Alynana Media Cambodia
Icon Collap
clinic narit

រលកកម្តៅបានបង្ខំឲ្យរោងចក្រជាច្រើននៅចិនផ្អាកដំណើរការ និងការប្រឈមនឹងហានិភ័យអតិផរណា

Media LNN | Aug 17, 2022
រលកកម្តៅបានបង្ខំឲ្យរោងចក្រជាច្រើននៅចិនផ្អាកដំណើរការ និងការប្រឈមនឹងហានិភ័យអតិផរណា
Clinic narith

ប្រភព៖ ស៊ីអិនអិន

រដ្ឋបាលខេត្តស៊ីឈ័ន បានបញ្ជាឲ្យរោងចក្រទាំងអស់បិទទ្វាររយៈពេល៦ថ្ងៃដើម្បីកាត់បន្ថយកង្វះថាមពលក្នុងតំបន់ ដោយសារតែកើនឡើងខ្លាំងនៃរលកកម្តៅស្ទើរទូទាំងប្រទេស។ ខេត្តស៊ីឈ័នគឺជាទីតាំងសំខាន់ក្នុងការផលិតគ្រឿងសម្ភារៈឧបករណ៍ សម្រាប់ផ្គត់ផ្គង់ដល់ ឧស្សាហកម្មផលិតឧបករណ៍អគ្គិសនីពាក់កណ្តាលចម្លង (Semiconductor)ជាឧបករណ៍សំខាន់ក្នុងការផលិតបន្ទះឈីប  និង ឧស្សាហកម្មផ្ទាំងសូឡា។ ជាមួយគ្នានេះ កង្វះថាមពលនឹងធ្វើឲ្យប៉ះពាល់ដល់ រោងចក្រជាកម្មសិទ្ធរបស់ក្រុមហ៊ុនគ្រឿងអេឡិកត្រូនិកធំៗរបស់ពិភពលោកមួយចំនួនដូចជា ក្រុមហ៊ុន អេបផល AAPL និង​អ៊ីនថេល Intel (INTC)

ខេត្តនេះក៏ជាតំបន់ជីកយក លីចូម សំខាន់របស់ប្រទេសចិន ដែលនេះជាវត្ថុធាតុដើមសំខាន់ដើម្បីផលិតថ្មពិល និងថ្មអាគុយឡានអគ្គិសនី ហើយការផ្អាកដំណើរការប្រតិបត្តិឧស្សាហកម្មលើកនេះនឹងអាចរុញតម្លៃថ្លៃដើមនៃវត្ថុធាតុដើមជាច្រើន នេះបើតាមសម្តីរបស់អ្នកវិភាគ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនពេលនេះកំពុងប្រឈមមុខនឹងរលកកម្តៅធ្ងន់ធ្ងរដែលមិនធ្លាប់មានក្នុងរយៈពេលជាង៦០ឆ្នាំចុងក្រោយនេះ។ រលកសីតុណ្ហភាពបានឡើងដល់ ៤០ អង្សារសេនៅទីក្រុងដែលធ្លាក់ទឹកកកភាគច្រើន។ អាកាសធាតុក្តៅខ្លាំងនេះបានជម្រុញឲ្យមានតម្រូវការកើនឡើងខ្លាំងនៃម៉ាស៊ីនត្រជាក់តាមផ្ទះ និងការិយាល័យដែលនាំឲ្យមានការដាក់សម្ពាធបន្ថែមទៅលើផ្នែកថាមពល។ ភាពរាំងស្ងួតក៏បានជះឥទ្ធិពលមិនល្អដល់កម្រិតទឹកទន្លេ ការធ្លាក់ចុះខ្លាំងនៃកម្ពស់ទឹកទន្លេធ្វើឲ្យប៉ះពាល់ដល់ការផលិតថាមពលអគ្គិសនីដោយប្រើកម្លាំងទឹក។

ស៊ីឈ័ន គឺជាខេត្តដែលធំជាងគេក្នុងប្រទេសចិន​ដែលមានប្រជាជនចំនួន ៨៤ លាននាក់។ យោងតាម សេចក្តីប្រកាសបន្ទាន់ ដែលបានចេញនៅថ្ងៃអាទិត្យដោយរដ្ឋបាលគ្រប់គ្រងខេត្ត បានប្រកាសដល់ទីក្រុងចំនួន ១៩ ក្នុងចំណោមក្រុងទាំង២១នៃខេត្តនេះឲ្យធ្វើការផ្អាកផលិតកម្មរបស់រោងចក្រទាំងអស់ក្នុងក្រុងទាំង១៩នេះរយៈពេល៦ថ្ងៃ គឺថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍។ ក្នុងសេចក្តីប្រកាសនោះក៏បញ្ជាក់ដែរថា ការសម្រេចចិត្តនេះគឺដើម្បីធានាឲ្យបាននូវលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ថាមពលប្រើប្រាស់ចាំបាច់សម្រាប់លំនៅដ្ឋាន។

ខេត្តភាគខាងត្បូងមួយនេះក៏ជា ប្រភពវារីអគ្គិសនីសំខាន់របស់ប្រទេសចិនផងដែរ ហើយវាត្រូវបានគម្រាមកំហែងដោយអាកាសធាតុក្តៅខ្លាំង និងភាពហួតហែងតាំងពីខែកក្កដាមកម៉្លេះ។ តែចាប់ពីថ្ងៃទី ៧ ខែសីហាមក អាកាសធាតុរឹតតែឡើងខ្លាំងដល់កម្រិតដែលខ្ពស់មួយមិនធ្លាប់ក្នុងរយៈជាង៦ទសវត្សកន្លងមកនេះ។ ហើយកម្រិតទឹកភ្លៀងជាមធ្យមក៏បានធ្លាក់ចុះជាង៥១% បើប្រៀបធៀបកាលពីឆ្នាំមុនៗ។

ក៏មានការប្រកាសមួយកាលពីសប្តាហ៍កន្លងទៅថា នឹងមានការបិទភ្លឺបំភ្លឺទីក្រុងក្នុងពេលយប់នៅក្រុង លូចូវ ដែលជាខេត្តមួយនៃខេត្តស៊ីឈ័ននេះ ដើម្បីជាការសន្សំថាមពល និងកាត់បន្ថយសម្ពាធដល់កម្លាំងថាមពលអគ្គិសនី។

ខេត្តស៊ីឈ័ន គឺខេត្តដែលសម្បូរទៅដោយធនធានរ៉ែសំខាន់ៗដូចជា លីចូម និងប៉ូលីស៊ីលីកូន ដែលសុទ្ធសឹងជាវត្ថុធាតុដើមសំខាន់នៅក្នុង សូឡាហ្វូតូវ៉ុលតិក និងឧស្សាហកម្មផលិតគ្រឿងអេឡិកត្រូនិកជាច្រើនទៀត។ ក្រុមហ៊ុនអន្តរជាតិផលិតសមាសធាតុសំខាន់ ដូចជាឧបករណ៍ពាក់កណ្តាលចម្លង Semiconductor ជាច្រើនមានរោងចក្រផលិតនៅខេត្តនេះ រួមមាន Texal Instruments (TXN), Intel, Onsemi, and Foxconn។ រោងចក្រផលិត ថ្មពិលដ៏ធំរបស់ចិន CATL ដែលជាអ្នកផ្គត់ផ្គង់អាគុយអគ្គិសនីឲ្យក្រុមហ៊ុន តេស្លា ក៏មានរោងចក្រមួយនៅក្នុងតំបន់នេះដែរ។

អ្នកវិភាគ Daiwa Capitalបាននិយាយថា “ស្ថានការណ៍មួយនេះអាចចាត់ទុកជាការជូនដំណឹងដល់អតិថិជនទាំងអស់ឲ្យបានជ្រាបជាមុនថា ការផ្អាកដំណើរការរោងចក្រទាំងនេះក្នុងរយៈពេល១សប្តាហ៍នឹងអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ ប៉ូលីស៊ីលីកូន និង លីចូម ហើយនឹងអាចធ្វើឲ្យតម្លៃថ្លៃដើមកាន់តែឡើងខ្ពស់បន្ថែមទៀត”។

ក្រុមហ៊ុនចិនជាច្រើនបានធ្វើការព្រមានទុកជាមុនថា ផលិតកម្មរបស់ពូកគេអាចនឹងមានផលប៉ះពាល់ដោយសារតែកាត់ផ្តាច់ថាមពលនៅខេត្តស៊ីឈ័ន ដោយក្រុមហ៊ុនទាំងនោះរួមមាន Sichuan Haowu Electromechanical ជាក្រុមហ៊ុនផលិតគ្រឿងបង្គំរថយន្ត និងក្រុមហ៊ុន Sichuan Lutianhua ជាក្រុមហ៊ុនផលិតជី និងផលិតផលគីមីផ្សេងៗ។

ក្រៅពីខេត្តស៊ីឈ័ន ខេត្តសំខាន់ៗផ្សេងទៀតរបស់ចិន ដូចជាខេត្ត ជាំងស៊ូ, អានហួយ និងខេត្តជឺជាំង ក៏បានជំរុញឲ្យពាណិជ្ជករ និងប្រជាជន ធ្វើការសន្សំសំចៃថាមពលប្រើប្រាស់តាមមូលដ្ឋានរបស់ខ្លួនដោយសារតែរលកកម្តៅនឹងធ្វើឲ្យថាមពលអគ្គិសនីមានការថយចុះ។

នៅតំបន់មួយចំនួន តាមការិយាល័យជាច្រើនបានទទួលបញ្ជាឲ្យតម្លើងសីតុណ្ហភាពម៉ាស៊ីនត្រជាក់របស់ខ្លួនខ្ពស់ជាង២៦អង្សារ ឬ ខ្លះទៀតត្រូវបញ្ជាឲ្យផ្អាកដំណើរយន្តត្រឹមជាន់ទីបីចុះក្រោមដើម្បីធ្វើការសន្សំថាមពលអគ្គិសនី។

ហានិភ័យអតិផរណា ៖ អាកាសធាតុក្តៅខ្លាំងហួសហេតុក្នុងប្រទេសចិនបែបនេះ ក៏បានផ្តល់ផលមិនល្អដល់ទិន្នផលដំណាំជាច្រើនតាមតំបន់នានាក្នុងប្រទេស ហើយនេះកាន់តែបន្ថែមសម្ពាធលើបញ្ហាអតិផរណាដែលកំពុងកើតឡើងស្រាប់កាលពីខែកន្លងមក។

លោក ហ្វូ លីងហួយ អ្នកនាំពាក្យនៃការិយាល័យជាតិនៃស្ថិតិបានមានប្រសាសន៍ក្នុងសន្នសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទក្នុងក្រុងប៉េកាំងថា “ដោយរងផលប៉ះពាល់ដោយសារការឡើងកម្តៅជាបន្តបន្ទាប់នៅតំបន់ជាច្រើន បានធ្វើឲ្យតម្លៃបន្លែស្រស់បានកើនឡើង ១២.៩% ដែលនេះជាអត្រាខ្ពស់មួយបើធៀបនឹងអំឡុងពេលដូចគ្នាពីឆ្នាំមុនៗ”។

លោក លីងហួយ បានចង្អុលបង្ហាញផងដែរថា កម្តៅក្តៅខ្លាំងបានធ្វើឲ្យមានភាពរាំងស្ងួតដល់តំបន់កសិកម្មមួយចំនួននៅភាគខាងត្បូង។ ដោយឡែក ភ្លៀងធ្លាក់ និងទឹកជំនន់នៅភាគខាងជើងប្រទេសក៏បានធ្វើឲ្យខូចខាតផលដំណាំជាច្រើនដែរ។

លោកបានបន្ថែមថា “ខែសីហា និង ខែកញ្ញា គឺជាពេលសំខាន់ក្នុងការបង្កបង្កើនផលដំណាំនារដូវរំហើយ។ ដូចនេះយើងត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះគ្រោះធម្មជាតិនានា, ក៏ដូចជាសត្វល្អិត និងជំងឺផ្សេងៗដែលអាចបំផ្លាញដល់ការផលិតស្បៀងអាហារក្នុងប្រទេសរបស់យើង”។

ប្រែសម្រួលដោយ៖ សូរីយ៉ា