Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសភ្ញៀវ​ទេសចរណ៍​មកពីសហគមន៍អឺរ៉ុប មានចំនួនល្អប្រសើរ ​បានកើនឡើងជាបណ្តើរៗវិញហើយ

Admin Alynana | Aug 18, 2022
កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសភ្ញៀវ​ទេសចរណ៍​មកពីសហគមន៍អឺរ៉ុប មានចំនួនល្អប្រសើរ ​បានកើនឡើងជាបណ្តើរៗវិញហើយ
Clinic narith

(​ភ្នំពេញ)៖ កម្ពុជាបានទទួលការកក់សំបុត្រសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសភ្ញៀវ​ទេសចរណ៍​មកពីសហគមន៍អឺរ៉ុប មានចំនួនល្អប្រសើរ ​បានកើនឡើងជាបណ្តើរៗវិញហើយ សម្រាប់វិសម្សកាល ​នៅក្នុងរដូវកាល​ High Season ដែលនឹងឈានចូលមកដល់ក្នុង​ពេលខាង​មុខនេះ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ​លើកឡើង​នៅថ្ងៃ ១៨ ខែសីហា ឆ្នាំ២០២២នេះថា ​ស្របពេលដែលកម្ពុជាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ ១៩ បាន​ល្អប្រសើរ ​និងស្របពេល​ពិភព​លោក​មានភាព​ស្ងប់ស្ងាត់​ជាងមុន​ នៅ​ក្នុងរដូវកាលហៃស៊ីសិន (High Season) ដែល​នឹងឈានមកដល់ចាប់ពីខែចុងខែ​ កញ្ញាខាងមុខ​ ដែលភ្ញៀវទេសចរណ៍អន្តរជាតិ ជា​ពិសេសភ្ញៀវទេសចរណ៍មកពីអឺរ៉ុបជាដើម តែង​តែ​បញ្ជាកក់សំបុត្រ ប្រទេសដែលជាគោលដៅ​ទេសចរណ៍​របស់ពួកគេ, ក្នុងនោះ​សម្រាប់កម្ពុជា​ដែលជាប្រទេសគោលដៅ​ដ៏​ល្អប្រសើរប្រកប​ដោយភាព​ទាក់ទាញ នៅក្នុងដំណាក់កាលនេះ ​សង្កេតឃើញថា ភ្ញៀវទេសចរណ៍​បរទេស បានចាប់​ផ្តើមកក់សំបុត្រចូលមកទស្សនាកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ​ជាបណ្តើរៗហើយ ដោយមាន​ចំនួនកើនឡើងល្អប្រសើរ ស្របពេលជើងហោះហើរ ​ក៏មានចំនួនកើនឡើងបន្តិចម្តងៗ ដែល​ធ្វើឲ្យកម្ពុជា ចាប់ផ្តើមស្រូបយកចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ​កាន់តែច្រើនឡើងៗ ។

គួររំលឹកថា ​សម្រាប់ឆមាសទី១ ឆ្នាំ២០២២ នេះ ​កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិចំនួន​ប្រមាណ​ជាង ៥០ ម៉ឺននាក់ ​កើនទ្បើងជាង ៣៩៤% ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈភ្ញៀវទេសចរណ៍​ផ្ទៃក្នុង​ ក៏មានការកើនឡើង​ប្រមាណជិត ៤០០%។

ក្រសួងទេសចរណ៍ ក៏បានខិតខំផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្ដល់ភាព​កក់ក្ដៅ» ចូលរួមរៀបចំពិព័រណ៍វប្បធម៌ទេសចរណ៍ រៀបចំដំណើរទស្សនកិច្ចរបស់ប្រតិភូអន្តរជាតិ បង្កើត​ព្រឹត្តិការណ៍​កីឡាទេសចរណ៍​ ទេសចរណ៍ការ៉ាវ៉ាន់ (Caravan Tour) ផ្សព្វផ្សាយផ្លូវទស្សនា​កម្ពុជា (Cambodia Road Show)។ ក្រៅពីការសិក្សាពីការរៀបចំកញ្ចប់​ទស្សនកិច្ចពិសេស​នៅ​ខេត្តសៀមរាបនេះ ​ក្រសួងទេសចរណ៍ក៏ត្រៀមរៀបចំព្រឹត្តិការណ៍​ទេសចរណ៍ផ្សេងទៀតដែរ៕