ចិន៖ អាជ្ញាធរចិនបានប្រញាប់ប្រញាល់ បង្កើតភ្លៀងសិប្បនិម្មិត ក្នុងខេត្តមួយចំនួន នៅភាគកណ្តាល និងភាគនិរតី ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ និងរលកកម្តៅដ៏វែងបំផុតជាកំណត់ត្រា រយៈពេលជាង ២ ខែ។
ផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងរលកកម្តៅនេះ នាំឱ្យទន្លេ Yangtze ដែលជាទន្លេវែងជាងគេ នៅអាស៊ី មានកម្រិតទឹក ក្នុងពេលខ្លះ ធ្លាក់ទាបបំផុតជាប្រវត្តិសាស្ត្រ ខណៈពេលដែលទឹកភ្លៀងធ្លាក់តិចខុសពីប្រក្រតីជាងពាក់កណ្តាល។
ខេត្តជាច្រើននៅជុំវិញទន្លេ Yangtze ដូចជាខេត្ត Hubei បានបាញ់រ៉ុក្កែត ដែលផ្ទុកសារធាតុគីមីចូលទៅក្នុងពពក ដើម្បីបង្កឱ្យមានភ្លៀងធ្លាក់បន្ថែមទៀត តែដោយសារតំបន់ខ្លះ មានពពកតិចតួច ធ្វើឱ្យការប្រឹងប្រែង ក្នុងការធ្វើឱ្យមានភ្លៀងសិប្បនិម្មិតជួបនឹងការលំបាក។
ជាមួយគ្នានេះ រលកកម្តៅ ដែលបានបណ្តាលឱ្យសីតុណ្ហភាព នៅតំបន់ជាច្រើន ឡើងលើសពី ៤០ អង្សាសេ នាំឱ្យមានការប្រើប្រាស់ម៉ាស៊ីនត្រជាក់កាន់តែច្រើនឡើង ហើយបរិមាណនៃការប្រើប្រាស់អគ្គិសនី ក្នុងរយៈពេលនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយបង្កឱ្យមានការតឹងតែងខ្លាំងលើការផលិតថាមពល ក្នុងតំបន់ជាច្រើន និងការដាច់ចរន្តអគ្គិសនី នៅតាមបណ្តាខេត្តមួយចំនួន ដែលនាំឱ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់។
នៅខេត្តស៊ីឈួន (Sichuan) ដែលមានសីតុណ្ហភាពលើសពី ៤០ អង្សាសេ អាជ្ញាធរមូលដ្ឋាន ស្នើឱ្យការិយាល័យរដ្ឋាភិបាលទាំងអស់ ក្នុងខេត្ត បើកម៉ាស៊ីនត្រជាក់នៅសីតុណ្ហភាពមិនទាបជាង ២៦ អង្សាសេ ដើម្បីសន្សំសំចៃអគ្គិសនី ហើយសុំឱ្យបុគ្គលិកប្រើជណ្តើរ ជំនួសឱ្យជណ្តើរយន្ត ប្រសិនបើអាចធ្វើទៅបាន។
ចំណែកឯនៅទីក្រុង Dazhou ដែលមានប្រជាជនប្រហែល ៥,៤ លាននាក់ ត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មាន ការដាច់ចរន្តអគ្គិសនី ទូទាំងក្រុង រយៈពេលជាង ៣ ម៉ោង។
លើសពីនេះ គេបានឃើញផងដែរថា រោងចក្រជាច្រើន ត្រូវបង្ខំឱ្យកាត់បន្ថយផលិតកម្ម ឬបញ្ឈប់ប្រតិបត្តិការ ដែលជាផ្នែកនៃវិធានការសង្គ្រោះ-បន្ទាន់ នៅតាមបណ្តាខេត្តមួយចំនួន ដើម្បីផ្លាស់ប្តូរការផ្តោតជាសំខាន់លើការផ្គត់ផ្គង់អគ្គិសនីដល់អ្នកប្រើប្រាស់ ក្នុងគ្រួសារ៕