស្រពលេីដីស្រែប្រាំងចំនួន ០៤ឃុំ ក្នុងស្រុកឆ្លូង ព្រមទាំងផ្នែកខ្លះទៀតនៃស្រុកតំបែរ លេីផ្ទៃដីសរុបប្រមាណ ១.០០០ហិកតា។
គោលបំណងនៃបេសកកម្មនេះ គឺដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរទាំងពីរ ចុះពិនិត្យទីតាំងសំណើសុំ សំណង់ទ្វារទឹកចំនួន០២ កន្លែង ដែលជាតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅភូមិកំពង់រាំង និងភូមិស្រែខ្សាច់ ព្រមទាំងដេីម្បីសិក្សាបច្ចេកទេសសលទ្ធភាពធ្វេីសំណង់ទ្វាររំដោះទឹក លេីទំនប់ដែលមានស្រាប់ សម្រាប់បង្ហូរទឹកចេញជួយដោះស្រាយនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក៏ដូចជាសម្រួលដល់ការងារបង្កបង្កេីនផលស្រូវរដូវប្រាំងរបស់ប្រជាកសិករក្នុងតំបន់នោះផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធាន ក៏បានបញ្ជាក់ផងដែរថា ការងារនេះជាប្រយោជន៍រួមអន្តរខេត្ត ដូចនេះអាចសម្រេចទៅបានទាល់តែមានកិច្ចសហការពីប្រជាពលរដ្ឋក្នុងតំបន់ រដ្ឋបាលគ្រប់ជាន់ថ្នាក់ រួមទាំងមន្ទីរទាំងពីរ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ។
នាពេលរសៀលថ្ងៃដដែល ឯកឧត្តមអគ្គនាយក ព្រមទាំងក្រុមការងារ ក៏បានបន្តចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកទន្លេមេគង្គ និងប្រព័ន្ធធារាសាស្រ្តមួយចំនួន រួមមាន៖
១.ស្ពានកំពង់រាំង ព្រំប្រទល់ខេត្តក្រចេះ និងខេត្តកំពង់ចាម
២.ប្រព័ន្ធធារាសាស្ត្រទំនប់សេដា ស្ថិតក្នុងឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលអាចស្រោចស្រពផ្ទៃដីស្រែប្រាំងប្រមាណ ៣៥០ហិកតា និងជាផ្លូវគមនាគមន៍សម្រាប់ប្រជាកសិករដឹកកសិផល។
៣.ស្ថានីយ៍បូមទឹក ហ៊ុន សែន ទី៥១ និងផ្លូវក្រវាត់វាងក្រុង ស្ថិតក្នុងទីរួមខេត្តក្រចេះ ដេីម្បីបូមរំដោះទឹកភ្លៀងពីទីរួមខេត្តក្រចេះ ជាពិសេសផ្សារក្រចេះ ទម្លាក់ទៅបឹងរំលាច។
៤.ស្ថានីយ៍ជលសាស្ត្រវាស់កម្ពស់ទឹកទន្លេមេគង្គ ស្ថិតក្នុងទីរួមខេត្តក្រចេះ។
គិតចាប់តាំងពីដើមឆ្នាំ រហូតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ ខេត្តក្រចេះទទួលបានបរិមាណទឹកភ្លៀងសរុបប្រមាណ ១.៣០០មីល្លិម៉ែត្រ ចំណែកកម្រិតកម្ពស់ទឹកអតិបរមានៅស្ថានីយជលសាស្ត្រទន្លេមេគង្គ-ក្រចេះគឺ ១៩ម៉ែត្រ (ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២)។ ស្ថិតនៅកម្រិតកម្ពស់ទឹកនេះ ទឹកបានហូរចូលព្រែកធំចំនួន០៥ និងគ្រប់ព្រែកតូចៗទាំងអស់ទូទាំងខេត្តក្រចេះ។ ជារួមស្ថានភាពទឹកនៅតាមបណ្តាទីតាំងសំខាន់ៗក្នុងខេត្តក្រចេះ មិនទាន់ហក់ឡើងដល់កម្រិតគួរឲ្យព្រួយបារម្ភនៅឡើយនោះទេ។ បន្ថែមពីលេីនេះផងដែរ ឯកឧត្តមអគ្គ និងក្រុមការងារ ក៏បានផ្តាំផ្ញេីដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ត្រូវចុះមកពិនិត្យស្ថានីយ៍ជលសាស្ត្រនីមួយៗឲ្យបានទៀងទាត់ និងសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ ដោយបង្កេីតគ្រុបក្រុមការងារ ក្នុងការចែករំលែកនូវព័ត៌មាន ដេីម្បីអាចគ្រប់គ្រងស្ថានការនានាបានទាន់ពេលវេលាផងដែរ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម