Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
KW
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe

ក្រសួងសាធារណការ គ្រោងសាងសង់ចំណតផែ​កុងតឺន័រថ្មី លំដាប់អន្តរជាតិនៅក្រុងព្រះសីហនុ

Admin Alynana | Aug 17, 2022
ក្រសួងសាធារណការ គ្រោងសាងសង់ចំណតផែ​កុងតឺន័រថ្មី លំដាប់អន្តរជាតិនៅក្រុងព្រះសីហនុ

 ក្រសួងសាធារណការ និងដឹកជញ្ជូននឹងចាប់ផ្តើមសាងសង់ចំណតផែកុងតឺន័រថ្មីមួយ ជម្រៅទឹក ១៤,៥ ម៉ែត្រ ប្រវែង ៣៥០ ម៉ែត្រ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥ ដើម្បីធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗលំដាប់អន្តរជាតិ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនូវកំពង់ផែ Port EDI កាលពីព្រឹកថ្ងៃទី១៧ ខែសីហានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក ១៤,៥ ម៉ែត្រ ប្រវែង ៣៥០ ម៉ែត្រ ដើម្បីធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ ម៉ឺនតោន ឬស្មើនឹង ៩៣ ភាគរយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកទេសរដ្ឋមន្ត្រីបានបន្តថា ចំណតផែកុងតឺន័រថ្មីជម្រៅទឹក ១៤,៥ ម៉ែត្រនេះនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែមួយនេះនាពេលអនាគត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តទៀតថា ក្រោយការសាងសង់ចំណតផែថ្មីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់អន្តរជាតិ ដែលនឹងទទួលបរិមាណកុងតឺន័រឆ្លងកាត់លើសពី ១ លាន TEUs ក្នុងមួយឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅមករបស់កម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៃប្រទេសជិតខាង។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា លើសពីនេះទៀត ចំណតកំពង់ផែនេះ គឺជាច្រកសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ក្នុងការដោះដូរទំនិញ ផលិតផល កសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារ តំបន់ និងអន្តរជាតិ ដោយបានតភ្ជាប់ជាមួយផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្លូវដែក ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងដាក់ដំណើរការបណ្តោះអាសន្ននៅដើមខែតុលា ឆ្នាំ២០២២ខាងមុខ។

លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្លាប់បានមានប្រសាសន៍ថា ការសាងសង់ចំណតកំពង់ផែ ដែលមានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤,៥ ម៉ែត្រ ក្នុងជំហានទី១ ក្រោមគម្រោងប្រើប្រាស់ហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ JICA អាចនឹងចាប់ផ្តើមសាងសង់នៅដើមក្នុងឆ្នាំ ២០២៣ ហើយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥៕